ភ្នំពេញៈ បន្ទាប់ពី​បាន​ផ្អាក​នាំចេញ​មួយរយៈ ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​ប្រ​ទេស​ជប៉ុន ​របស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ នឹង​ចាប់ផ្តើម​ឡើងវិញ​ក្នុង​ខែកញ្ញា​ខាងមុខ ខណៈ​ពេលនេះ​ការនាំចេញ​នៅ​រង់ចាំតែ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​តែប៉ុណ្ណោះ​។​

​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​​ស្វាយចន្ទី​ជ័យ​សំបូរ លោកស្រី អ៊ិ​ន ឡៃ​ហ៊ួ​ត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​១ ខែសីហា​ថា បន្ទាប់ពី​មាន​ការជួយ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម និង​ក្រុមហ៊ុន Top Planning Japan (TPJ) ចំពោះ​ការធ្វើ​អធិការកិច្ច​ទៅលើ​ទីតាំង​របស់​សិប្បកម្ម កន្លែង​ដាំ​ដុះ ខ្សែចង្វាក់​ផលិតកម្ម និង​ការ​​វេច​ខ្ចប់ ដោយ​ជោគជ័យ​រួចមក​សិប្បកម្ម​លោកស្រី​រំពឹងថា ការ​​នាំ​ចេញទៅ​ជប៉ុន នឹង​អាច​ចាប់​​ផ្តើម​ឡើងវិញ​ក្នុងអំឡុង​ពាក់​​កណ្តាល​ខែកញ្ញា​ខាងមុខ​។ បើតាម​ការរំពឹងទុក វិញ្ញាបនបត្រ ត្រួតពិនិត្យ​គុណភាព​នេះ​អាច​នឹង​រួចរាល់​ក្នុង​រយៈពេល​ ៦​ សប្តាហ៍​ទៀត​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ នឹងធ្វើ​ឡើង​ក្នុង​ខែកញ្ញា ដោយពេល​នេះ​យើង​រង់ចាំតែ​វិ​ញ្ញាប​ន​ប​ត្រ​ប៉ុណ្ណោះ ខណៈ​អ្វីៗ​បានរៀបចំ​រួច​អស់ហើយ​»​។​

​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន TPJ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ បានចាប់ផ្តើម​នាំចេញ​ស្វាយចន្ទី​ទៅ​ទីផ្សារ​ជប៉ុន​ជា​លើកដំបូង​ កាលពី​ឆ្នាំ​ ២០២១ ដោយ​គិត​ត្រឹម​ខែមីនា ឆ្នាំ ​២០២២ សិប្ប​កម្ម​មួយ​នេះ​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​ជប៉ុន​សរុប​ជាង ៤៥ ​តោន​។ ទោះបី​យ៉ាង​ណា​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២២ មក ការនាំចេញ​មិនបាន​កើតមាន​ទៀត​ទេ ព្រោះ​ភាគី​ជប៉ុន​បាន​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព និង​ការ​វេច​​ខ្ចប់​តាម​លក្ខណៈ​ស្តង់ដា ដែល​ភាគី​ជប៉ុន​ចង់បាន​។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ថា ស្វាយចន្ទី គឺជា​ក​សិ​​ផល​ដែលមាន​ដាំ​ដុះ និង​មាន​សក្តានុពល​មួយ​របស់​កម្ពុជា ប៉ុន្តែ​ដោយសារ​កត្តា​អាកាស​​ធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន ​កាល​​ពី​ដើមឆ្នាំ ​២០២២ ដូច្នេះ​ទិន្នផល និង​គុណភាព​គ្រាប់ស្វាយចន្ទី​ក្នុងឆ្នាំនេះ មិនសូវ​បាន​ច្រើន​និង​ល្អ​ដូច​ឆ្នាំ ​២០២១ ឡើយ​។

លោក​បន្ថែមថា ក្រៅពី​បំពេញតម្រូវការ​ក្នុងស្រុក​កន្លងមក​គ្រាប់ស្វាយចន្ទី​កែច្នៃ ត្រូវបាន​នាំចេញ​ទៅ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប អាមេរិក និង​ប្រទេស​ជប៉ុន​ផងដែរ ខណៈ​គ្រាប់ស្វាយចន្ទី​ស្រស់​ត្រូវបាន​ឈ្មួញ​នាំទៅ​ប្រទេស​វៀតណាម​ជាច្រើន​តោន​រៀងរាល់ឆ្នាំ​។​

​លោក​អះអាងថា​៖ «​បើទោះបី​មាន​តម្រូវការ និង​ទីផ្សារ​ច្រើន ប៉ុន្តែ​ការវិនិយោគ​ក្នុង​ការដាំដុះ និង​ការកែច្នៃ​ផលិតផល​គ្រាប់ស្វាយចន្ទី ហាក់​មិនសូវមាន​សម្ទុះ​ខ្លាំង​ដូច​កសិផល​មួយ​​ចំនួន​ទៀត​នោះទេ​»​។​

​បើ​យោងតាម​លោក ស៊ី​ឡុ​ត សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ នឹង​ក្លាយជា​ស្ថាប័ន​ទី​៣ ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប​ត្រ​ទទួលស្គាល់​គុណភាព​កម្រិត​អន្តរជាតិ បន្ទាប់ពី​ក្រុម​​ហ៊ុន Ample Agro Product Co., Ltd និង Welwilling Agricultural Technology (Cambodia)Co., Ltd ដែល​វិញ្ញាបនបត្រ​នេះ នឹង​អនុញ្ញាតឱ្យ​នាំចេញ​ដោយ​ស្របច្បាប់​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ បន្ថែម​ពីលើ​នេះ​សិប្បកម្ម​ជ័យ​​សំបូរ​ក៏​ទទួលបាន​វិញ្ញាបនបត្រ Organic Processed Food Oversea Processor Certificate ដែល​អាច​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ផងដែរ​។​

​តាម​ការប៉ាន់ស្មាន​នៅក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី ក្នុង​ទឹកប្រាក់​សរុប ១ ៦០៤,៨៧​ លាន​ដុល្លារ ​កើនឡើង ២៣៣,៣២​ ភាគរយ ​បើ​ធៀប​ឆ្នាំ ​២០២០​។ សម្រាប់​បរិ​​មាណ គឺ ៩៣៧ ៩៧៤,២៦ តោន​កើន ៣២៨,៣៤ ​ភាគរយ​។ ទីផ្សារ​សំខាន់ៗ​រួមមាន​ដូចជា វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និង​កូរ៉េ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​៕