ភ្នំពេញៈ កម្ពុជា​គ្រោង​បង្កើន​ការនាំចេញ​អង្ករ​ក្រអូប និង​អង្ករ​សរីរាង្គ​ទៅកាន់​ទីផ្សារ​អាមេរិក ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​យល់ឃើញ​ថា ទីផ្សារ​នេះ​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​អង្ករ​ប្រភេទ​ទាំងនេះ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ដែល​បច្ចុប្បន្ន​កំពុងតែ​បំពេញ​ទស្សនកិច្ច​អាជីវកម្ម​នៅ​អាមេរិក និង​តំបន់​អឺរ៉ុប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ជួប​ស្ថាន​កុងស៊ុល​កម្ពុជា អាជីវករ អ្នក​ចែកចាយ និង​អ្នក​ផ្គត់ផ្គង់​អាហារ​ផ្សេងៗ​ទៀត​របស់​អាមេរិក​។ លោក​បានឱ្យ​ដឹងថា កម្ពុជា​នៅតែ​ទទួលបាន​ឱកាស​ដ៏ធំ​ក្នុង​ការពង្រីក​ការនាំចេញ​អង្ករ​ក្រអូប និង​អង្ករ​សរីរាង្គ​របស់ខ្លួន​ទៅ​អាមេរិក​។

លោក​និយាយ​ថា​៖ «​យើង​ចាំបាច់​ត្រូវ​បង្កើន​ការនាំ​ចេញ​ទៅ​អាមេរិក ពិសេស​រដ្ឋ​កាលីហ្វ័រនីញ៉ា ដែលជា​កន្លែង​មាន​ប្រជាជន​កម្ពុជា និង​ជនជាតិ​អាស៊ី​ភាគច្រើន​រស់នៅ​។ ទីក្រុង​មួយ​នេះ​គឺជា​បណ្តាញ​ចែកចាយ​ដ៏ធំ​មួយ​នៅ​អាមេរិក​ទៅ​បណ្ដា​រដ្ឋ​ផ្សេងទៀត​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ចុះទៅ​ពិនិត្យមើល​ឃ្លាំង​ធំៗ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុង​ការស្វែងរក​លទ្ធភាព​នាំចូល​អង្ករ​របស់​យើង ព្រោះ​យើង​ចង់​ផ្សព្វផ្សាយ​អង្ករ​ម្លិះ​អង្គរ ដែល​បាន​គ្រង​តំណែង​គុណភាព​ល្អ​ដាច់គេ​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ជាប់​គ្នា ដោយសារ​វា​ជា​អង្ករ​ដ៏ប្រណីត ដូច្នេះ​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​នៅក្នុង​ទីផ្សារ​នោះ​»​។

លោក​បន្ថែមថា​៖ «​ទន្ទឹម​នឹងនោះ​យើង​គ្រោង​នឹង​រៀបចំ​ពិធី​ទិវា​អង្ករ​កម្ពុជា​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ហើយ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ-​កម្ពុជា ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ផ្សេងទៀត​ដែល​បាន​ជួយ​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​»​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​នេះ យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ផ្លូវ​ដ៏ល្អ​មួយ ព្រោះ​យើង​មាន​គម្រោង​ធ្វើការ​នាំចេញ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយសារ​យើង​ធ្លាប់​នាំចេញ​ពី​ពេលមុន ប៉ុន្តែ​គ្រាន់តែ​ចំនួន​តិច​ប៉ុណ្ណោះ​។ នេះ​គឺជា​មូលហេតុ​ដែល​យើង​ចង់​ពង្រីក​ទីផ្សារ​នៅ​អាមេរិក​។ យើង​កំពុង​ធ្វើការងារ​ជាមួយ​ដៃគូ​របស់​យើង​ទាំងអស់ និង​អ្នក​នាំចេញ​អង្ករ​ក្នុងស្រុក ព្រោះ​យើង​ត្រូវបង្កើត​យីហោ​អង្ករ​របស់​យើង​ឡើងវិញ​»​។

លោក ចាន់ សុឃាំង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Signatures of Asia Co Ltd​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែកក្កដា​ថា ក្រុមហ៊ុន​របស់លោក​ធ្លាប់​បាន​នាំចេញ​អង្ករ​ ២-៣ ​កុងតឺន័រ​ទៅ​ទីផ្សារ​អាមេរិក ហើយ​មានការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត ជាពិសេស​ប្រទេស​ថៃ​ដែល​គ្របដណ្ដប់​លើ​ទីផ្សារ​នេះ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា ជាមួយ​គំនិត​ផ្តួចផ្តើម​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ស្រូវ​អង្ករ​នឹង​អាចឱ្យ​យើង​មានឱកាស​ដ៏ល្អ​ក្នុងការ​ចាប់ផ្ដើម​ការនាំ​ចេញ​របស់​យើង​ឡើងវិញ ខណៈ​អង្ករ​យើង​ក៏​ទទួល​បាន​ការគាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​ទី​នោះដែរ​»​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​មាន ៣២៧ ២០០ ​តោន កើន ១៦,៦៧ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។

បរិមាណ​អង្ករ​នាំទៅ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ (២៣ ​ប្រទេស​) ចំនួន ៩៨ ៦២៤ ​តោន កើន ៤៦,៩០ ​ភាគរយ​, ប្រទេស​ចិន ១៦៨ ២៨០ ​តោន បាន​កើន ១៧,៤៤ ​ភាគរយ​, ប្រទេស​ក្នុង​តំបន់​អាស៊ាន​ (៤ ​ប្រទេស​) ២៨ ៦៨០​ តោន កើន ឡើង ៥,៦៩ ​ភាគរយ​៕