​ភ្នំពេញៈ ក្រុមហ៊ុន ហ៊ុន ទី ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​ការកែ​​ច្នៃ​ត្រី​ប្រា​សម្រាប់​នាំចេញ​បាននិងកំពុង​ជំរុញ​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែច្នៃ​របស់ខ្លួន ដើម្បី​នាំចេញ​ត្រី​ប្រា​សាកល្បង​ជា​លើកដំបូង​ក្នុង​បរិមាណ ៤០ ​តោន ​នៅ​ខែសីហាខាងមុខ​។​

​កាលពីពេល​ថ្មីៗ​នេះ​ក្រុម​ការ​​ងារ​នៃ​រដ្ឋបាល​ជលផល​បាន​ជួបប្រជុំ​ជាមួយ​កសិដ្ឋាន និង​ក្រុមហ៊ុន​កែច្នៃ​នាំចេញ​ដែល​ចុះ​​បញ្ជី​ជាមួយ​​ភាគី​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ និង​ជំរុញ​ការនាំចេញ​។ ក្នុង​កិច្ចប្រជុំ​នោះ​ក្រុមហ៊ុន​បានលើកឡើង​ថា ខ្លួន​នឹង​សាកល្បង​នាំចេញ​ដំបូង​ក្នុង​បរិមាណ ៤០ ​តោន ​នៅ​ខែសីហា​ខាងមុខ​។​

​លោក ហាវ វិសិដ្ឋ អនុប្រធាន​រដ្ឋបាល​ជ​ល​ផលបាន​ប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ២៧ ខែកក្កដា​ថា ក្រុមហ៊ុន​កំពុង​សាក​​ល្បង​ដំណើរការ​ផលិតកម្ម​កែ​​ច្នៃ​លើ​បរិមាណ​ត្រី ១-២​ តោន​ ក្នុង ​១ ​ថ្ងៃ ដែល​ទិញ​ពី​កសិដ្ឋាន​ ១ ក្នុងចំណោម​កសិដ្ឋាន ៣ ទទួលបាន​សិទ្ធិ​ក្នុងការ​ចិញ្ចឹម​ផ្គត់ផ្គង់​នាំ​ចេញទៅ​ចិន​។

លោក​បន្តថា រដ្ឋបាល​ជលផល​ផ្តល់​ការគាំទ្រ​លើ​ការពិនិត្យ​គុណភាព សុវត្ថិភាព​នៃ​ត្រី​ប្រា​រស់ ដែលជា​វត្ថុធាតុដើម​សម្រាប់​ការកែច្នៃ ដោយ​វិភាគ​ទៅលើ​សារធាតុ​ថ្នាំ និង​ជាតិពុល​ក្នុង​សាច់​ត្រី​រួច​​រាល់​ហើយ​។​

​លោក​ថ្លែងថា​៖ «​ក្រុមហ៊ុននាំចេញ​បានចាប់ផ្តើម​ទិញ​ត្រី​ប្រា​ពី​កសិដ្ឋាន​នៅ​ព្រែក​ព្នៅ​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៣ ខែកក្កដា ដោយ​ទិញ​ក្នុង ១ ​ថ្ងៃ ១-២ ​តោន​ ដើម្បី​កែច្នៃ​បង្កក និង​បន្ត​ទិញ​រហូត​គ្រប់ ៤០ ​តោន ​ទើប​នាំ​ចេញទៅ​ប្រទេស​ចិន​។ ការនាំចេញ​នេះ គឺជា​ការសាកល្បង ដើម្បី​ស្ទាប​​ស្ទង់​មើល​ពី​ចំណូលចិត្ត​របស់​ប្រជាជន​ចិន​ចំពោះ​ត្រី​ប្រា​»​។​

​បើតាម​លោក វិសិដ្ឋ មូល​​ហេតុដែល​ក្រុមហ៊ុននាំចេញ ទិញ​ត្រី​ពី​កសិដ្ឋាន​តែ​ ១​ ក្នុងការ​​សាកល្បង​នេះ គឺ​ដោយសារ​កសិដ្ឋាន​នៅ​ព្រែក​ព្នៅ បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​​ចេញ​ ហ៊ុន ទី នេះ ខណៈ​ក​សិ​​ដ្ឋា​ន ២ ​ទៀត ក្រុមហ៊ុន​មិនទាន់​ធ្វើ​កិច្ចសន្យា​ជាមួយ​ដោយសារតែ​នេះ​ជាការ​សាកល្បង​សិន​។​

​លោក អ៊ុំ ចាន់​ចំណាន ប្រធាន​ផ្នែក​រដ្ឋបាល​កសិដ្ឋាន​ចិញ្ចឹមត្រី​ប្រា យន់ សុវណ្ណារិទ្ធ ដែល​ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​​ភ្នំពេញ និង​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុននាំចេញ​មុនគេ បាន​ប្រាប់ថា មកទល់ពេលនេះ ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​លើក​ទី​១ បាន​ប្រមាណ ៣ ​តោន ខណៈ​ក្រុមហ៊ុន​មាន​ផែន​ការទិញ​ពី​កសិដ្ឋាន ៥​ តោន​ ក្នុង ​១ ​ថ្ងៃ​។​

​លោក​បាន​បន្តថា កសិដ្ឋាន​ និង​ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ព្រមព្រៀងគ្នា​នៅក្នុង​តម្លៃ​មួយ​ដែល​អ្នក​ចិញ្ចឹម​អាច​ទទួលយកបាន​។​

​លោក​ប្រាប់ថា​៖ «​យើង​បាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​មួយ​ដែល​កសិដ្ឋាន​អាច​ទទួលយកបាន​។ ក្រុមហ៊ុន​មាន​តម្រូវការ​ត្រី​ប្រា​ដែលមាន​ទម្ងន់​ចន្លោះ​ពី ៩០០​ ក្រាម ទៅ ១ ១០០ ​ក្រាម ​ហើយ​ត្រី​ដឹកចេញទៅ​រោងចក្រ​កែច្នៃ​ត្រូវតែ​រស់​ទាំងអស់ ដើម្បី​រក្សា​គុណភាព​សាច់​ត្រី​ឱ្យនៅ​ស្រស់​។ យើង​ត្រៀមខ្លួន​រួចហើយ​ក្នុង​​ការពង្រីក​ការចិញ្ចឹម នៅពេល​ត្រី​ប្រា​យើង​ទទួលបាន​ការ​គាំ​​ទ្រ​ពី​ជនជាតិ​ចិន​»៕