ភ្នំពេញៈ រដ្ឋសភា បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​ និង​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ​និង​ចៀសវាង​ពន្ធ ដើម្បី​ទាក់ទាញ និង​សម្រួល​ការវិនិយោគ​ និង​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើកិច្ចព្រមព្រៀង​ស្តីពី​ការ​លុ​បបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​រវាង​កម្ពុជា​-​ម៉ា​កាវ និងកិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​កម្ពុជា​-​តួ​ក​គី ដែល​ត្រូវបាន​រដ្ឋសភា​សម្រេច​អនុម័ត​ជា​ផ្លូវការ ដោយ​សំឡេងគាំទ្រ​ជា​ឯក​ច្ឆន្ទ។​

​នៅក្នុង​សេចក្តីថ្លែងហេតុ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អាន​ដោយ លោក ឈាង វុន ប្រធាន​គណៈ​ក​ម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ សវនកម្ម នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា​នេះ បានឱ្យដឹងថា យោងតាម​សំណើសុំ​ឱ្យមាន​កិច្ចព្រមព្រៀង​ទាំង ២​ ខាងលើ​ជាមួយ​កម្ពុជា​របស់​តំបន់​រដ្ឋបាល ​ពិសេស​ម៉ា​កាវ​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​តួ​ក​គី និង​អត្ថប្រយោជន៍​ជាច្រើន​ដែល​អាច​ទទួលបាន​ពី​កិច្ចព្រមព្រៀង​នេះ។​

​លោក​បាន​បញ្ជាក់ថា​៖ «កិច្ចព្រមព្រៀង​នេះ នឹង​ទាក់ទាញ​និងសម្រួលការ​វិនិយោគ​និង​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​ទប់ស្កាត់​និង បង្ក្រាប​ការ​គេចវេះ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ កម្ពុជា​បានចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀងខាងលើ​ជាមួយ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​ក​គឺ​ចាប់តាំងពីឆ្នាំ​ ២០១៩ រហូត​បានបញ្ចប់​ជា​ស្ថាពរ​ និង​បាន​ចុះហត្ថលេខា​រួចរាល់​នាពេល​ថ្មីៗ​នេះ​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា​កិច្ចព្រមព្រៀង​ស្តី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​នេះ គឺជា​ការបែងចែក​សិទ្ធិ​ក្នុងការ​យកពន្ធ​រវាង​គូភាគី នៃ​យុត្តាធិការ​ជា​ហត្ថលេខី ដែល​ម្ខាង​អាច​កម្រិត​ផ្នែក​ខ្លះ​នៃ​ការអនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​ស្ដីពី​ពន្ធដារ ហើយ​នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត ដំបូង​អាចមាន​ផលប៉ះពាល់​ផ្ទាល់​ដល់​ចំណូល​ពន្ធ​របស់​ប្រទេស ដោយសារ​ការកាត់បន្ថយ​អត្រាពន្ធ​កាត់​ទុក​ដែល​ត្រូវអនុវត្ត​ចំពោះ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​និង​ការបែងចែក​សិទ្ធិ យកពន្ធ​លើ​ប្រភេទ​ប្រាក់ចំណូល​មួយចំនួន​ឱ្យ​ប្រទេស​និវាសនដ្ឋាន​។

​ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែលជា​ការ​ប៉ះប៉ូវ​វិញ​ដល់​យុត្តាធិការ​ជា​ហត្ថលេខី ដូចជា ការទាក់ទាញ​និង​ជំរុញ​​វិនិយោគ​ និង​ពាណិជ្ជកម្ម អន្តរជាតិ​ដោយ​​សារ​ការ​ផ្តល់នូវ​ភាពច្បាស់លាស់ តម្លាភាព និង​គ្មាន​ការរើសអើង​ក្នុង​វិស័យ​ពន្ធដារ​, កំណើន មូលដ្ឋាន​ពន្ធ​, រំហូរ​មូលធន​ដោយ​សារភាព​ទាក់ទាញ​នៃ​អត្រាពន្ធ​កាត់​ទុក​លើ​ការប្រាក់​និង​ភាគលាភ​, ការផ្ទេរ បច្ចេកវិទ្យា ​និង​ជំនាញ​ពី​បរទេស​តាមរយៈ​បទ​ប្បញ្ញត្តិ​ស្តីពី​សេវា​បច្ចេកទេស​និង​សួយ​សារ​, ការការពារ​និវាស​ន​ជន ដែលជា​វិនិយោគិន​នៅ​បរទេស និង ការ​ពង្រីង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ពន្ធដារ ជាពិសេស ការទប់ស្កាត់​និង​ការបង្ក្រាប​ការ​គេចពន្ធ​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​របស់​អ្នក​ជាប់ពន្ធ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ជាទូទៅ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ជាពិសេស​ម៉ា​កាវ ដែល​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​ចិន​នេះ គេ​តែងតែ​ចង់ឱ្យមាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «នៅពេលដែល​ប្រទេស​ណា មាន​កិច្ចព្រមព្រៀង​នេះ ជាមួយ​កម្ពុជា​យើង ចំពោះ​ពន្ធ​លើ​ប្រាក់ចំណូល​នេះ រដ្ឋ​យើង​យក​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ តែបើ​គ្មានទេ​ត្រូវ​បង់​ដល់​១៤​ភាគរយ​។ ដូចនេះ​នៅពេលដែល​កម្ពុជា មាន​កិច្ចព្រមព្រៀង​នេះ ជាមួយ​ប្រទេស​នានា​កាន់តែច្រើន នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ក្នុងការ​លើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​នេះ ដែល​មិន​ខុសពី​ច្បាប់​វិនិយោគ​ថ្មី​យើង ដែល​តែងតែ​លើកទឹកចិត្ត​ឱ្យមាន​ការ​រួច​ពន្ធ​មួយចំនួន​នោះទេ​»​។​

​បច្ចុប្បន្ននេះ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធត្រួតគ្នា​ចំនួន​ ១១ ​រួចហើយ គឺ​៖ សិង្ហ​បុរី​, ចិន​, ព្រុយ​ណេ​, ថៃ​, ឥណ្ឌូនេស៊ី , វៀតណាម​, តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​, ម៉ាឡេស៊ី​, សាធារណរដ្ឋ​កូរ៉េ​, តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​ និង តួ​ក​គី ដែល​បាន​ចុះហត្ថលេខា​រួចរាល់​នាពេល​ថ្មីៗ​នេះ​៕