ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​បញ្ចៀស និង​បន្ធូរបន្ថយ​សម្ពាធ​ហានិភ័យ និង​បញ្ហា​ប្រឈម​នានា​ដែល​អាច​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បញ្ហា​អតិផរណា​លើ​ថ្លៃ​ប្រេង ស្បៀង និង​ម្ហូបអាហារ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​ក្នុង​រយៈពេល ៥ ​ឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ថ្ងៃទី​ ២ ខែ​សីហា លោក មាស សុខសេនសាន អ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​និយាយ​ថា ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ៥,៤​ ភាគរយ​គឺ​ខ្ពស់ជាង​ការព្យាករ​ក្នុង​អត្រា ៤,៨ ភាគរយ​នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ ក៏ប៉ុន្តែ​ទាប​ជាង​ការព្យាករ​កាលពី​ដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦ ​ភាគរយ​ ដោយសារ​តែ​ផលប៉ះពាល់​ជំងឺ​កូវីដ​ ១៩ មិនទាន់​ប្រសើរ​ឡើង​ទាំងស្រុង ហើយ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយក្រែន ក៏​កំពុង​បង្កើតឡើង​នូវ​ផលប៉ះពាល់​បន្តបន្ទាប់ ជាពិសេស​គឺ​បញ្ហា​អតិផរណា​លើ​ថ្លៃ​ប្រេង ស្បៀង និង​ម្ហូបអាហារ​។

លោក​បន្ថែមថា អត្រា​អតិផរណា​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ដោយ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ស្ថិតក្រោម​ ៥​ ភាគរយ និង​តួលេខ​ថ្មី ៣ ​ភាគរយ​។ ការសម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ជាមួយ​អត្រា​អតិផរណា​ទាប​ខាងលើ​បាន​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​បន្ត​មាន​ភាពប្រសើរ​ឡើង​។

លោក​បន្តថា ក្រសួង​សេដ្ឋកិច្ច​នឹង​បន្ត​តាមដាន និង​វាយតម្លៃ​ជាប្រចាំ​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់ និង​ត្រៀមលក្ខណៈ​ក្នុង​ការដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​លើ​បញ្ហា​នានា​ដែល​អាច​កើតមាន​ជាយថាហេតុ​។

លោក​បញ្ជាក់​ថា​៖ «​ហានិភ័យ​ពី​កត្តា​ខាងក្រៅ និង​ក្នុង​ប្រទេស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ត្រៀមលក្ខណៈ​រួច​ជាស្រេច​ក្នុង​ការបញ្ចៀស និង​បន្ធូរបន្ថយ​សម្ពាធ​ហានិភ័យ និង​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ តាមរយៈ​ការដាក់ចេញ និង​អនុវត្ត​វិធានការ​គោលនយោបាយ​ឆ្លើយតប​ទាំង​ក្នុង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​»​។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​ ១ និង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ ថា ការអូសបន្លាយ​សង្គ្រាម និង​ការដាក់​ទណ្ឌកម្ម​នានា​លើ​ប្រទេស​រុស្ស៊ី​បាន​ធ្វើឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក​កើនឡើង​ជា​លំដាប់​ ដោយសារ​រុស្ស៊ី និង​អ៊ុយក្រែន​សុទ្ធតែ​ជា​ប្រទេស​នាំមុខ​គេ​ក្នុងការ​នាំចេញ​វត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និង​ផលិតផល​កសិកម្ម ជាដើម​។

លោក​ថ្លែងថា​៖ «​ក្រោម​ឥទ្ធិពល​នៃ​ការកើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក អតិផរណា​នៅ​កម្ពុជា​ក៏បាន​កើន​ជា​បន្តបន្ទាប់​ដល់ ៧,២ ​ភាគរយ​ក្នុង​ខែឧសភា ដែល​ជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង ១​ ទសវត្សរ៍​ចុងក្រោយ​»​។

