ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៨​ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ១១៧ ​លាន​ដុល្លារ និង​បង្កើត​ការងារ​ជិត ៨ ​ពាន់​កន្លែង ​ត្រូវបាន​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​ក្នុងអំឡុង​ខែកក្កដា​។​

​យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ៨ គឺមាន ៤ ស្ថិតក្នុង​វិស័យ​កាត់ដេរ និង ៤ ទៀត​រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រ​ភេទ​, គម្រោង​បង្កើត​រោងចក្រ​ផលិត និង​កែច្នៃ​បំពង់​ទីប​ដែក និង​កែច្នៃ​តំណ​បំពង់​ទីប​ដែក​គ្រប់​ប្រភេទ​, និងគម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ​។​

​អនុ​ប្រធានសភា​ពាណិជ្ជ​កម្ពុ​​ជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រទេស​កម្ពុជា​ កំពុង​ទទួលបាន​នូវ​កំណើន​ការ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ ដោយ​រាប់​ចាប់ពី​ប្រភេទ​រោងចក្រ​/​សហគ្រាស​ធុន​ស្រាល មធ្យម និង​ធុន​ធំ​។ កត្តា​សំខាន់ៗ​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ទាក់ទាញ​បានការ​បណ្តាក់ទុន​ថ្មីៗ​កាន់តែច្រើន​មាន​ដូច​​ជា នយោបាយ​មាន​ស្ថិរភាព​, ច្បាប់​វិនិយោគ​ថ្មី​មាន​លក្ខណៈ​អំណោយផល​ដល់​វិនិយោគិន​, មាន​ទីផ្សារ​នាំចេញ​ធំ​ទូលាយ​, មាន​កម្លាំង​ពលកម្ម​សម្បូរបែប​, មាន​ផ្លូវ​ដឹកជញ្ជូន​ល្អ និង​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​, មាន​ភាពអនុគ្រោះ​ (​ពន្ធ​) ​ពី​ទីផ្សារ​ប្រទេស​ធំ​, និង​ជាពិសេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​។​

​លោក​បន្តថា ជាមួយគ្នានេះ អត្រា​ដ៏​ខ្ពស់​នៃ​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩ ក៏​ផ្តល់នូវ​ទំនុកចិត្ត​សម្រាប់​អ្នកវិនិយោគ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នៅក្នុង​បរិបទ​នេះ និង​ទៅ​អនាគត កម្ពុជា​នឹង​បន្ត​ទទួល​បានការ​​មក​បណ្តាក់ទុន​កាន់តែច្រើន​។​

​លោក​បាន​បន្តថា ជាក់ស្តែង​នៅ​កម្ពុជា​ក្នុង​ពេលនេះ​ក៏មាន​រោងចក្រ​ដំឡើងរថយន្ត និង​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​ផលិតផល​ប្រើប្រាស់​បច្ចេក​​វិទ្យា​ទំនើបៗ​ជាច្រើន​»​។​

​កំណើន​នៃ​ការបណ្តាក់ទុន​បើក​រោងចក្រ និង​ឧស្សាហកម្ម​ផលិត និង​កែច្នៃ កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​នៅក្នុង​ការ​​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប ១១ ៣៧៩,១២​ លាន​ដុល្លារ កើនឡើង ៣៣,៩ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដែលមាន​តម្លៃ ៨ ៤៩៧,៣៩​ លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា អ្វីដែល​ជាការ​​កត់សម្គាល់​នៅពេលនេះ គឺ​ភាគច្រើន​នៃ​គម្រោង​វិនិយោគ​ថ្មីៗ គឺមាន​ទឹកប្រាក់​កាន់តែច្រើន និង​មានការ​ប្រែក្លាយ​ពី​ឧស្សា​​ហ​កម្ម​អតិពលកម្ម ឈាន​ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ និង​បច្ចេកវិទ្យា​។ នេះ​ជា​អ្វីដែល​គ្រប់​ប្រទេស​ចង់បាន ព្រោះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច​។ ភាព​ទាក់​​ទាញ​នេះ​នឹងមាន​កម្លាំង​កាន់​​តែ​ខ្លាំង​ប្រសិនបើ​កម្ពុជា​អាចធ្វើ​យ៉ាងណា​ធ្វើឱ្យ​តម្លៃ​ដើម​ផលិត​ក្នុងស្រុក​កាន់តែ​ទាប​។​

​លោក​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​ការទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ​កាន់តែច្រើន និង​ទុន​វិ​និ​យោគ​កាន់តែ​ធំ កម្ពុជា​ក៏ត្រូវ​ខំ​បន្ថែមទៀត​ក្នុងការ​កាត់បន្ថយ​ការិយាធិបតេយ្យ និង​រិះរក​នូវ​វិធីសាស្ត្រ​ដើម្បី​បង្កើត​ពលកម្ម​ជំនាញ​ឱ្យ​កាន់តែច្រើន​»៕