​ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់ឱ្យអនុវត្ត​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​រួមចំណែក​បង្កឱ្យមាន​បរិ​យា​កាស​ធុរកិច្ច​ល្អប្រសើរ ខណៈដែល​វិស័យ​ឯកជន​សាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ App នេះ​។​

​កាលពី​ថ្ងៃទី​ ២២ ខែកក្កដា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់ថា អគរ​ ​បានរៀបចំ​អភិវឌ្ឍ​រួចរាល់​នូវ​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន ដែលមាន​មុខងារសំខាន់​ជា​ជំនួយ​ដល់​ធុរជន ជាពិសេស​ប្រតិវេទ​ករ ក្នុងការ​តាមដាន​ស្ថានភាព​ប្រតិវេទន៍ ការបង់ពន្ធ តាម​មធ្យោបាយ​អេឡិចត្រូនិក និង​ការស្វែងរក​លិខិតអនុញ្ញាត​គយ​ជាដើម​។​ កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​នោះ​មាន​ឈ្មោះថា "Cambodia Customs Trader” ដែល​ធុរជន​អាច​ស្វែងរក និង​ទាញយក​កម្មវិធី​នេះ នៅលើ Play Store និង App Store និង​អាច​ស្វែងរក នីតិវិធី​លម្អិត​នៃ​ការអនុវត្ត​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​ សម្រាប់​ធុរជន​នេះ​នៅក្នុង “​សៀវភៅ​មគ្គទេសក៍​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​” ដែល​អាច​ទាញ​យកបាន​ពី​គេហទំព័រ​ផ្លូវការ របស់ អគរ​។​

​លោក គា​ម ចាន់​កុសល អ្នកនាំពាក្យ​គយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​នោះ​មាន​ឈ្មោះថា "Cambodia Customs Trader” មិនមែន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​សាធារណជន​ទូទៅ​នោះទេ គឺ​សម្រាប់តែ​អ្នក​នាំចេញ​នាំចូល​ទំនិញ​តែប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ ពុំមែន​សម្រាប់​សាធារណជន​ទេ គឺជា​កម្មវិធី​សម្រាប់​ធុរជន ដែលមាន​ការពាក់ព័ន្ធ​ក្នុងការ​នាំចេញ​នាំចូល​តែប៉ុណ្ណោះ ដោយ​ពួកគាត់​ត្រូវមាន​គណនី​ប្រព័ន្ធ​ទិន្នន័យ​គយ​អាស៊ី​គូ​ដា ដែលជា​ប្រព័ន្ធ​គ្របដណ្តប់​ប្រតិវេទន៍​គយ​ទាំងស្រុង និង​ទំហំ​ពាណិជ្ជកម្ម​សរុប​ទូទាំងប្រទេស​»។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៦ ខែកក្កដា​នេះ​ថា កម្មវិធី​ផ្តល់​ភាព​ចំណេញ​ច្រើន​ដល់​អ្នកធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដោយ​គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​នៅក្នុង​ដៃ អាច​តាមដាន​ទំនិញ​ចេញចូល​របស់ខ្លួន​បាន​នៅ​គ្រប់​ទីកន្លែង ទោះជា​នៅក្នុង​ស្រុក​ឬ​នៅក្រៅ​ប្រទេស​ក៏ដោយ​។​

​លោក​បាន​បន្ថែមថា អ្វី​ដែលជា​លក្ខណពិសេស​មួយទៀត​របស់​ App​ នេះ គឺ​ធុរជន ដែល​បំណង​ចង់​នាំចូល​ទំនិញ​មកកាន់​កម្ពុជា អាច​ពិនិត្យមើល​តាម Cambodia Customs Trader នេះ​បាន ដើម្បី​អាច​ដឹងថា មាន​ទំនិញ​ណាខ្លះ​ដែល​កម្ពុជា​ហាមឃាត់​ក្នុងការ​នាំចូល និង​អាច​ដឹង​ពី​តម្លៃ​ពន្ធ​នាំចូល​សម្រាប់​ទំនិញ​ទាំងនោះ​បាន​ដោយ​ងាយស្រួល​។

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា​៖ «App​នេះ ជា​ជំនួយ​សំខាន់​ណាស់​សម្រាប់​វិស័យ​ឯកជន ព្រោះ​កន្លងមក​នៅពេល​មាន​បញ្ហា​អ្វី​ទាក់ទង​ទៅនឹង​ការនាំចេញ​នាំចូល​ទំនិញ ទាល់តែ​យើង​ទៅ​ឆែក​ដល់​គយ​តែម្តង ដែលនាំឱ្យ​ខាត​ពេលវេលា​។​ នៅក្នុង​បរិបទ​កូ​វីដ​១៩​បែបនេះ ការដាក់ឱ្យ Cambodia Customs Trader រឹតតែ​សំខាន់​»​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ដឹកជញ្ជូន និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បានឱ្យដឹង​ដែរ​ថា App Cambodia Customs Trader នឹង​ជួយ​ដល់​ប្រតិបត្តិ​ករ ក្នុងការ​បំពេញបែបបទ​គយ ដោយ​អាច​ស្វែងរក​នូវ​ឯកសារ​មួយចំនួន ដូចជា​លិខិតអនុញ្ញាត​គយ​ជាដើម បាន​យ៉ាង​ស្រួល​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «កម្មវិធី​នេះ នឹង​សម្រួល​ដល់​ការស្វែងរក​ឯកសារ​ចាំបាច់​នានា​របស់​ធុរជន និង​ប្រតិបត្តិ​ករ​ខាងជើង​សារ​គយ ដែល​ខាង​គយ​បានរៀបចំ​ឡើងមក​។​ យើង​មើលឃើញ ខាង​គយ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​បម្រើសេវា​សាធារណៈ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​អេឡិចត្រូនិក​ជាច្រើន ដោយបាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ធុរជន​យើង​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មានតម្លៃ​សរុប ២៧ ២៤៣,៨៤ ​លាន​ដុល្លារ កើនឡើង ២០,២ ​ភាគរយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ចូល​មានតម្លៃ ១៥ ៨៦៤,៧២​ លាន​ដុល្លារ កើន ១១,៩ ​ភាគរយ និង​ការនាំចេញ​មានតម្លៃ ១១ ៣៧៩,១២ ​លាន​ដុល្លារ កើនឡើង ៣៣,៩​ ភាគរយ​៕