សៀមរាបៈ កម្ពុជាប្រកាស​ផ្សព្វផ្សាយ​ពី​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈ​​កម្ម​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិ​​វឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប (​ឆ្នាំ ​២០២២-២០២៣) ដើម្បី​ជំរុញ​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ផែនការ​សកម្មភាព​នៃ​ផែន​​ការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​នេះ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ១៧ និង​សកម្មភាព​អនុវត្ត​ចំនួន ៣៧ ក្នុងនោះ​គោលដៅ​ទេសចរណ៍​អាទិភាព​ចំនួន ៦ ដែល​ត្រូវអនុវត្ត​ក្នុង​ផែនការ​សកម្មភាព​តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការ​​ពារ​ប្រាសាទបន្ទាយស្រី​, តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​, តំបន់​បេ​​តិក​ភណ្ឌ​អង្គរ​, តំបន់​ក្រុង​សៀម​​រាប​, តំបន់​បឹង​ទន្លេសាប និង​តំ​​បន់​ទេសចរណ៍​សៀមរាប​ថ្មី​។​

​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​អម​ជាមួយ​​ការប្រកាស​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ កាលពី​ថ្ងៃទី ​១ ខែ សីហា ឆ្នាំ ​២០២២ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរ​​ណ៍​ខេត្តសៀមរាបបាន​ថ្លែងថា ភាពជោគជ័យ​នៃ​ការអនុវត្ត​នៅក្នុង​ឆមាស​ទី​២ ឆ្នាំ ​២០២២ និង​ឆ្នាំ ​២០២៣ នឹង​ដើរតួ​ជា​មូល​​ដ្ឋា​ន​សំខាន់បំផុត​សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរ​​ណ៍​កម្ពុជា​ឱ្យដល់​កម្រិត​ដូច​មុនពេល​វិបត្តិ និង​កាន់តែ​ប្រសើរ ជាង​មុន ទាំង​នៅលើ​ទិដ្ឋភាព​បរិមាណ និង​គុណភាព​។​

​លោក​បន្តថា ក្រោយពី​ការ​​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​សកម្មភាព​នេះ ខេត្តសៀមរាប​រំពឹងថា​ នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ១០​ ម៉ឺន​នាក់​ក្នុងឆ្នាំនេះ ហើយនឹង​កើន​ដល់​ ៥០​ ម៉ឺន​នាក់​​ ក្នុង​ឆ្នាំ ​២០២៣​។​

​លោក​បន្ថែមថា សៀមរាប គឺជា​គោលដៅ​ចម្បង​បំផុត​ដែល​ចាំបាច់​ត្រូវតែ​ស្តារ​សកម្មភាព​ទេសចរណ៍​ឡើងវិញ​ទាំង​ការ​​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​ការខិតខំ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រភព​ទីផ្សារ​សំខាន់ៗ​ក្នុងដំណាក់កាល​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​ការ​កាត់​​បន្ថយ​នូវ​របាំង​នៃ​ការធ្វើដំណើរ រួមជាមួយ​ការគ្រប់គ្រង​បាន​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ កំពុង​ចូលរួម​ជំរុញ​កំណើន​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ផ្ទៃក្នុង និង​ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ រួមជាមួយ​កំណើន​នៃ​ការតភ្ជាប់​ឡើងវិញ​នូវ​ជើង​ហោះហើរ​ចូលមក​កម្ពុជា​គួរឱ្យកត់សម្គាល់ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​»​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប គឺជា​ផែនការមេ​ដំបូង​គេ​ដែល​ត្រូវ​បានប្រកាស​ឱ្យ​អនុវត្ត​ដោយ​តាមរយៈ​ផែនការ​សកម្មភាព​ឆ្នាំ​២០២២-២០២៣ នេះ សៀម​​រាបនឹង​ទទួលបាន​ភ្ញៀវទេសចរ​ដូច​ការរំពឹងទុក​។​

​លោក​ថ្លែងថា​៖ «​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈកម្មការ​គ្រប់គ្រង និង​អភិ​​វឌ្ឍន៍​ទេសចរណ៍​សៀមរាប ​បានប្រកាស​ជា​ផ្លូវការ​ហើយ​។ យើង​មានជំនឿថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ការ​​អនុវត្ត​ផែនការ​សកម្មភាព​នេះ​ឱ្យទទួល​ជោគជ័យ ជាពិសេស​អភិវឌ្ឍន៍ និង​កែលម្អ​គោលដៅ​ទេសចរណ៍​អាទិភាព​សំខាន់ៗ​ទាំង​ ៦ ឱ្យមាន​ប្រសិទ្ធភាព​»​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​និយាយថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ក្នុង​ខេត្ត គួបផ្សំ​នឹង​ផែនការមេ​​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប នឹង​ជំរុញ​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​មកកាន់​សៀមរាប ឱ្យដល់​កម្រិត​ដូច​មុនពេល​មាន​វិបត្តិ និងកាន់តែ​ប្រសើរ​ជាង​មុន​។​

​លោក​និយាយថា​៖ ​​«​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវ​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​ប្រមាណ​ជាង ១៥០​ លាន​ដុល្លារ​នេះ គឺជា​ការវិនិយោគ​មួយ​ដ៏​ត្រឹមត្រូវ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ជំរុញ និង​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប ឱ្យ​ត្រឡប់​ទៅ​ភាព​ល្អប្រសើរ​ឡើងវិញ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថា វិស័យ​ឯកជន​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ទេសចរ​​ណ៍ និង​ស្ថាប័ន​ជាច្រើន​ទៀត​ក្នុងការ​ផ្តល់នូវ​ធាតុ​ចូល​ដើម្បី​កសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ទាក់ទាញ​ទីផ្សារ​ដែលមាន​សក្តានុពល​។​

​លោកស្រី​អះអាងថា​៖ «​យើង​រំពឹងថា ការដាក់ឱ្យ​អនុវត្ត​ផែន​​ការ​នេះ​នឹង​ជួយ​ជំរុញ​ព​ន្លឿ​ន​ដល់​ផែនការមេ​អភិវឌ្ឍន៍​ឱ្យបាន​ទទួលជោគជ័យ​តាម​ការគ្រោងទុក និង​ជួយ​ជំរុញ​ដល់​ការចូល​​រួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ពង្រឹងគុណភាព​បដិសណ្ឋារកិច្ច សេវា​កម្ម​ផលិតផល​ទេសចរណ៍ ធន​​ធាន​មនុស្ស និង​សមត្ថភាព​វិជ្ជា​ជីវៈ​ទេសចរណ៍​បន្ថែមទៀត​»​។​

​របាយការណ៍​ក្រសួង​ទេស​​ចរណ៍​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ខេត្តសៀមរាប​បានទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៦​ ម៉ឺន​នាក់ កើនឡើង ១ ០២៥​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ១​ លាន​នាក់ កើន ៧៩៨ ​ភាគរយ​។ ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប មាន​ចំនួន ៣៨៧ ​ជើង​៕