ភ្នំពេញៈ ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ (MoU)​ ជា​មួយ​សមាគម​សហគ្រាស ​ដើម្បី​គាំពារ​បរិស្ថាន​នៅ​កម្ពុជា (EPIAC) ក្នុង​គោល​បំណង​ ដើម្បី​លើក​កម្ពស់​ការ​ថែរក្សា​បរិស្ថាន និង​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​ទៅ​បណ្តាក់​ទុន​ក្នុង​ទីនោះ​កាន់​តែ​ច្រើន​។​

ការចុះ MoU នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ រវាង​លោកស្រី កែវ មុំ អគ្គនាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់សីលា ជា​មួយ​លោក Guo ប្រធាន​ប្រតិបត្តិ​ EPIAC នៅ​ការិយាល័យ​របស់​សមាគម​សហ​គ្រាស ​ដើម្បី​គាំពារ​បរិស្ថាន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០២២។​

លោកស្រី កែវ មុំ អគ្គនាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​នំ​ស្រួយ​លីលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ​៣១ ខែ​កក្កដា​ថា ទោះបី​​​នៅ​ពេល​នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា កំពុង​ទាក់​ទាញ​បាន​ឱ្យ​គម្រោង​​វិនិយោគ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ក៏​ដោយ ក៏​ក្រុមហ៊ុន​របស់​លោក​ស្រី​មិន​ដែល​ភ្លេច​ពី​ការ​ថែរក្សា​បរិស្ថាន​នោះ​ទេ ព្រោះ​ដើម្បី​ឱ្យ​ការ​វិនិយោគ​មួយ​មាន​និរន្តរភាព​យូរ​អង្វែង អ្នក​វិនិយោគ​ចាំ​បាច់​ត្រូវ​តែ​គិត​គូរ​ពី​បរិស្ថាន​​។​

លោកស្រី​​បញ្ជាក់​ថា៖​ «​MoU នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បីការ​ពារ​បរិស្ថាន ដោយ​ EPIAC នឹង​ធ្វើ​ជា​តំណាង​ឱ្យ​តំបន់​សេដ្ឋកិច្ច​​ពិសេស​កំពង់សីលា ក្នុង​ការ​សិក្សា និង​វិភាគ​ពី​ផល​ប៉ះពាល់​បរិស្ថានផ្សេងៗ​ ជា​មួយ​ក្រុមហ៊ុន​​ដែល​មាន​បំណង​ចង់​​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់សីលា​។ គ្រប់​ការ​វិនិយោគ​ដូច​ជា​ដំឡើង​រោងចក្រ និង​សាងសង់​សំណង់​ផ្សេងៗ​​​តែង​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​ មាន​ដូច​ជា ការ​បញ្ចេញ​ផ្សែង​ពុល ក្លិន និង​ទឹកកខ្វក់​ជា​ដើម​»។​

លោក​ស្រី​​បន្ថែម​ទៀត​ថា ការ​គ្រប់​គ្រង​បរិស្ថាន​បាន​ល្អ នឹង​ជួយ​ឱ្យ​អ្នកប្រកប​ការងារ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ប្រជាជន​នៅ​ក្នុង​តំបន់ ព្រម​ទាំង​ជីវិត​ទាំង​អស់​នៅ​លើ​ភព​ផែនដី មាន​ជីវិត​រស់​នៅ​ស្រស់​បំព្រង​ និង​យូរ​អង្វែង​។​

ទាក់ទង​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ពេល​នេះ លោកស្រី កែវ មុំ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ដោយ​សារ​តែ​ក្តី​បារម្ភ​ពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ពេល​នេះ​ចំនួន​អ្នក​វិនិយោគ​កំពុង​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ជា​បណ្តើរៗ​ហើយ។

តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា មាន​ទីតាំង​ស្ថិត​​ក្នុងឃុំ​ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​ លើ​ផ្ទៃដី​សរុប ៨០០​ ហិកតា៕