ភ្នំពេញៈ ក្រុមហ៊ុន​ មីនីបៀ (Minebea) របស់​ជប៉ុន​បានបង្ហាញ​នូវ​ទំនុក​ចិត្ត​សម្រាប់​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ក្រោយ​ដំណើរការ​រោងចក្រ​របស់ខ្លួន​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មកនេះ​។

នៅក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០២២ លោក​ យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន មីនីបៀ ​បាន​លើកឡើងថា នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំកន្លងមក ក្រុមហ៊ុន​បានដាក់​ទុនវិនិយោគ​សរុប​ប្រមាណ ១ ១២៤ ​ពាន់​លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ៨, ២២២ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ពិភពលោក ដែល​មាន​រោងចក្រ​ប្រមាណ ៩៥​ កន្លែង​។

លោក កៃនូម៉ា បាន​ថ្លែង​បញ្ជាក់​បន្តថា ក្រុមហ៊ុន​របស់​លោក​គឺ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​គុណភាព តម្លៃ សេដ្ឋកិច្ច សេវា​ល្អ និង​ល្បឿនលឿន និង​ជាពិសេស​ទៅទៀត​នោះ គឺ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​បរិស្ថាន​។ លោក កៃនូម៉ា បាន​បញ្ជាក់​បន្ថែមថា​៖ «​ក្រុមហ៊ុន Minebea Cambodia ដែលមាន​រោងចក្រ​របស់​យើង​ផលិត​ភ្លើង​អំពូល​អិលអ៊ីឌី 100% នៅ​កម្ពុជា ហើយ​បាន​នាំចេញ​ទៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក​។

ដោយឡែក នៅ​កម្ពុជា​ក្រុមហ៊ុន​បាន​ដំឡើង អំពូល LED បាន​ចំនួន ១៨៨ ៨០ អំពូល ដែល​ក្នុងនោះ​បាន​ជួយ​ដល់​ការកាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង ការកាត់បន្ថយ​ការសាយភាយ​ឧស្ម័ន​កាបូនិក​ផង ព្រមទាំង​កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី​ប្រមាណ​ ១​ លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​ផងដែរ​។

លោក​ឱ្យដឹង​បន្តទៀតថា ទោះបីជា​មាន​ការរំខាន​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ បន្តិច​មែន ប៉ុន្តែ​ក្រុមហ៊ុន​របស់​លោក​នៅ​បន្ត​ដំណើរការ​ជា​រៀងរហូត ពុំមាន​ការខកខាន​ក្នុង​ចង្វាក់​ផលិតកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា នៅក្នុង​រយៈពេល ១០ ​ឆ្នាំកន្លងមក​នេះ ក្រុមហ៊ុន​ពិតជា​ទទួល​បាន​ជោគជ័យ​ខ្លាំងណាស់​ក្នុង​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​បាន​ពង្រីក​សកម្មភាព​របស់ខ្លួន​ជា​បន្តបន្ទាប់​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ការសម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការមក​វិនិយោគ គឺជា​រឿង​ដ៏ត្រឹមត្រូវ ដែល​នេះ​ជា​គំរូ​បង្ហាញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​មក​ប្រទេស​កម្ពុជា​មាន​ជំនឿ​ចិត្ត ចំពោះ​កម្ពុជា​»​។

ក្រុមហ៊ុន Minebea គឺជា​ក្រុមហ៊ុន​ជប៉ុន​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​វិនិយោគ​កាលពី​ឆ្នាំ​ ២០១១ ជាមួយនឹង​ទឹកប្រាក់​ប្រហែល ២៣ ​លាន​ដុល្លារ ដើម្បី​ផលិត​ផលិតផល​អេឡិចត្រូនិក​នានា​ដូចជា​ឌីណាម៉ូ និង​ម៉ូទ័រ ដើម្បី​នាំចេញ​ទៅកាន់​បរទេស រួមទាំង​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផងដែរ​។

បើ​យោងតាម​ព័ត៌មាន​របស់​​ក្រុមហ៊ុន​កាលពី​ឆ្នាំ​ ២០១៦ ​ខ្លួន​បាន​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ទី​ ៣ ​ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រហែល ២៥០ លាន​ដុល្លារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

បើ​យោងតាម​លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ក្រុមហ៊ុន Minebea Cambodia មាន​ទុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ ជា ៣៧២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ និង​ទុនវិនិយោគ​នេះ​បាន​កើន​រហូតដល់​ចំនួន ៤០០ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៩​។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​មីនីបៀ​បាន​បិទ​ស្លាកសញ្ញា​សម្គាល់​ប្រភព​ផលិត​នៅ​កម្ពុជា​ (Made in Cambodia) ​នៅលើ​ឧបករណ៍​ល្បែង​ក្មេង​លេង​របស់ខ្លួន ដែល​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​៕