
រូបភាព YOUSOS APDOULRASHIM
ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC) ) បានដាក់ឱ្យដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុងប្រទេសដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បីតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន។
ផែនទីហានិភ័យឥណទានគឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពី ក្រុមហ៊ុន CBC ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើហានិភ័យ ឥណទានរបស់ស្ថាប័នខ្លួន ពីទីតាំងមួយទៅទីតាំងមួយទៀតបានយ៉ាងងាយស្រួល។
លោក អឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន CBC បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះយើងបានសង្កេតឃើញថា វិស័យហិរញ្ញវត្ថុនៅកម្ពុជាបានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថល និងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។
លោកថ្លែងថា៖ «ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះយើង មានសមាជិកសរុប ១៨០ ស្ថាប័ន ដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការ លើសេវា និងផលិតផល របស់ខ្លួន ទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឱ្យពួកគេ មានតម្រូវការលើការវិភាគហានិភ័យលើកម្ចី នៅតាមតំបន់ទាំងនោះ។ ដូច្នេះហើយទើបឧបករណ៍វិភាគនេះគឺបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់សមាជិកយើង»។
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC) ប្រាក់កម្ចីតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ៥១,៥ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ពោលគឺកើនឡើង ២៣,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង ១៦ ភាគរយដល់ ៤២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍នេះ។
យោងតាមរបាយការណ៍ ប្រាក់កម្ចីមិនដំណើរការ (NPLs) នៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថិតក្នុងអត្រាអាចគ្រប់គ្រង ចំនួន ២,៦ ភាគរយ និង ២,៣ ភាគរយរៀងគ្នា។
គិតត្រឹមខែមិថុនា ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨០ ឥណទានជនបទចំនួន ២៣១ ក្រុមហ៊ុនភតិសន្យាចំនួន ១៧ ។
យោងតាម CBC ផែនទីហានិភ័យឥណទានមិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារ ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការកម្ចីឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគកម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។
ក្រុមហ៊ុន CBC បន្តថា៖ «ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្ត្រឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្ត្រទីផ្សារ និងការធ្វើផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ»។
«ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិតផែនទីហានិភ័យឥណទានរួមជាមួយនឹងសេវាវិភាគ ទិន្នន័យ (DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនីដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន»។ នេះបើយោងតាមក្រុមហ៊ុន CBC។
កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន CBC បានកែតម្រូវរបាយការណ៍វិភាគទិន្នន័យ (DAR) របស់ខ្លួននៃឧបករណ៍វិភាគព័ត៌មានឆ្លាតវៃអាជីវកម្ម ដែលអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់មកពីស្ថាប័នហិរញ្ញវត្ថុជាសមាជិកអាចអនុវត្តការត្រួតពិនិត្យជាយុទ្ធសាស្ត្រ នៃប្រតិបត្តិការរបស់ពួកគេ៕