ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​អនុវត្ត​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច​សម្រាប់​យានជំនិះ​ឯកជន ​ដែល​ជាការ​ទទួលខុស​​ត្រូវ​របស់​ប្រតិបត្តិ​ករ​ធានា​រ៉ាប់​​រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គម តាមរយៈ​ការធានា​ជន​​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​

​លោក រស់ សីល​វ៉ា រដ្ឋលេខា​​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ បាន​ថ្លែង​នៅក្នុង​ទិវា​ធានា​​រ៉ាប់រង​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា​ថា ឧស្សាហកម្ម​ធានារ៉ាប់រង​កំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។ វិស័យនេះ​បាន​បន្ត​រីកចម្រើន​យ៉ាងខ្លាំង​ទោះបី​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ក៏ដោយ​។​

​ជាមួយគ្នានេះ​លោក​ឱ្យដឹងថា វិស័យ​ធានារ៉ាប់រង​ក៏បាន​រួម​​ចំណែក​ក្នុង​ការកសាង​ភាព​ធន់​នឹង​វិបត្តិ​ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយ​នានា ពិសេស​វិបត្តិ​សកល​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩ និង​គ្រោះ​មហន្ត​​រាយ​ធម្មជាតិ​។

​លោក​បាន​ថ្លែងថា​៖ «​ដើម្បី​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង​ឱ្យ​កាន់តែ​រីក​​ចម្រើន​បន្ថែមទៀត រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​នឹង​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច​ដែល​វា​ជាការ​ទទួល​​ខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានា​​រ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំ​​ពោះ​សង្គមជាតិ​តាមរយៈ​ការ​​ធានារ៉ាប់រង​ដល់​ជនរងគ្រោះ​ដែល​បង្កដោយ​គ្រោះថ្នាក់​ច​រា​ចរណ៍​នៅតាម​ដងផ្លូវ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពោលគឺ​ឱ្យ​ពួកគាត់​ទទួលបានសំណង​សមស្រប​ណាមួយ​សម្រាប់​ការ​​ព្យាបាល និង​ដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​ផងដែរ​»​។​

​លោក​បន្ថែមទៀតថា​៖ «​ផល​​ប្រយោជន៍​នៃ​ការដាក់ឱ្យ​ដំណើរ​​ការ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច​នេះ នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​សំ​​ណា​ញ់​ការពារ​សុវត្ថិភាព​សង្គម​ឱ្យ​ដើរ​ទន្ទឹមគ្នា​នឹង​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​»​។​

​លោក យក់ ចំរើន​រិ​ទ្ធិ នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង Forte បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២៥ ខែកក្កដា​ថា បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ស្ទើរតែ​ ៩៥​ ភាគរយ​ទៅហើយ​បាន​កំពុង​អនុវត្ត​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច​សម្រាប់​យានយន្ត​ឯកជន​។ លោក​បាន​ស្វាគមន៍​ការដាក់ឱ្យ​ដំណើរការ​នៅពេល​ខាងមុខ​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​យើង​បាន​ត្រៀម​​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការងារ​នេះ ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ គឺ​មិន​ត្រឹមតែ​សម្រាប់​ម្ចាស់​យានយន្ត​ដែល​នឹងត្រូវ​ធានា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផលប្រយោជន៍​សាធារណៈ​ផងដែរ​»​។

លោក​បន្ថែមថា ដើម្បី​ធ្វើដូច្នេះបាន​ក្រុមហ៊ុន​ធានារ៉ាប់រង ត្រូវ​ពង្រីក​សាខា​របស់ខ្លួន​ថែមទៀត ដើម្បី​ចូល​ឱ្យ​កាន់តែ​ជិត​ទៅ​អតិថិជន​។​

​លោក ប៊ូ ចាន់​ភី​រូ អគ្គនាយក​និយតករ​ធានារ៉ាប់រង​កម្ពុជា​បានលើកឡើងថា គិត​ត្រឹម​ខែកក្កដា​នេះ​កម្ពុ​ជាមាន​គ្រឹះស្ថាន​ធានា​​រ៉ាប់រង​ចំនួន ៩៤ ដែល​រួមមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ១៨, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៤, ក្រុមហ៊ុន​មីក្រូ​ធានា​​រ៉ាប់រង​ចំនួន​ ៧, ក្រុមហ៊ុន​ធានា​​រ៉ាប់រង​បន្ត ១, ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធានារ៉ាប់រង​ចំនួន​ ១៨, ក្រុមហ៊ុន​ភ្នាក់ងារ​សាជីវកម្ម​ចំ​​នួន ៣៤, និង​ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានារ៉ាប់រង​ចំនួន ២ ​កំពុងដំណើរការ​នៅ​កម្ពុជា​។​

​ទន្ទឹមនឹង​ការកើនឡើង​ចំនួន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទំហំ​ទីផ្សារ​ធានារ៉ាប់រង​ក៏​កំពុង​រីកចម្រើន​ផងដែរ ដោយ​បុព្វលាភ​សរុប​កើន​ឡើងដល់​ប្រមាណ ៣០០​ លាន​ដុល្លារ កាលពី​ឆ្នាំ ​២០២១ ​ហើយ​អត្រាកំណើន​ជា​មធ្យម​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​មាន​ប្រហែល ២០ ​ភាគរយ​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ទីផ្សារ​ធានារ៉ាប់រង​កម្ពុ​ជាមាន​ទ្រព្យសកម្ម ៩៤៨​ លាន​ដុល្លារ ​ជា​មូលនិធិ​របស់​ម្ចាស់​ហ៊ុន​ចំ​​នួន ៤២៨​ លាន​ដុល្លារ​។​

​លោក​ថ្លែងថា​៖ «​ដោយ​ផ្អែកទៅលើ​អត្រា​ការចូល​ទីផ្សារ​ការធានារ៉ាប់រង​ប្រហែល ១,១១ ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ដង់ស៊ីតេ​ធានារ៉ាប់រង​ប្រហែល​ ១៨,៧៥ ​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ កាលពី​ឆ្នាំ ​២០២១ ដែល​ចំនួន​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា កំ​​ណើ​ន​វិស័យ​ធានារ៉ាប់រង​កម្ពុជា​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​តំបន់ និង​ពិភពលោក ដោយ​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា នៅមាន​ឱកាស​ច្រើន​ទៀត ដើម្បី​ភាព​រីកចម្រើន​»៕