ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កំពុង​សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​ក្នុង​ការ​ពង្រីក​ការ​តភ្ជាប់​​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន KHQR ក្នុង​ការ​បង្កើន​វិសាលភាព​នៃ​ការ​តភ្ជាប់​ក្នុង​តំបន់​សំដៅ​សម្រួល​ដល់​ ការ​ទូទាត់​ទំនិញ​ឆ្លង​ព្រំដែន និងការ​​វិនិយោគ​ ជាពិសេស​គឺ​សម្រួល​ការ​ផ្ទេរប្រាក់​របស់​ពលករ​នៅ​ក្រៅ​ប្រទេស។​

​របាយការណ៍​ប្រចាំ​ឆមាស​ទី១ ឆ្នាំ ២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃទី ២៦ ខែ​កក្កដា​ បាន​ឱ្យដឹង​ថា ស្រប​តាម​កំណើន​តម្រូវការ និង​ការរីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​​អេឡិចត្រូនិក​ត្រូវ​បាន​បន្ត​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម ដែល​បាន​ពង្រឹង​ការទូទាត់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​​សមរម្យ។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ប្រព័ន្ធ​ផាត់ទាត់​ជាតិ ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស និង​ប្រព័ន្ធ​ខេមបូឌាន​ស៊ែស្វីច កំពុង​​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នកម្ម​ដោយ​បន្ថែម​មុខងារ​ចាំបាច់​មួយ​ចំនួន ហើយ​ប្រព័ន្ធ​បាគង​ក៏​កំពុង​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​តម្លៃធំ​អន្តរធនាគារ ជាពិសេស​ប្រតិបត្តិការ​ទូទាត់​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ។ ប្រតិបត្តិការ​ទូទាត់​អេឡិច​ត្រូនិក​បន្ត​កើន​​ជា​លំដាប់ ដូចជា​ការផ្ទេរ​មូល​និធិ​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​រីធែលផេ ​កើន​ឡើង​ជិត ២ ដង ហើយ​ការទូទាត់​តាម​ប្រព័ន្ធ​បាគង​កើន​ឡើង​ដល់ ១៨,៥ ទ្រីលាន​រៀល (៤,៥​ពាន់​លានដុល្លារ) ដែល​មាន​ប្រតិបត្តិការ​សរុប ៨,១ លាន​ប្រតិបត្តិការ។

លោក ជា ចាន់តូ បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​ប្រចាំ​ឆ្នាំ​​ កាល​ពី​ថ្ងៃ ២៦ ខែ​កក្កដា​ថា វិបត្តិ​កូវីដ ១៩​ បាន​ផ្លាស់ប្តូ​រឥរិយាបថ​នៃ​ការធ្វើ​អាជីវកម្ម​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​អ្នក​ផលិត អ្នក​លក់​ និង​អ្នក​ប្រើប្រាស់ ដោយ​ពឹង​ផ្អែក​កាន់​តែច្រើន​​លើ​ការលក់​ទិញ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​អាច​ធ្វើ​ឡើង​កាន់​តែ​ងាយស្រួល​ទាំងក្នុង-ក្រៅ​ប្រទេស។

ស្រប​តាម​ការ​វិវត្តនេះ ​ប្រព័ន្ធទូទាត់​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់​ ផ្អែក​លើ​ការរីក​ចម្រើន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ ដែល​លើក​កម្ពស់​អន្តរ​ប្រតិបត្តិការ និង​ការ​តភ្ជាប់​ឆ្លង​ព្រំដែន និង​បាន​ពង្រឹង​ការ​ទូទាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​ព្រមទាំង​បាន​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖ «​ជាក់ស្តែង​ប្រព័ន្ធ​ខេមបូឌាន​ស៊ែស្វីច (Cambodian Shared Switch) ប្រព័ន្ធ​បាគង ហើយ​ថ្មីៗ​នេះ KHQR ដែល​ជា​ឃ្យូអរ​កូដ​ស្តង់ដា​រួម​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ ដោយ​កម្មវិធី​ទូរស័ព្ទ​របស់​គ្រឹះស្ថាន​សមាជិក​ប្រព័ន្ធ​បាគង​អាច​ស្កេន​ទូទាត់​គ្នា​ទៅវិញ​ទៅមក​ព្រមទាំង​បង្កើន​សមាហរណកម្ម​ការ​ទូទាត់​កម្ពុជា​ទៅ​ក្នុង​តំបន់»។

ប្រព័ន្ធ​ទូទាត់​កម្ពុជា​ក៏​ត្រូវ​បាន​​បង្កើន​វិសាលភាព​នៃ​ការ​តភ្ជាប់​ក្នុង​តំបន់ ដែល​ពេល​នេះ​តភ្ជាប់​ជាមួយ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី និង​កំពុង​តភ្ជាប់​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម​ថែម​ទៀត​។ នេះ​បើ​តាម​លោក ជា ចាន់តូ។

លោក អ៊ិន ចាន់នី ប្រធាននា​យក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ថា៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ទទួល​ដំណឹង​ដ៏ល្អ​នេះ ហើយ​ធនាគារ​អេស៊ីលីដា​នឹង​ចូលរួម​សហការ​នៃ​ការ​ផ្តល់​សេវា​ទូទាត់​​តាម KHQR នេះ​ទៅ​ប្រទេស​ឡាវ និង​​​វៀតណាម​ដោយសារ​យើង​ទទួល​បាន​បទពិសោធដ៏​​ល្អ​ជាមួយ​ប្រទេស​ថៃ​រួចមក​ហើយ។ លើស​ពីនេះ​យើង​ក៏មាន​អ្នក​ជំនាញ​ផងដែរ»។

លោកបាន​បន្ថែម​ថា សម្រាប់​ប្រទេស​ថៃ (​ការ​ទូទាត់​ពី​កម្ពុជា​ទៅ​​ប្រទេស​ថៃ) គឺ​កំពុង​ដំណើរការ​យ៉ាង​រលូន ហើយ​សម្រាប់​ការទូទាត់​ពី​ថៃ​មក​កាន់​កម្ពុជា អាច​នឹង​ត្រូវ​បាន​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០២២ នេះ៕​