លោក​បន្ថែម​ថា​៖ «​ក្នុង​ស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លឹងថ្លែង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ ដើម្បី​គ្រប់គ្រង​សម្ពាធ​អតិផរណា​ផង និង​គាំទ្រ​ការស្តារ​កំណើន​សេដ្ឋកិច្ច​ផង ដើម្បី​រួមចំណែក​គ្រប់គ្រង​សម្ពាធ​អតិផរណា អត្រា​ប្តូរប្រាក់​ត្រូវ​បាន​បន្ត​រក្សា​ឱ្យមាន​ស្ថិរភាព​សំដៅ​ការពារ​អំណាច​ទិញ​របស់​ប្រាក់រៀល​ក៏ដូចជា​ប្រាក់​ចំណូល​របស់​ប្រជាជន​ងាយ​រងគ្រោះ​»​។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ ឱ្យ​ដឹងថា ចំពោះ​បញ្ហា​អតិផរណា​រាជរដ្ឋាភិបាល​បាន​រៀបចំ​ថវិកា​សម្រាប់​ដោះស្រាយ​ហើយ ប៉ុន្តែ​បើ​ថ្លៃ​ប្រេង​នៅ​បន្ត​ឡើង នោះ​ពិតជា​មាន​ការលំបាក​ណាស់​ក្នុង​ការបន្ត​ទប់ទល់​នឹង​បញ្ហា​អតិផរណា ដែល​កើតមាន​ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​។ លោក​បន្ថែមថា បច្ចុប្បន្ន​ថ្វីដ្បិតតែ​តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់ចុះ​បន្តិច​មែន ប៉ុន្តែ​នាពេល​ខាងមុខ​បើសិន​ថ្លៃ​ប្រេង​ឡើងថ្លៃ​វិញ​នោះ ច្បាស់​ណាស់​រដ្ឋាភិបាល​មិនអាច​មាន​លទ្ធភាព​​ទប់ទល់​បាន​យូរ​ទេ ដូចនេះ​គួរ​មាន​យុទ្ធសាស្ត្រ​បន្ថែមទៀត គឺ​ការលើក​កម្ពស់​ការផលិត​នៅក្នុង​ស្រុក ដើម្បី​ទប់ទល់​នឹង​តម្លៃ​ទំនិញ​នាំចូល​។

លោក​និយាយ​ថា​៖ «​ការលើកកម្ពស់​ផលិតកម្ម​ក្នុង​ស្រុក​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​ផលិតកម្ម​ក្នុង​ស្រុក​កាន់តែ​ច្រើន​ដែល​នឹង​ធ្វើឱ្យ​បរិមាណ​ផ្គត់ផ្គង់​កាន់តែ​កើន ហើយ​នៅពេល​នោះ​ថ្លៃទំនិញ​អាច​នឹង​ធ្លាក់ចុះ ដែល​នេះ​គឺជា​ដំណោះស្រាយ​ដ៏ល្អ និង​ជា​ដំណោះស្រាយ​រយៈពេល​វែង​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ទប់ស្កាត់​នូវ​ស្ថានការណ៍​អតិផរណា​បាន​»​។

យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្រោម​ចំណងជើង Weathering the Oil Price Shock ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​កាលពី​ខែមិថុនា​បង្ហាញថា ថ្វីដ្បិត​សេដ្ឋកិច្ច​មាន​សម្ទុះ​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​ដំណើរ​ស្តារ​ឡើងវិញ​បែរជា​ជួបនឹង​ភាពយឺតយ៉ាវ​ ដោយសារ​តែ​ការស្រុតចុះ​នូវ​តម្រូវការ​លើ​ទីផ្សារ​សកល​។ ការឡើង​ថ្លៃ​ឥតស្រាកស្រាន្ត​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ​លើ​ទីផ្សារ​ពិភពលោក​កំពុង​រុញ​អតិផរណា​ឱ្យ​កាន់តែ​ធំ​ឡើង ហើយ​នៅ​កម្ពុជា​ក្រុមគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​មិន​សូវ​មាន​ប្រាក់​សន្សំ ទំនងជា​ត្រូវ​រង​ទម្ងន់​នៃ​ការលំបាក​ធ្ងន់​ជាងគេ​ពី​សំណាក់​វិបត្តិ​ប្រេង​ឡើងថ្លៃ​នេះ​។ ឱនភាព​បញ្ជី​សារពើពន្ធ​ត្រូវ​រំពឹងថា​នឹង​កើន​ដល់ ៦,៣ ​ភាគរយ​នៃ​ ផ.ស.ស ដោយសារ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បន្ត​ធ្វើការ​ចំណាយ​លើ​កម្មវិធី​នានា​ ដើម្បី​ជួយ​ដល់​ជនក្រីក្រ​៕