
រូបភាព សហការី
និយតករមូលបត្រកម្ពុជា (SERC) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញគោលការណ៍ណែនាំស្តីពីការបោះផ្សាយសញ្ញាប័ណ្ណបៃតងជាភាសាខ្មែរជាផ្លូវការ ដែលមានគោលបំណងផ្តល់ព័ត៌មាន និងការណែនាំបន្ថែមអំពីរបៀបបោះផ្សាយសញ្ញាប័ណ្ណបៃតងនៅកម្ពុជា ជាពិសេសដើម្បីទាក់ទាញ វិនិយោគិនចេញសញ្ញាប័ណ្ណនៅផ្សារមូលបត្រកម្ពុជា (CSX)។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានថ្លែងក្នុងសិក្ខាសាលាមួយ កាលពីសប្តាហ៍មុនថា SERC កំពុងធ្វើការយ៉ាងសកម្មជាមួយ ធនាគារ ADB ដើម្បីលើកកម្ពស់ការចេញសញ្ញាប័ណ្ណបៃតង សង្គម និងនិរន្តរភាពនៅកម្ពុជា។
លោកថ្លែងថា៖ «យើងប្តេជ្ញាចិត្តថា នឹងលើកកម្ពស់ស្តង់ដាសញ្ញាប័ណ្ណប្រកបដោយនិរន្តរភាព និងដំណើរការបោះផ្សាយនៅកម្ពុជា។ ដោយមានការគាំទ្រពីធនាគារADB យើងអាចចេញគោលការណ៍ណែនាំអំពីការចេញសញ្ញាប័ណ្ណបៃតងជាភាសាខ្មែរ»។
លោកលើកឡើងថា៖ «ខ្ញុំជឿថាគោលការណ៍ណែនាំទាំងនេះនឹងផ្តល់លោកអ្នកនូវព័ត៌មានបន្ថែម និងការណែនាំអំពីរបៀបបោះផ្សាយសញ្ញាប័ណ្ណបៃតងនៅកម្ពុជា»។ លោកបានពន្យល់ថាសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណបៃតង ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន រួមទាំងការលើកទឹកចិត្តពន្ធដែលត្រូវបានអនុម័តកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
លោក សុជាតិ បញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍រំភើប ដែលនិយាយថា យើងមានក្រុមហ៊ុនចេញសញ្ញាប័ណ្ណបៃតងដ៏មានសក្តានុពលជាច្រើនក្នុងសេដ្ឋកិច្ចរបស់យើង។ ដូច្នេះ ខ្ញុំសង្ឃឹមថាទាំងវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនមកបណ្តាក់ទុនលើសញ្ញាប័ណ្ណបៃតង សង្គម និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់។ ជាពិសេស ការប្តេជ្ញាចិត្ត និងការរួមចំណែករបស់លោកអ្នកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកលនឹងលើកកម្ពស់កេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក និងជួយធានាសុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សជំនាន់ក្រោយ»។
លោក Jyotsana Varma នាយកប្រចាំប្រទេសកម្ពុជា នៅធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងនៅក្នុងសិក្ខាសាលានេះថា ធនាគារ ADB ទទួលបានសមិទ្ធផលដ៏ល្អ សម្រាប់ទីផ្សារសញ្ញាប័ណ្ ណGSS នៅក្នុងតំបន់ ហើយកម្ពុជាគឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនៃការអភិវឌ្ឍទីផ្សារមូលធន ហើយធនាគារ ADB មិនទាន់មើលឃើញសញ្ញាប័ណ្ណមូលបត្របៃតងត្រូវបានបោះផ្សាយនៅកម្ពុជាក្រោមស្ដង់ដាសញ្ញាប័ណ្ណ GSS អាស៊ាននៅឡើយនោះទេ។
លោកបញ្ជាក់ថា៖ «យើងជឿជាក់ថា ទីផ្សារមូលធនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតួនាទីកាន់តែធំក្នុងការសម្របសម្រួលការកៀរគរមូលធនឯកជន សម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព ដែលអាចរួមចំណែកដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់អនាគតដ៏រឹងមាំមួយ»។
លោកបានសង្កត់ធ្ងន់ថា ដើម្បីជួយដល់កម្ពុជាក្នុងការសម្រេចបានគោលបំណងទាំងនេះ បច្ចុប្បន្ន ធនាគារ ADB កំពុងផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុនចេញសញ្ញាប័ណ្ណ ដែលបានជ្រើសរើសដែលមានបំណងបោះផ្សាយសញ្ញាប័ណ្ណប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ធនាគារនេះ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ SERC ដើម្បីបង្កើតប្រព័ន្ធអេកូស៊ីស្ដែម ដែលអាចគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា។
លោកបន្តថា៖ «យើងសង្ឃឹមថា សៀវភៅណែនាំនេះនឹងមានប្រយោជន៍សម្រាប់សាជីវកម្មកម្ពុជាដែលកំពុងស្វែងរកការប្រមូលមូលនិធិតាមរយៈទីផ្សារមូលធន ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពរបស់ពួកគេ»៕