ភ្នំពេញៈ គម្រោង​វិនិយោគ​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​សិង្ហ​បុរី​ចំនួន ១២៧ គម្រោង ស្មើនឹង​ទុនវិនិយោគ ១,៥៣​ ពាន់​លាន​ដុល្លារ ​ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​គិត​នៅត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​សិក្ខាសាលា​ «​ស្វែងយល់​ពី​កម្ពុ​​ជា​៖ ការយល់ដឹង​ពី​កាលា​នុ​វត្ត​​ភាព​ធុរកិច្ច​នៅ​កម្ពុជា​» ​ដែល​រៀបចំ​តាម​ប្រព័ន្ធ​វីដេអូ ដោយ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សហកា​រ​ជាមួយ​សហព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី​ (SBF) និង​មានការ​គាំទ្រ​ពី​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហ​បុរី កាលពី​ល្ងាច​ថ្ងៃទី​ ២៦ ខែកក្កដា ឱ្យដឹងថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ ​២០២២ គម្រោង​វិ​និ​យោគ​របស់​សិង្ហ​បុរី​ដែល​បានអនុម័ត​ដោយ CDC និង​កំពុងមាន​ប្រតិបត្តិការ​នៅ​កម្ពុ​ជាមាន​ចំនួន ១២៧ គម្រោង ដោយ​គម្រោង​ទាំងនោះ​មាននៅ​ក្នុង​វិស័យ​ទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក សុខ ចិន្តា​សោភា អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានឱ្យដឹងថា បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ដែលមាន​ភាព​អំណោយផល គឺជា​មូល​​ដ្ឋា​ន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រង់ចាំ​ទទួល​ការវិនិយោគ​របស់​សិង្ហ​បុរី ដើម្បី​ច្បាម​យក​កាលានុវត្តភាព​ដ៏​លើសលប់​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​, សេវាកម្ម និង​កម្មន្តសាល​។

លោក​បាន​បន្តថា ក្រៅពី​មាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ ច្បាប់​ស្តីពី​វិនិយោគ​កម្ពុជា ដែល​បានអនុម័ត​កាលពី​ខែតុលា ឆ្នាំ​ ២០២១ ក៏​ផ្តល់នូវ​ការលើកទឹកចិត្ត​ច្រើន​ផងដែរ​ដល់​វិនិយោគិន​ដែល​អនុវត្ត​អភិក្រម​ប្រតិបត្តិ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ និង​បរិ​យា​ប័ន្ន​ក្នុងការ​វិនិយោគ និង​ធុរកិច្ច​ប្រចាំថ្ងៃ​របស់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​ការវិនិយោគ​សិង្ហ​បុរី​នៅ​កម្ពុជា ​គឺមាន​សារៈ​​សំខាន់​ណាស់ យើង​អំពាវនាវ​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ថែមទៀត​ពី​វិនិយោគិន​សក្តានុពល​សិង្ហ​បុរី ដែល​នឹង​រួមចំណែក​ដល់​ការ​ស្តារឡើងវិញ និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស​»​។​

​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា លោកស្រី Teo Lay Cheng បានឱ្យដឹងថា សិង្ហ​បុរី​ស្ថិតនៅ​ក្នុងចំណោម​វិនិយោគិន​បរទេស​ធំជាងគេ​ទាំង​ ៥ របស់​កម្ពុជា​។ ការវិនិយោគ​នោះ​គ្រប​​ដណ្តប់​លើ​វិស័យ​មួយចំនួន​ដូចជា អចលនទ្រព្យ​, ថាមពល​, ពាណិជ្ជកម្ម និង​ចែកចាយ​, ម្ហូបអាហារ​/​អ្នកប្រើប្រាស់​, ការ​​អប់រំ និង​ហិរញ្ញវត្ថុ​។​

​អនុ​ប្រធានសភា​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​២៧ ខែកក្កដាថា សិង្ហ​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ល្អ​របស់​កម្ពុជា​ជា​យូរ​មកហើយ ខណៈ​ការវិនិយោគ​ផ្ទាល់​របស់​សិង្ហ​បុរី​នៅ​កម្ពុជា​ក៏មាន​ច្រើន​វិស័យ​ផងដែរ​។

លោក​បន្ថែមថា ម្យ៉ាងទៀត​ដោយសារ​សិង្ហ​បុរី គឺជា​ទីតាំង​ឆ្លងកាត់​ទំនិញ​ដ៏​សំខាន់​របស់​ពិភពលោក ដូច្នេះ​បើ​ប្រទេស​ទាំង ២ អាច​បង្កើន​កិច្ចសហការ​ជាមួយគ្នា​កាន់​​តែ​ល្អ វា​នឹង​ជួយ​ជំរុញ​ការនាំ​​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​វិនិយោគិន​សិង្ហ​បុរី​កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ទាំង​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុងស្រុក និង​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​បន្ថែម​ពីលើ​នេះ​នៅក្នុង​ជំនួប​រវាង​លោក ទិ​ត ចន្ថា រដ្ឋលេខា​​ធិ​ការ​ក្រសួងទេសចរណ៍ ជាមួយ​លោក Tong Edwin រដ្ឋមន្ត្រីក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ២៦ ខែ កក្កដា ឆ្នាំ ​២០២២ កម្ពុជា​-​សិង្ហ​បុរី ក៏បាន​សន្យា​បង្កើន​ជើងហោះហើរ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​មក​កម្ពុជា ពិសេស​ត្រៀមលក្ខណៈ​ក្នុងការ​​ដឹកជញ្ជូន​អ្នកដំណើរ និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​នៅពេល​ស៊ី​​ហ្គេម​មកដល់ តាមរយៈ​ជើង​​ហោះហើរ​កម្ពុជា​-​សិង្ហ​បុរី ​របស់​ Singapore Airline និង​ក្រុម​​ហ៊ុន​ផ្សេងៗ​ទៀត​៕