
ចំណីសត្វរបស់ក្រុមហ៊ុន ឌឺហឺស្សធីអឹម អេច។ រូបថត De Heus TMH Cambodia
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន ឌឺហឺស្សធីអឹមអេច ១៥ លានដុល្លារ ដើម្បីគាំទ្រដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា ជាពិសេសកាត់បន្ថយលំហូរចេញនៃវត្ថុធាតុដើមកសិកម្មពីកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខាស្តីពី ប្រាក់កម្ចីដើម្បីគាំទ្រដល់ខ្សែចង្វាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា រវាងធនាគាអភិវឌ្ឍន៍អាស៊ី ADB និងក្រុមហ៊ុនឌឺហឺស្សធីអឹមអេច កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅកម្ពុជានៅមានបញ្ហាប្រឈមជាច្រើន ជាពិសេសទាក់ទងនឹងការកែច្នៃវត្ថុធាតុដើម ដោយសារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅថ្លៃជាងប្រទេសជិតខាងបន្តិច ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ២១ ដែលបានបង្កើតរោងចក្រចំនួន ២៣ ផលិតចំណីសត្វផ្គត់ផ្គង់បានជាង ១,២ លានតោន ក្នុង ១ ឆ្នាំ ដែលស្មើនឹង ៥៥ ភាគរយ នៃការផ្គត់ផ្គង់លើទីផ្សារសរុប។
លោកបានបន្ថែមថា ការនាំចូលចំណីសត្វនេះ មានតម្លៃទឹកប្រាក់ប្រមាណ ២០០ ទៅ ៣០០ លានដុល្លារ ត្រូវបាននាំចូលពីប្រទេសជិតខាង ដូចជាថៃ និងវៀតណាមជាដើម។ ការគាំទ្ររបស់ ADB ចំពោះក្រុមហ៊ុនផលិតចំណីសត្វ ឌីហឺស្ស នឹងជួយជំរុញបន្ថែមលើការផលិត និងបំពេញបន្ថែមទៅលើការផ្គត់ផ្គង់។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនឌីហឺស្ស បានប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី។ ដោយមើលបែបនេះ ទើប ADB សម្រេចផ្តល់ឥណទានហិរញ្ញប្បទានដល់ក្រុមហ៊ុន ដើម្បីពង្រីកលទ្ធភាព ក្នុងការបង្កើនការផលិតរបស់ខ្លួនដើម្បីផ្គត់ផ្គង់ការចិញ្ចឹមសត្វ»។
លោក ហ៊ឹង កែវចិត្ត្រា តំណាងក្រុមហ៊ុន ឌីហឺស្ស ធីអឹមអេច បានប្រាប់ឱ្យដឹងថា កម្ចីក្នុងទំហំទឹកប្រាក់ ១៥ លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ជា ២ ដំណាក់កាល ដោយនឹងត្រូវយកទៅវិនិយោគ ក្នុងការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម ដែលរាប់តាំងពីការទិញវត្ថុធាតុដើម រហូតដល់ការកែច្នៃវត្ថុធាតុដើម។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសង្កេតឃើញថា វត្ថុធាតុដើមរបស់យើង តែងតែហូរចេញទៅកាន់ប្រទេស ជិតខាងច្រើននៅរដូវប្រមូលផល ប៉ុន្តែវាក៏ខ្វះខាតទៅវិញ បន្ទាប់ពីប្រមូលផលរួច។ ដូចនេះយើងត្រូវការការគាំទ្របន្ថែម តាមរយៈការផ្តល់ទុន ដើម្បីអាចឱ្យយើងមានលទ្ធភាពក្នុងការប្រមូលទិញផលិតផលទាំងនេះ»។
លោកបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនឹងផ្តល់ការគាំទ្រ និងពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា»។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែចង្វាក់តម្លៃចំណី ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករដំណាំចំណី បសុសត្វ និងត្រី ហើយគាំទ្រសកម្មភាពកសិកម្មដែលមាននិរន្តរភាព និងភាពធន់។
លោកស្រីបានបញ្ជាក់ថា៖ «ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលចំណីសត្វ»៕