​ភ្នំពេញៈ​ ក្រសួងកសិកម្ម បាន​បង្កើត​​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម (Amis) ក្នុង​គោលបំណង​លើកកម្ពស់ បណ្ដាញ​ទីផ្សារ​កសិផល​ក្នុងស្រុក ដោយ​ភ្ជាប់​កសិករ​ទៅនឹង​អាជីវករ និង​អ្នកប្រើប្រាស់​។​

​យោងតាម គេហទំព័រ​ផ្លូវការ Amis របស់​ក្រសួងកសិកម្ម បានឱ្យដឹងថា នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ បាននិងកំពុង​ប្រមូល​ព័ត៌មាន​អំពី​តម្លៃ និង​បរិមាណ​កសិផល ប្រាក់​ឈ្នួល​ពលកម្ម និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ​ជា​សាធារណៈ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម សំដៅ​ធ្វើ​ឱ្យ​កសិករ អ្នកពាក់ព័ន្ធ​នានា និង​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មានត្រឹមត្រូវ និង​ទាន់ពេលវេលា​ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រាក់ចំណូល​របស់​កសិក​រ ធ្វើការ​សម្រេចចិត្ត​ និង​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការងារ​សន្តិសុខ​ស្បៀង​។

​គោលបំណង​នៃ​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ រួមមាន បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​សម្រាប់​កសិករ ពាណិជ្ជករ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម ដើម្បី​ជួយ​ពួកគាត់​ឱ្យ​​លក់បាន​ក្នុងតម្លៃ​សមរម្យ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​។ កសិករ​នឹងមាន​ជម្រើស​កាន់តែ​ច្រើនឡើង ក្នុង​ការធ្វើ​ទីផ្សារ​ផលិតផល​របស់​ពួកគាត់ ជាមួយនឹង​ការចរចា​តម្លៃ បាន​ប្រសើរ​ជាង​មុន​នៅក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម​។ កសិករ និង​ពាណិជ្ជករ​មាន​សមត្ថភាព​កាន់តែ​ច្រើនជាង​មុន ក្នុង​បច្ចេកទេស​មុន និង​ក្រោយ​ប្រមូល​ផល ជាពិសេស​ការធ្វើ​ចំណាត់ថ្នាក់​ផលិតផល ការ​វេច​ខ្ចប់ ការរក្សា​ទុក និង​បច្ចេកទេស​ក្នុងការ​ដឹកជញ្ជូន ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​ពួកគាត់​ទទួលបាន​តម្លៃ​កាន់តែ​ប្រសើរឡើង និង​កសាង និង​ពង្រឹងសមត្ថភាព​បច្ចេកទេស របស់​មន្ត្រី​ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​កសិកម្ម នៅតាម​រាជធានី​-​ខេត្ត​។​

​លោក យ៉ង ប៉ាក់ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​ហ្គ្រី​ប៊ី (Agri Bee Camnbodia) បានឱ្យដឹងថា កម្មវិធី​ទូរស័ព្ទ Camagrimarket ដែល​បាន​បន្ថែម​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ បាន​ជួយ​ដល់​កសិករ និង អ្នក​នៅក្នុង​វិស័យ​កសិកម្ម​បាន​ច្រើន​ក្នុងការ​ស្វែងរក​ព័ត៌មាន តម្លៃ​កសិផល​ទីផ្សា​រ។

​លោក​បាន​បន្ថែមថា ក្រសួងកសិកម្ម មាន​សេនាធិការ តាម​មូលដ្ឋាន តាមរយៈមន្ទី​រកសិកម្ម​ស្រុក និង ខេត្ត ក្នុងការប្រមូល​ព័ត៌មាន​តម្លៃ​ផលិតផល​កសិកម្ម បាន​ច្រើន និង មាន​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ថា​៖ «តាមរយៈ Apps នេះ យើង​អាច​ប្រមូល​ព័ត៌មាន​ជាច្រើន យកមក​ធ្វើ​សូចនាករ កសិកម្ម​បាន​ច្រើន​។​ តែ​ទោះជា​យ៉ាងណា CamAgriMarket ឬ ត្រូវ​ការធ្វើ​កែសម្រួល ឱ្យ​ស្របតាម​តម្រូវការ​ថែមទៀត ដូចជា​ការទិញ​លក់ និង ទូទាត់ នៅលើ​កម្មវិធី​នេះ​»​។​

​លោក​បាន​បន្តថា ការភ្ជាប់​ទីផ្សារ គឺ មាន ៣​ ដំណាក់កាល រួមមាន ការស្វែងរក​ដៃ​គូទិញ​លក់​,​ការធ្វើ​ប្រ​ត្តិ​ប​ត្តិការទិញ​លក់ និង​ការទូទាត់​នៃ​ការទិញ​លក់​។ កម្មវិធី​ CamAgriMarket ធ្វើបាន​ចំណុច​ទី​ ១ បានល្អ​ណាស់ ប៉ុន្តែ​លោក​សង្ឃឹមថា CamAgriMarket នឹង​ពង្រីក​សក្តានុពល​របស់​ខ្លួនទៅចំណុចទី​ ២ និង ទី ​៣។​

​លោក ឃឹម ប៊ុន​ឡែ​ន ស្ថាបនិក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​នៅ​ស្រុក​ឈូក ខេត្តកំពត បានឱ្យដឹង​ដែរ​ថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​នៅមាន​បញ្ហា​ច្រើន​រឿង​ទីផ្សារ ជាពិសេស​នៅពេល​រដូវ​ប្រមូល​ផល​បន្លែ​ផ្លែឈើ​ម្តង​។​

​លោក​បានបញ្ជាក់​៖ «ក្រសួង​គួរ​ជួយ​បន្ថែម​លើ​ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតកម្ម​កសិកម្ម​រប​ស់​ខ្មែរ​ឱ្យបាន​ច្រើន ជាពិសេស​រាល់ពេល​ប្រមូល​ផល​ម្តង​។​ ម្យ៉ាងវិញទៀត​គួរ​កាត់បន្ថយ​ការនាំ​ចូល​ឱ្យ​បានជា​អតិបរមា និង​យកពន្ធ​ឱ្យបាន​ខ្ពស់ និង​ត្រឹមត្រូវ ចំពោះ​ផលិតផល​កសិកម្ម​ដែល​នាំ​ចូលមក​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ខ្មែរ​»​។​

​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ នឹង​ប្រមូល​ព័ត៌មាន​ពី​មន្ត្រី​ទីផ្សារ​កសិកម្ម​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​រាជធានី​-​ខេត្ត​ចំនួន ២៥ ផ្សេងទៀត នឹង​ប្រមូល​ព័ត៌មាន​តម្លៃ​លក់ដុំ​នៃ​កសិផល​ចំនួន​ ២៥៦​ ប្រភេទ និង​ចំនួន ៣ ​ដង ក្នុង ​១​ សប្តាហ៍ (​ចន្ទ ពុធ និង​សុក្រ​) និង​ព័ត៌មាន​តម្លៃ​លក់រាយ ចំនួន​ ១ ​ដង ក្នុង ​១ ​សប្តាហ៍​ពី​ផ្សារ​ចំនួន ៣​ ធំៗ និង​ចំនុច​ប្រមូល​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​-​ខេត្ត​គោលដៅ​ចំនួន ២៥៕