Azaylla ជា​ក្រុមហ៊ុន​ចែកចាយ​អាហារ​ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មូលនិធិ ពី​មូលនិធិ Instior Impact Asia Fund II ដែលជា​មូលនិធិ​វិនិយោគ​គ្រប់គ្រង​ ដោយ​ក្រុមហ៊ុន Insitor Partners ដើម្បីធ្វើ​ការងារ​ជាមួយ​កសិករ​ខ្នាតតូច និង​សហករណ៍​នៅ​ទូទាំងប្រទេស ដើម្បី​ទទួលបាន​ផលិតផល​ស្រស់ៗ ខណៈ ដែល​បច្ចុប្បន្ន ប្រទេស​កម្ពុជា​នាំចូល​ផលិតផល​ស្រស់​ដូចជា​បន្លែ​ប្រហែល ៧០​ ភាគរយ​ពី​ប្រទេសជិតខាង​។​

​ការទទួលបាន​មូលនិធិ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ​១ ​ខែសីហា​នេះ នឹងត្រូវ​ប្រើប្រាស់​ជា​មូលនិធិ​ថ្មី​ ដើម្បីពង្រីកបណ្តាញក​សិ​-​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព និង​ទំនួល​ខុសត្រូវ​សង្គម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បីផ្គត់ផ្គង់​ផលិតផល​ក្នុងស្រុក​ដល់​ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​។​

​ក្រុមហ៊ុន ​Azaylla​ បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​ផលិតផល​ស្រស់​ប្រហែល ៧០ ភាគរយ​ពី​បណ្ដាប្រទេសជិតខាង​ដូចជា វៀតណាម និង​ថៃ​។ ក្រុមហ៊ុន Azaylla ​គាំទ្រ​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការធ្វើការងារដោយផ្ទាល់​ជាមួយ​កសិករ​ដើម្បី​កែលម្អ​គុណភាព​ដំណាំ បង្កើន​ទិន្នផល និង​ទទួលបាន​ឥណទាន​។​

​លោក ParthBorkotoky​ អគ្គនាយក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន ​Azaylla ​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២ ​ខែសីហា​ថា មូលនិធិ​នេះ​នឹង​ជួយ​ពង្រីក​បណ្តាញ​អាជីវកម្ម​ក​សិ​-​ពាណិជ្ជកម្មបច្ចុប្បន្នរបស់លោក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ក្នុងស្រុក ដល់​ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​។​

​លោក​ថ្លែងថា​៖ «​ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការបង្កើត​ថ្នាល​អន​ឡាញ​រវាង​អាជីវកម្ម​ និង​អាជីវកម្ម​ (B2B) ដែលនឹង​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ សម្រាប់​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ម្ហូបអាហារ​ក្នុង​ការទិញ​ផលិតផល​ក្នុងស្រុក​។ ថ្នាល​ឌីជីថល​នេះ​រួមបញ្ចូល​គ្នា​នូវ​ការយល់ដឹង​របស់​អ្នកប្រើប្រាស់ទិន្នន័យទីផ្សារ និង​ការជ្រើសរើសថ្នាលឌីជីថល​នេះ​ផ្តល់​ការកំណត់​តម្លៃ​ជាប្រចាំ និង​ភាព​អា​ចរក​ព័ត៌មាន​ថ្មីៗ​»​។​

​លោក​លើកឡើងថា​៖ «​យើង​នឹង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​កសិករ​ ដើម្បី​កែលម្អ​គុណភាព​ដំណាំ បង្កើន​ទិន្នផល និង​ទទួលបាន​ឥណទាន​។ តាមរយៈ​បណ្តាញ និង​ថ្នាល​អន​ឡាញ​របស់​យើង យើង​នឹង​ជួយ​កសិករ​ក្នុងស្រុក ពង្រីក​មូលដ្ឋាន​អតិថិជន​របស់​ពួកគេ ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ផលិតផល​របស់ខ្លួន​»​។​

​លោក Bradley Kopsick ​នាយក​ប្រចាំ​ប្រទេស​របស់ Insitor Cambodia បានឱ្យដឹងថា កសិកម្ម​នៅតែ​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

​លោក Bradley បន្តថា​៖ «​ក្រុមហ៊ុន Azaylla ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កសិករ​ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈមប្រចាំថ្ងៃរបស់​ពួកគេ រួមទាំង​តម្រូវការ​ទីផ្សារ​មិន​ច្បាស់លាស់ និង​ទិន្នផល​ដែល​យឺត​ជាង​ប្រទេសជិតខាង​»​។

​ការវិនិយោគ​លើ​ក្រុមហ៊ុន ​Azaylla ​បង្ហាញ​ពី​ការវិនិយោគ​ទី​ ៩​ នៅក្នុង​ប្រទេស​កម្ពុ​ជា ស​ម្រា​ប់ Insitor Partners ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​។ ដោយបាន​បង្កើតឡើងនៅក្នុង​ទីក្រុង ភ្នំពេញ ​កាល​ពី​ឆ្នាំ ២០០៩ មូលនិធិ ​Insitor​ គាំទ្រ​សហគ្រិន​ដំណាក់កាល​ដំបូង​ក្នុងការ​បង្កើត ដំណោះស្រាយផ្លាស់​ប្តូរជីវិត ​សម្រាប់​អតិថិជន​ដែលមាន​ប្រាក់ចំណូល​ទាប​នៅក្នុង​តំបន់​អាស៊ី​កំពុងអភិវឌ្ឍន៍​។ ការវិនិយោគ​ចំនួន ២៩ ​របស់​មូលនិធិ​នេះ មាន​ឥទ្ធិពល​លើ​អតិថិជន ​ដែលមាន​ចំណូល​ទាប​ជាង ៥០​ លាន​នាក់​នៅ​ទូទាំង​តំបន់​។​

​យោងតាម​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយកម្ពុជា​បាន​នាំចូល​បន្លែប្រមាណ​ចន្លោះ​ពី ២០០ ទៅ ៤០០ តោន​ជា​រៀងរាល់ថ្ងៃ​ ពី​បណ្ដា​ប្រទេសជិតខាង ​និង​ក្នុង​តំបន់ ដូចជា​ពី ប្រទេស​វៀតណាម ថៃ និង​ចិន ជាមួយ​ទឹកប្រាក់​ចន្លោះ​ពី ១៥០ ​លាន​ដុល្លារ​ទៅ ២៥០​ លាន​ដុល្លារ ។

​នៅ​ឆមាស​ទីមួយ​ឆ្នាំ ២០២២​ ការនាំចេញ​កសិផល​មាន​ចំនួន​សរុប​ជាង ៥​ លាន​តោន​ទៅកាន់​ប្រទេស​ចំនួន ៦៥ កើនឡើង ១៣,០៥ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១​ ដែលមាន​ចំនួន​ជាង ៤,៤៥៤ លាន​តោន​។ ខណៈដែល​តម្លៃ​សរុប (​ឯក​តា​តម្លៃ​ផ្អែកលើ​វិក្កយបត្រ​របស់​ក្រុមហ៊ុននាំចេញ​) មាន​ជាង ២,១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួងកសិកម្ម​៕