ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) និង​អង្គការ SPTF សហការ​គ្នា​​បង្កើន​ការ​ការពារ​អតិថិជន ដើម្បី​ពង្រឹង​ការ​អនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​បរិយាប័ន្ន, ​ការ​គ្រប់គ្រង​ហានិភ័យ​ និង​បង្កើន​ការ​ការពារ​អតិថិជន ​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ទីផ្សារ​រយៈពេល​វែង។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​​​ពង្រឹង​កិច្ច​គាំពារ​អតិថិជន​នៅ​ក្នុង​វិស័យ​សេវា​ហិរញ្ញវត្ថុ​កម្ពុជា​ រវាង CMA និង​អង្គការ SPTF កាល​ពី​ថ្ងៃទី​ ២២ ខែ​កក្កដា លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ថា កិច្ច​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ដាក់​ចេញ​ស្រប​ពេល​ដែល Smart Campaign ឈាន​ដល់​ទី​បញ្ចប់ ហើយ​​​​នឹង​ជំនួស​វិញ​ដោយ​កិច្ច​សហប្រតិបត្តិការ​ជាមួយ SPTF-CERISE ក្នុង​ដំណើរ​ដ៏​សកម្ម​បន្ត​ទៅ​មុខ។

លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​​នៃ​ស្ថាប័ន​ទាំង​ ២ នឹង​ដើរ​តួនាទី​​ក្នុង​កិច្ច​​​ការ​ជំរុញ និង​អនុវត្ត​​ស្តង់ដា​ការពារ​អតិថិជន​ថ្មី​របស់ SPTF-CERISE ក៏​​ដូច​ជា​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ផង​ដែរ។

លោក​​ថ្លែង​​​ថា៖​ «​តាមរយៈ​អនុស្សរណៈ​​នេះ​សកម្មភាព​ធំៗ​ជា​អាទិភាព​ ៥ នឹង​ត្រូវ​អនុវត្ត​ ដែល​រួម​មាន​ការ​ធ្វើ​ឱ្យ​មាន​ភាព​​ស៊ី​ចង្វាក់​គ្នា​រវាង​ក្រម​ប្រតិបត្តិ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ស្តង់ដា​ការពារ​អតិថិជន​របស់ SPTF-CERISE, ការ​បណ្តុះបណ្តាល និង​បក​ប្រែ​នូវ​គោលការណ៍​ការពារ​អតិថិជន, ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ត្រៀម​សម្រាប់​ការ​គ្រប់គ្រង​បេសកកម្ម​សង្គម, បកប្រែ​សៀវភៅ​ណែនាំ​ស្តង់ដា​សកល​សម្រាប់​ការ​គ្រប់គ្រង​ការ​អនុវត្ត​សង្គម និង​បរិស្ថាន​ (USSEPM) និង​តាម​ដាន សម្រប​សម្រួល និង​តស៊ូ​មតិ»។

លោក Nitin Madan នាយក​ផ្នែក បរិយាប័ន្ន​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ប្រចាំ​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ SPTF បាន​និយាយ​ថា ភាព​ជា​ដៃគូ​ថ្មី ដែល​មាន​តែ​ ១ និង​ដំបូង​គេ​នេះ​នឹង​បង្កើត​ជា​ផែនទី​ចង្អុល​ផ្លូវ​នាំ​ដល់​​ការ​រីក​ចម្រើន​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ស្ថិរភាព​ហិរញ្ញវត្ថុ និង​កិច្ច​គាំពារ​អតិថិជន​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ក៏​ដូច​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​មូល​ផង​ដែរ។

លោក​ថ្លែង​​​ថា៖​ «​សមាគម និង​សមាជិក​​របស់​ខ្លួន​ក៏​អាច​ដាក់​ពាក្យ​ស្នើសុំ​សហហិរញ្ញប្បទាន​សម្រាប់​អនុវត្ត និង​ពង្រឹង​សមត្ថភាព​លើ​ការ​អនុវត្ត​បរិយាប័ន្ន​ហិរញ្ញវត្ថុ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ចំណោម​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

លោក គិត សុវណ្ណារិទ្ធ អគ្គ​នាយករង​ត្រួត​ពិនិត្យ​ទី១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ការ​រីកចម្រើន​​​នៃ​កម្រិត​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​តាមរយៈ​កំណើន​នៃ​ការ​ប្រើប្រាស់​សេវា​ឥណទាន ប្រាក់​បញ្ញើ និង​​សេវា​ទូទាត់ ​ក៏​​នៅ​មាន​បញ្ហា​ចម្បងៗ​ដែល​បាន​ និង​កំពុង​រាំង​ស្ទះ​ដល់​ការ​បន្ត​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ ការ​ជំរុញ​កម្រិត​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការ​ពង្រឹង​​កិច្ច​ការពារ​អតិថិជន​ផង​ដែរ។

លោក​​​បន្ថែម​ថា ការ​ប្ដឹង​តវ៉ា​ពី​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មក​លើ​គ្រឹះស្ថាន​​មួយ​ចំនួន​ចំពោះ​ការ​ប្រព្រឹត្ត​មិន​ស្រប​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ, ការ​រឹបអូស​ទ្រព្យ​ធានា​ដោយ​បង្ខំ និង​ការ​ឃោសនា​ពាណិជ្ជកម្ម​ដែល​លើស​ពី​ការ​ពិត​ជាដើម​​ បាន​បណ្ដាល​ឱ្យ​សាធារណ​ជន​បាត់បង់​ជំនឿ​ចិត្ត​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ និង​ជ្រើសរើស​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវ​ការ​ជំនួស​វិញ ដែល​​អាច​នាំ​ពួក​គាត់​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ឬ​ខាត​បង់​​ទ្រព្យសម្បត្តិ​ដោយ​ការ​បោកប្រាស់​ពី​ជន​ខិលខូច​មួយ​ចំនួន ដែល​​បញ្ហា​ទាំង​នេះ​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​​ត្រូវ​រួម​គ្នា​ដោះស្រាយ​ជា​ចាំបាច់។

លោក​បាន​អះអាង​​ថា៖ «ក្នុង​ន័យ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ស្ថាប័ន SPTF បន្ត​តាមដាន និង​វាយតម្លៃ​ជា​ប្រចាំ​ទៅ​លើ​គ្រឹះស្ថាន​ដែល​បាន​ទទួល​ការ​ចាត់​ថ្នាក់​ដោយ​ស្ថាប័ន ដើម្បី​ធានា​ពី​ស្ថិរភាព​នៃ​ការ​អនុវត្ត​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ»។

បើ​តាម​​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​ ២០២២ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប ៨ ៣៥៥​ លាន​ដុល្លារ ដល់​អតិថិជន​​ជិត ២​ លាន​នាក់ ខណៈ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ទាំង ៥ មាន​ចំនួន​ជាង ២,៦ ​លាន​នាក់ ដោយទទួល​បាន​ដាក់​ប្រាក់​បញ្ញើ​​ជាង​ ៤ ៤០០ លាន​ដុល្លារ ហើយ​ទិន្នន័យ​នេះ​នៅ​មិន​ទាន់​បាន​បញ្ចូល​ធនាគារ​នៅ​ឡើយ​ទេ៕