ភ្នំពេញៈ ស្ថានភាព​ការវិនិយោគ​នៅ​កម្ពុជា​នៅក្នុង​រយៈពេល ​៥​ ខែ​ដើមឆ្នាំ​ ២០២២ បាន​ងើប​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយមាន​គម្រោង​វិនិយោគ​ឯកជន​ (​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​) ចំនួន​ ៦៣ ​គម្រោង​ត្រូវបាន​អនុម័ត ដែល​ស្មើនឹង​ទុនវិនិយោគ​សរុប ២,៣​ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ​ជាង ៥២ ​ពាន់​នាក់​។

បើ​យោងតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​សប្តាហ៍​មុន គឺ​ចាប់ពី​ខែមករា-​ឧសភា ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​បាន​បង្ហាញ​ពី​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច ជាក់ស្តែង​គម្រោង​វិនិយោគឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បាន​ការអនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​មាន​ចំនួន ៦៣​ គម្រោង កើនឡើង ១៨ ​គម្រោង ដែល​មាន​ទុនវិនិយោគ​សរុប ២,៣ ​ពាន់​លាន​ដុល្លារ កើន​ ១៨៣,១ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ គម្រោង​ទាំង​ ៦៣ អាចបង្កើត​ការងារ​បាន​ប្រមាណ ៥២​ ពាន់​នាក់​កើនឡើង ៧០,៣ ​ភាគរយ​។

ក្រសួង​សេដ្ឋកិច្ច​បាន​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​រំពឹងថា​នឹង​បន្ត​និន្នាការ​កើនឡើង​នៅក្នុង​ឆ្នាំ​ ២០២២ ដែល​បន្ត​គាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃ​តម្រូវការ​សកល បើទោះបី​រង​ការប៉ះទង្គិច​ពី​ការ​ផ្ទុះឡើង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​យ៉ាងណាក្តី​។ ទន្ទឹមនេះ ការសម្រេច​បាន​នូវ​អត្រា​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ និង​ការបើក​ប្រទេស​ឡើងវិញ​បាន​អនុញ្ញាត​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ​ជា​បណ្តើរ​ហើយ​។

ក្រសួង​បាន​បញ្ជាក់​ថា​៖ «​បើទោះបី​កម្ពុជា​ទទួល​ឥទ្ធិពល​ដោយ​ប្រយោល​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ក៏ដោយ ក៏​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច គឺមាន​ទំហំ​តូច​ប៉ុណ្ណោះ ដោយ​ហេតុថា ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា​ជាមួយ​ប្រទេស​ទាំង​ ២ ​មាន​កម្រិត​ទាប​»​។

ក្រាហ្វិក​បង្ហាញ​ថា ក្នុង​ចំណោម​ទុនវិនិយោគ​សរុប​ទាំង ២,៣ ​ពាន់​លាន​ដុល្លារ គឺមាន​ភាគច្រើន​ស្ថិតក្នុង​វិស័យ​សេវាកម្ម​តាម​ពីក្រោយ​ដោយ​វិស័យ​ឧស្សាហកម្ម​, ថាមពល​, ទេសចរណ៍​, និង​កសិកម្ម​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ពី​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តាំងពី​ឆ្នាំ ​២០២០ កំពុង​បង្ហាញ​ចេញ​លទ្ធផល​វិជ្ជមាន​ជា​បណ្តើរៗ​ហើយ​ជាក់ស្តែង​នៅពេលនេះ​មិន​ត្រឹមតែ​ចង្វាក់​ផលិតកម្ម​ក្នុងប្រទេស​អាច​ដំណើរការ​បាន​ពេញលេញ​វិញ និង​ឆាប់រហ័ស​បើ​ធៀប​ទៅនឹង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំនួន​នៃ​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​បរទេស​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏​កំពុង​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ​។

លោក​បន្ថែមថា ក្រៅពី​លក្ខណៈ​អំណោយផល​ក្នុងស្រុក កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី និង​មាន​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន​សម្រាប់​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ទាំងអស់នោះ​ក្នុង​លក្ខខណ្ឌ​អនុគ្រោះ​ទៀតផង​។

លោក​បាន​ថ្លែងថា​៖ «​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា គឺ​បញ្ជាក់ថា កម្ពុជា​កំពុង​ក្លាយជា​កន្លែង​ផលិត និង​នាំចេញ​-​នាំចូល​ទំនិញ​មួយ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ចំនួន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ច្រើន​ថែមទៀត​នៅពេល​ខាងមុខ​»​។

កាលពី​ថ្ងៃទី​ ២១ ខែកក្កដា ថ្មីៗ នេះ ស្ថាប័ន Standard & Poor (S&P) ដែលជា​ភ្នាក់ងារ​វាយតម្លៃ​សកល​បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​ របស់​កម្ពុជា​នឹង​មាន​កំណើន ៦,៣ ​ភាគរយ​នៅ​ឆ្នាំនេះ ដែល​ខ្ពស់ជាង​ការព្យាករ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងៗ​ទៀត ដូចជា​ធនាគារ​ពិភពលោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជាដើម​។ ស្ថាប័ន​នេះ​បាន​លើកឡើង​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា គឺជា​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​ដែល​ជួយ​សម្រួល​ដល់​ការបើក​ដំណើរការ​ឡើងវិញ និង​ជំរុញ​ការវិនិយោគ​បរទេស​ឡើងវិញ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កត្តា​ស្ថិរភាព​នយោបាយ​, សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ និង​មានតម្លៃ​សមរម្យ​, អត្រា​នៃ​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ខ្ពស់​, និង​មាន​ទីផ្សារ​អន្តរជាតិ​ធំៗ បានធ្វើឱ្យ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា​។ ការបណ្តាក់ទុន​នៅ​កម្ពុជា​នៅពេល​នេះ គឺមាន​លក្ខណៈ​ចម្រុះ​លើ​គ្រប់​វិស័យ ដោយ​មិនមែន​ភាគច្រើន​តែ​ក្នុង​វិស័យ​កាត់ដេរ​ដូច​មុន​នោះទេ​។

លោក​បាន​អះអាង​ថា​៖ «​នៅពេល​មានការ​បណ្តាក់ទុន​ចម្រុះ​វិស័យ​កាន់តែ​ច្រើន វា​នឹង​ធ្វើឱ្យ​ចន្ទល់​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រឹងមាំ និង​មាន​ទីផ្សារ​នាំចេញ និង​នាំចូល​កាន់តែច្រើន​។ ការបង្កើត​គម្រោង​ថ្មីៗ​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅ​​ធ្វើការ​នៅក្រៅ​ប្រទេស​ផងដែរ​»​។

ក្នុង​ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​សរុប​ចំនួន ១០៨ ​គម្រោង ធ្លាក់ ៤៦ គម្រោង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដោយមាន​ទុនវិនិយោគ ១ ៧១៩ ​លាន​ដុល្លារ ថយចុះ ៧២,៦ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច​៕