The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - EnerCam កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A របស់​កម្ពុជា

EnerCam កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A របស់​កម្ពុជា

Content image - Phnom Penh Post
ទីតាំងប្រេង​នៅ​ប្លុក A របស់​កម្ពុជា។ រូបថត MMEC

EnerCam កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A របស់​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន​កាណាដា EnerCam Resources Co. Ltd.(EnerCam) ​កំពុង​សិក្សា​ពី​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅក្នុង​ប្លុក A ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បានបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Kris Energy បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​បានប្រកាស​ក្ស័យធន​។

នៅក្នុង​អំឡុងពេល​ផ្តល់​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​ក្នុង​កម្មវិធី​សន្និសីទ​ប្រេង និង​ឧស្ម័ន នា​ថ្ងៃទី​ ២៧ ខែកក្កដា លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់ថា ក្រសួង​បានបញ្ចប់​កិច្ចព្រមព្រៀង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Kris Energy រួចរាល់​ហើយ ដោយ​បច្ចុប្បន្ន​ក្រសួង​កំពុង​ពិភាក្សា​ការវិនិយោគ​បូម​ប្រេង​នៅ​ប្លុក A នេះ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​កាណាដា​។

លោក​បាន​បន្ថែមថា ក្រុមហ៊ុន​របស់​កាណាដា​កំពុង​សិក្សា​វិភាគ​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​សិន មុននឹង​សម្រេចចិត្ត​វិនិយោគ​បូម​នៅ​ប្លុក A នេះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិភាក្សា​ការងារ​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន​មកពី​ប្រទេស​កាណាដា ដោយ​ក្រុមហ៊ុន​នេះ​ត្រូវការ​ពេលវេលា​សិក្សា​ទិន្នន័យ​ទាំងអស់​ឡើងវិញ ដោយសារ​ក្រុមហ៊ុន​នេះ​មិន​ចង់​កើតមាន​បញ្ហា​ច្រំ​ដែល ដែល​នាំឱ្យ​ការវិនិយោគ​មាន​បញ្ហា​។ ការសិក្សា​នេះ ជិត​ដល់​ដំណាក់​ដែល​យក​លទ្ធផល​មក​ពិភាក្សាគ្នា​ហើយ ដូចនេះ​នៅពេល​ខាងមុខ​យើង​នឹង​ផ្សព្វផ្សាយ​ថា គម្រោង​ប្លុក A នេះ​នឹង​បន្ត​អនុវត្ត​ជាមួយ​ក្រុមហ៊ុន​នេះ​ឬ​យ៉ាងណា​»​។

លោក​បន្ថែមថា ចាប់តាំងពី​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ជា​បន្ត​បន្ទាប់មក គឺមាន​ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា កាហ្សាក់ស្ថាន​, កាណាដា​, ចិន​, ថៃ និង​អូស្ត្រាលី​ជាដើម ដែល​បានមក​ទាក់ទង​ដើម្បី​ស្វែងយល់​ពី​ទិន្នន័យ និង​សក្តានុពល​ក្នុង​ការរុករក​ប្រេង​នៅ​កម្ពុជា ទាំង​ប្លុក​នៅលើ​ដែន​គោក និង​ក្នុង​សមុទ្រ ខណៈ​កម្ពុជា​បាន​បែងចែក​តំបន់​សម្រាប់​ការរុករក​ប្រេងកាត​ចំនួន ៦ ​ប្លុក​នៅក្នុង​សមុទ្រ និង ១៩ ​ប្លុក​នៅ​ដែន​គោក​។

កាលពី​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន EnerCam Resources Co. Ltd បាន​ទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​សម្បទាន​រុករក​ប្រេង និង​ឧស្ម័ន​លើ​ដីគោក​ទំហំ ៧ ៣០០ ​គីឡូម៉ែត្រ​ការ៉េ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការឧបត្ថម្ភ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​វិនិយោគិន ដោយ​បាន​រៀបចំ​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​ក្នុង​វិស័យ​ប្រេងកាត និង​ថាមពល ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដល់​វិនិយោគិន​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​លើក​ទឹកចិត្ត​វិនិយោគិន​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើន​ការវិនិយោគ​ផ្នែក​ដោនស្ទ្រីម​ផងដែរ ដូចជា​ការធ្វើ​អាជីវកម្ម​លើ​ការចម្រាញ់ នាំចូល ស្តុក ដឹកជញ្ជូន និង​ការលក់​ចែកចាយ​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ ដើម្បី​ធានា​លើ​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ដល់​អ្នកប្រើប្រាស់ និង​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មើលឃើញ​ថា ការជំរុញ និង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា ជាពិសេស​ការវិនិយោគ​បន្ត​ពី​ក្រុមហ៊ុន Kris Energy នៅ​ប្លុក A ពិត​មាន​សារៈសំខាន់​ណាស់​ ដោយសារ​កម្ពុជា​នៅតែមាន​សក្តានុពល​រ៉ែ​ប្រេងកាត​ដែល​ត្រូវការ​វិនិយោគ​ពី​វិស័យ​ឯកជន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​ប្រាប់​ថា​៖ «​ការចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​កាណាដា​ចំពោះ​ការវិនិយោគ​បូម​ប្រេង​នៅ​ប្លុក A នេះ គឺជា​ការបន្ត​ក្តីសង្ឃឹម​ចំពោះ​វិស័យ​រុករក​ប្រេង​នៅ​កម្ពុជា​។ បើ​ការសិក្សា​របស់​ក្រុមហ៊ុន​នេះ​មាន​លទ្ធផល​ជា​វិជ្ជមាន ហើយ​បរិមាណ​នៃ​ការបូម​ប្រេង​ដូច​អ្វីដែល​ក្រុមហ៊ុន​ចាស់​ធ្លាប់បាន​វាយតម្លៃ​នោះ ច្បាស់​ណាស់​រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការវិនិយោគ​បន្ថែម​ទៅលើ​វិស័យ​សាធារណៈ ពិសេស​ការបង្កើន​ឧបត្ថម្ភធន​នៅក្នុង​វិស័យ​លក់រាយ​ប្រេង​នៅ​កម្ពុជា​»​។

យោងតាម​ការសិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ីអាគ្នេយ៍ និង​អាស៊ីបូព៌ា​ (ERIA) បាន​បង្ហាញថា តម្រូវ​ការផលិត​ប្រេងកាត​នៅ​ប្រទេស​កម្ពុជា​នឹង​កើន​ពី ២,៨ ​លាន​តោន​នៅ​ឆ្នាំ​ ២០២០ ដល់​ ៤,៨​ លាន​តោន​នៅក្នុង​ឆ្នាំ​ ២០៣០ និង​បន្ត​កើន​ដល់ ៨,៣​ លាន​តោន​នៅ​ឆ្នាំ​ ២០៤០ ដែល​ទាមទារ​ឱ្យមាន​ការវិនិយោគ​ថែមទៀត​លើ​វិស័យនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​។

កម្ពុជា​មាន​ប្រវត្តិ​នៃ​ការសិក្សា​ស្រាវជ្រាវ​លក្ខណៈ​ភូគព្ភសាស្ត្រ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ប្រេងកាត​អន្តរជាតិ​មួយចំនួន​ដូចជា Elf, Esso Enterprise oil, PTT, Premier oil, Chevron, PVEP, JOGMEC និង MOECO ដោយ​បាន​ចងក្រង​ទិន្នន័យ​ស៊ីស្មិក​មួយចំនួន និង​ខួងអណ្តូង​ស្វែង​រុករក ៣៤៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