The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​ចិន​ទទួល​ទិញ​កសិផល​ពី​កម្ពុជា​ប្រមាណ ២,៤ លានតោន

ទីផ្សារ​ចិន​ទទួល​ទិញ​កសិផល​ពី​កម្ពុជា​ប្រមាណ ២,៤ លានតោន

Content image - Phnom Penh Post
ក្រុមកម្មករ​យក​ផ្លែ​ចេក មក​​​ព្យួរ មុន​នឹង​វេចខ្ចប់​​​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ហេង ជីវ័ន

ទីផ្សារ​ចិន​ទទួល​ទិញ​កសិផល​ពី​កម្ពុជា​ប្រមាណ ២,៤ លានតោន

ភ្នំពេញៈ ការ​ដាក់​ចេញ​គោល​នយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ក្នុង​ន័យ​ជំរុញ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​និង​កំពុង​បង្ហាញ​លទ្ធផល​​វិជ្ជមាន​ជា​បន្ត​បន្ទាប់។ ជាក់ស្តែង​គិត​ចាប់​​ពី​ឆ្នាំ ២០១៩ មក​កម្ពុជា​បាន​នាំ​​កសិផល​​ទៅ​ទីផ្សារ​ប្រទេស​ចិន​ប្រមាណ ២,៤ លានតោន​មកហើយ។

ទិន្នន័យ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​យោង​តាម​តួលេខ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​​កម្ពុជា ចាប់​ពី​ឆ្នាំ ២០១៩ ដល់​ចុងខែ​មិថុនា ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ប្រទេស​ចិន ក្នុង​បរិមាណ​សរុប ២,៤ លាន​តោន ​ស្មើ​នឹង ១ ៩៤២ លាន​ដុល្លារ។ កសិផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​ទីផ្សារ​ចិន មាន​ដូចជា ចេក​ស្រស់ អង្ករ ដំឡូងមី​ស្ងួត កាក​ដំឡូងមី ម្សៅ​ដំឡូងមី ស្វាយ​ស្ងួត ស្វាយ​ស្រស់ គ្រាប់​ស្វាយចន្ទី និង​ម្សៅ​កាកាវ​ជាដើម។

ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​នៃសហព័ន្ធ​ស្រូវ​​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Rich Farm Asia ដែល​ជា​ក្រុមហ៊ុន​ដាំដុះ ​និង​នាំ​ចេញ​ផ្លែ​ចេក និង​ផ្លែ​ស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ លោក ហ៊ុន ឡាក់ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ក្នុង​ថ្ងៃទី ២៨ ខែ​កក្កដា​ថា ចិន​គឺជា​ទីផ្សារ​ធំ និង​សំខាន់​សម្រាប់​ការ​នាំចេញ​កសិផល​កម្ពុជា ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា ​ជាទីផ្សារ​ធំ​ជាងគេ​លើ​ពិភពលោក​, មាន​ចម្ងាយ​ដឹក​ជញ្ជូន​, ​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់វិស័យ, និង​ជា​ពិសេស​ប្រទេស​ទាំង២ ​មាន​កិច្ច​ព្រមព្រៀង​ផ្នែក​ភូត​គាម​អនាម័យ (​កសិកម្ម) ព្រម​ទាំង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​គ្នា​ផងដែរ។

លោក​បាន​ថ្លែង​ថា៖ « ១ ទសវត្សរ៍​ចុងក្រោយ ពិសេស​រយៈពេល ២-៣ ឆ្នាំ​មក​នេះ ការ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​គ្រប់​គោលដៅ​ទាំងអស់​ ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា»។​

លោក​បន្ត​​ថា ការ​ដាក់​ចេញ​យុទ្ធសាស្រ្ត​​ថ្មីៗ​របស់​រដ្ឋាភិបាល​​ក៏​​ចូលរួម​ចំណែក​​ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ដាំដុះ និង​អ្នក​វិនិយោគ​ផងដែរ​។ លោក​ប្រាប់​​ថា៖ «​ការ​ធ្វើ​ពិពិធកម្ម​លើ​ការ​ដាំដុះ ពូជ កែច្នៃ និង​ទីផ្សារ ​ក៏​កំពុង​រួម​ចំណែក​យ៉ាងច្រើន​ដល់​ដំណើរការ​​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ»។​

ទោះជា​យ៉ាង​ណា លោក​ ហ៊ុន ឡាក់ ​លើក​ឡើង​ថា វិស័យ​កសិកម្ម​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន ២ ដែរ គឺ​កត្តា​ថ្លៃ​ដើម​ខ្ពស់ និង​កង្វះ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដោយ​រាប់​ទាំង​ប្រព័ន្ធ​ស្រោច​ស្រព និង​ដឹកជញ្ជូន​ ដែល​ធ្វើឱ្យ​ការ​ប្រកួត​​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ជួប​បញ្ហាខ្លះៗ។​

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយ​ថា ប្រទេស​ចិន គឺជា​ទីផ្សារ​ធំ និង​ទទួល​ទិញ​ទំនិញ​ពី​​កម្ពុជា​ច្រើន ពិសេស​ផលិតផល​កសិកម្ម​សំខាន់ៗ​ដូចជា អង្ករ ផ្លែចេក ស្វាយ ជា​ដើម​។ ទំនាក់ទំនង​ទីផ្សារ​ល្អ​ជាមួយ​ប្រទេស​ចិន​បាន​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​សម្រាប់​កម្ពុជា ព្រោះ​ក្រៅ​ពី​ទទួល​ទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា ប្រទេស​ចិន​ក៏ជា​អ្នក​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ទ្រទ្រង់​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដែរ។

លោកលើកឡើង​​​​ថា៖ «​ការ​នាំ​ចេញ​កសិផល​ពី​កម្ពុជា​ទៅ​​​ប្រទេស​ចិន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ ហើយ​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​នៅ​ពេល​ខាងមុខ ខណៈ​បច្ចុប្បន្ន​មាន​ផលិតផល​កសិកម្ម​កម្ពុជា​ជា​ច្រើន​មុខ​ទៀត ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​ភាគី​ចិន​ឱ្យ​នាំចូល»។

លោក​បន្ថែម​ថា ក្រៅ​ពី​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម ក៏មាន​វិនិយោគិន​ចិន​ជាច្រើន​កំពុង​បណ្តាក់​ទុន​លើ​វិស័យ​ចម្រុះ​ជា​ច្រើន​នៅ​កម្ពុជា​ផងដែរ។

​ក្នុង​កិច្ច​សន្ទនា​តាម​អន​ឡាញ​ស្តីពី​កសិកម្ម​កម្ពុជា-ចិន ដែល​រៀបចំ​​​ដោយ​ភាគី​ចិន​ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​លើក​ឡើង​ថា គំនិត​ផ្តួចផ្តើម «ខ្សែ​ក្រវាត់ និង​ផ្លូវ» បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា។

តួលេខ​ពីអគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ក្នុង​​ឆមាស​ទី ១ ឆ្នាំ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន មាន​ទឹក​ប្រាក់​សរុប ៥ ៩៨៥,៨៣ លាន​ដុល្លារ កើន​ ១៩,៧ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។ ក្នុង​នោះ​​កម្ពុជា​នាំ​​ទៅ​ចិន ៦១១,៥៤ លាន​ដុល្លារ ធ្លាក់​ចុះ -៩,២​ភាគរយ និង​ចិន​នាំ​មក​កម្ពុជា​ មាន​ ៥ ៣៧៤,២៨ លានដុល្លារ​កើន​ឡើង​ ២៤,២ ភាគរយ៕

អត្ថបទគួរចាប់អារម្មណ៍