ភ្នំពេញៈ កម្ពុជា​បាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា «Cambodian Tourism Roadshow» នៅ​ប្រទេស​វៀតណាម​យ៉ាង​ជោគជ័យ ខណៈ​វៀតណាម​នឹង​រៀបចំ​កម្មវិធី​ដូចគ្នានេះ​នៅ​កម្ពុជា នា​ខែ​តុលា​ខាងមុខ ដើម្បី​ជំរុញ​ឱ្យមាន​រំហូរ​ទេសចរ និង​ជំរុញ​កំណើន​ទេសចរ​រវាង​ប្រទេស​ទាំង​ ២​។

នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី ​២០ ខែកក្កដា ឆ្នាំ​ ២០២២ លោក ថុក សុខុម អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ជួបពិភាក្សា​ជាមួយ​លោក Ha Van Sieu អនុប្រធាន​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ដោយ​ការពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​កិច្ចការ​មួយចំនួន​ក្នុងនោះ​ភាគី​ទាំង​ ២​ ក៏បាន​លើកឡើង​ជុំវិញ​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា «Cambodian Tourism Roadshow» និង​ប្រកាស​ប្រាប់​ប្រជាជន​វៀតណាម​ពី​ការបើក​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​, ការធ្វើដំណើរ​បើកបរ​ដោយ​ខ្លួនឯង​ (Self-driving tour) ​ពី​ច្រកព្រំដែន​អន្តរជាតិ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ទន់​-​រឹង​ជាច្រើន​នៅ​ទិសនិរតី​ ដើម្បី​តភ្ជាប់​ការធ្វើ​ដំណើរ ជំរុញ​ចលនា​ភ្ញៀវទេសចរ​ពី​ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង ទៅ​ខេត្ត​គៀងយ៉ាង និង​ទីក្រុង​កាន់ធើ ជាដើម​។

លោក ថុក សុខុម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទាំង​មន្ត្រី​ទេសចរណ៍ និង​ប្រតិបត្តិករ​ទេសចរណ៍​របស់​វៀតណាម មាន​ការចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ដោយ​ពួកគេ​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យនេះ និង​មាន​គម្រោង​មក​រៀបចំ​កម្មវិធី Tourism Roadshow នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​បន្ថែមថា ភាគី​ទាំង​ ២ នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការតភ្ជាប់​តាមផ្លូវ​គោក​ទឹក និង​ផ្លូវអាកាស ជាពិសេស​ដើម្បី​តភា្ជប់​រវាង​ខេត្ត​ដែល​នៅជាប់​ព្រំដែន​ជាមួយ​គ្នា សម្រួល​ដល់​ការធ្វើ​ដំណើរ​តាម​ច្រកព្រំដែន​អន្តរជាតិ និង​ការផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​វែង​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទេសចរណ៍​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​។

លោក​ប្រាប់ថា​៖ «​ក្នុង​កម្មវិធី Cambodian Tourism Ro-adshow នៅ​វៀតណាម យើង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន ដោយ​ក្រៅពី​ការទាក់​ទាញ​ទេសចរ​វៀតណាម​មក​កម្ពុជា​ក៏មាន​អ្នកវិនិយោគ​វៀតណាម​មួយចំនួន​មានបំណង​ចង់​មក​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​ផងដែរ​ដូចជា ក្រុមហ៊ុន​ផលិត​កាហ្វេ និង​កែច្នៃ​អាហារ​សមុទ្រ​ជាដើម​»​។

លោក​បន្តទៀត​ថា ដើម្បី​បន្ត​ទាក់ទាញ​ទេសចរ​ពី​វៀតណាម កម្ពុជា​នឹង​ចូលរួម​ការតាំង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ «International Travel Expo (ITE HCMC)2022» ចាប់ពី​ថ្ងៃទី​ ៦-១១ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ខណៈ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា «Cambodia Night» នៅ​សណ្ឋាគារ​រិស នៅ​វៀតណាម នា​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០២២ ព្រមទាំង​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​មេគង្គ​ចាប់ពី​ថ្ងៃទី​ ១១-១៤ ខែតុលា ឆ្នាំ​ ២០២២ នៅ Hoi An ប្រទេស​វៀតណាម​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី ឱ្យ​ដឹងថា ការផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា Cambodian Tourism Ro-adshow របស់​កម្ពុជា​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ពិសេស​ក្នុងប្រទេស​វៀតណាម​ជា​ការបង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មីៗ​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទេសចរ​មកពី​វៀតណាម​ស្ថិតនៅ​លេខ​ ២ បន្ទាប់ពី​ប្រទេស​ចិន ដូចនេះ​កម្ពុជា មិនអាច​មើលរំលង​បាន​។ យើង​រំពឹងថា វៀតណាម​នឹង​បើកទូលាយ​ដូច​កម្ពុជា​ដែរ ហើយ​រំពឹង​ថា នឹង​មាន​កំណើន​ទេសចរ​ច្រើន​ពី​ប្រទេស​ជិត​ខាង​យើង​នេះ​»​។

បើតាម​ក្រសួង​ទេសចរណ៍​កម្ពុជា វៀតណាម និង​ថៃ​បាន​ដាក់​ចេញរួច​មកហើយ​នូវ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​សេដ្ឋកិច្ច​កម្ពុជា វៀតណាម ថៃ ឬ​ហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុង​នោះ​ក៏មាន​ការជំរុញ​ចលនា​ភ្ញៀវទេសចរ​ពីគ្នា​ទៅវិញ​ទៅមក​ផងដែរ​៕