
Bangkok Airways ភ្ជាប់ការហោះហើរត្រង់មកសៀមរាបនៅថ្ងៃនេះ។ រូបថត Bangkok Airways
ភ្នំពេញៈ តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សង្ឃឹមថា ការចាប់ផ្ដើមឡើងវិញនៃសេវាហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways រវាងទីក្រុងបាងកក និងខេត្តសៀមរាបរបស់កម្ពុជានឹងរួមចំណែកដល់កំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសកំពុងកើនឡើងជាបណ្តើរៗចាប់តាំងពីប្រទេសកម្ពុជាបានបើកដំណើរការសង្គម សេដ្ឋកិច្ចពេញលេញឡើងវិញតាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways កាលពីថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុននេះបានសម្រេចចិត្តផ្ដើមដំណើរការឡើងវិញការហោះហើរត្រង់រវាងទីក្រុងបាងកក និងខេត្តសៀមរាបនៅថ្ងៃនេះ (ថ្ងៃទី ១ ខែសីហា) បន្ទាប់ពីផ្អាកដំណើរការ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ កាលពីឆ្នាំមុន ដើម្បីបម្រើលំហូរភ្ញៀវទេសចរ ដែលកើនឡើងជាបន្តបន្ទាប់រវាងប្រទេសជិតខាងអាស៊ានទាំង ២ នេះ។
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បាននិយាយថា ការចាប់ផ្ដើមជើងហោះហើរលើផ្លូវទាំង ៣ ថ្មីនេះឡើងវិញ គឺបន្ទាប់ពីជើងហោះហើររវាងបាងកក និងភ្នំពេញត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០២១។
លោកប្រាប់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមឡើងវិញនូវជើងហោះហើររវាងទីក្រុងបាងកក និងសៀមរាប បន្ទាប់ពីយើងចាប់ផ្តើមដំណើរការឡើងវិញជើងហោះហើរអន្តរជាតិជាលើកដំបូងរបស់យើងចំនួន ៣ គឺរវាងកោះសាមុយ និងប្រទេសសិង្ហបុរី កាលពីខែសីហា ឆ្នាំ ២០២១ ទីក្រុងបាងកក-ភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០២១ និងបាងកក-ប្រទេសម៉ាល់ឌីវ ក្នុងខែកក្កដា ឆ្នាំ ២០២២»។
លោកបានបន្តថា៖ «ការចាប់ផ្ដើមដំណើរការហោះហើរឡើងវិញក្នុងពេលឆាប់ៗរវាងទីក្រុងបាងកក និងសៀមរាប ទីក្រុងយ៉ាំងហ្គោន និងដាណាង ត្រូវបានរំពឹងថានឹងជំរុញទេសចរណ៍របស់ប្រទេសថៃ ក៏ដូចជាទេសចរណ៍តាមបណ្ដាប្រទេសជិតខាងជាច្រើនរបស់យើងផងដែរ។ យើងធានាថា ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមមានដំណើរការដ៏រឹងមាំដើម្បីធានាឱ្យប្រាកដថា ការកម្សាន្ត និងការធ្វើដំណើរអាជីវកម្មរវាងទីក្រុងទាំងនេះអាចប្រព្រឹត្តទៅដោយសុវត្ថិភាព»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែកក្កដាថា ការចាប់ផ្ដើមដំណើរការឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការហោះហើរត្រង់ចាប់តាំងពីកម្ពុជាបើកដំណើរការសេដ្ឋកិច្ចពេញលេញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១។
លោកស្រីអះអាងថា៖ «វាជាសញ្ញាវិជ្ជមានមួយសម្រាប់ខេត្តសៀមរាប ដោយសារភ្ញៀវទេសចរមួយចំនួននឹងមិនចំណាយពេលច្រើនក្នុងការហោះហើរមកភ្នំពេញ ហើយបន្ទាប់មកឆ្ពោះទៅសៀមរាប។ ការណ៍នេះនឹងរួមចំណែកសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស»។
បើតាមលោកស្រី ស៊ីវលីន ទោះចំនួនភ្ញៀវទេសចរបរទេសមកសៀមរាបមិនមានច្រើនដូចមុនពេលមានការរីករាលដាលជំងឺកូវីដ ១៩ ក៏ថ្មីៗនេះមានភ្ញៀវទេសចរបរទេសមួយចំនួនបានត្រឡប់មកខេត្តនេះជាបណ្តើរៗវិញហើយ ដោយភាគច្រើនមកពីប្រទេសជិតខាងដូចជាថៃ និងវៀតណាម ហើយក្រៅពីនោះមកពីតំបន់សហរដ្ឋអាមេរិក និងអឺរ៉ុបខ្លះៗ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាក៏បានយល់ស្របនឹងការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ដែរ ដោយលោកលើកឡើងថា ជើងហោះហើរកាន់តែច្រើន គឺកាន់តែល្អសម្រាប់ឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាតំបន់បេតិកភណ្ឌដ៏ល្បីនៅលើពិភពលោក។
លោកបន្តថា៖ «យើងលើកទឹកចិត្តឱ្យមានជើងហោះហើរកាន់តែច្រើនមកប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប។ ទោះបីបច្ចុប្បន្ន យើងមិនមានភ្ញៀវទេសចរមកពីអឺរ៉ុបច្រើន ក៏ភ្ញៀវទេសចរមកពីប្រទេសថៃនៅតែកើនឡើងរហូត»។
កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៥០៦ ៧៦២ នាក់នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ ដែលតំណាងឱ្យការកើនឡើងចំនួន ៣៩៤,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែកក្កដា៕