ភ្នំពេញៈ កម្ពុជា​ចាប់ផ្តើម​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក​ដែលមាន​ក្នុង​រង្វង់​ពី ៩-១០​ ម៉ឺន​តោន ​ក្នុង ​១ ​ឆ្នាំ ខណៈ​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមឆ្នាំ បានធ្វើឱ្យ​អំបិល​ផលិត​បាន​ក្នុង​ឆ្នាំ ​២០២២ នេះ​ធ្លាក់ចុះ​ប្រហែល​ពាក់កណ្តាល ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១​។​

​បើ​យោងតាម​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម នៃ​ក្រសួង​ឧស្សា​​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ការផលិត​អំបិល​ក្នុង​ឆ្នាំ ​២០២២ សម្រេចបាន​ក្នុង​រង្វង់​ប្រមាណ ៤០ ០០០ ​តោន ខណៈ​ក្នុង​ឆ្នាំ​ ២០២១ ទិន្នផល​អំបិល​មាន​ប្រមាណ​ជាង ៧៥ ០០០ ​តោន​។​

​ខេត្តកំពត និង​កែប ជាទី​តាំង​ផលិត​អំបិល​នៅ​កម្ពុជា​។ ជាធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ខែ​ចុងខែ​ធ្នូ ទៅដល់​ពាក់​​កណ្តាល​ខែឧសភា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​បានអូសបន្លាយ​ការផលិត​រហូតដល់​ខែមិថុនា​។​

​អ្នក​ផលិត​អំបិល​នៅក្នុង​ខេត្តកំពត និង​ជា​អ្នក​នាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក លោក ប៊ុន បារាំង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី​ ២ ខែសីហា​ថា កត្តា​អាកាស​​ធាតុ​បានធ្វើឱ្យ​ទិន្នផល​អំបិល​ឆ្នាំនេះ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ គឺអាច​ទាប​ជាង​បរិមាណ​ផលិត​ក្នុង​ឆ្នាំមុន​ជាង​ពាក់កណ្តាល បើទោះបី​ផ្ទៃដី​ស្រែអំបិល និង​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យនេះ​នៅ​ដដែល​ក៏ដោយ​។ លោក​បន្តថា ជាមួយនឹង​ការធ្លាក់ចុះ​ទិន្នផល​ដ៏​ច្រើន​នេះ រដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗ​នេះ​ក៏បាន​ចេញ​គោលការណ៍​អនុញ្ញាតឱ្យ​នាំ​​ចូល​អំបិល​ប្រមាណ ៦០ ០០០ ​តោន ​យកមក​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក ដើម្បី​ចៀស​​វាង​វិបត្តិ​កង្វះ​អំបិល​ប្រើប្រាស់ និង​ការឡើង​តម្លៃ​ខ្ពស់​។ អំបិល​ដែល​កម្ពុជា​នាំចូល មាន​ប្រភពពី​ឥណ្ឌា ដែលជា​ប្រទេស​ផលិត​អំបិល​ធម្មជាតិ និង​មានគុណ​​ភាពល្អ​ដូច​អំបិល​កម្ពុជា​។​

ទិដ្ឋភាព​កន្លែង​លក់​អំបិល​មួយ​នៅ​ផ្សារចាស់ ក្រុង​ភ្នំពេញ។ ហុង មិនា

​លោក​ថ្លែងថា​៖ «​នៅពេលនេះ​ (​ថ្ងៃទី ​២ ខែសីហា​)​ អំបិល​ដែល​ខ្ញុំ​នាំចូល​វគ្គ​ទី​១ (​ជាង ៤ ០០០​ តោន​) បាន​មកដល់​កំពង់ផែ​ភ្នំពេញ​ហើយ ដោយ​ក្រុមកម្មករ​កំពុង​រៀបចំ​ដឹកជញ្ជូន​យកទៅ​ទុក​ក្នុង​ឃ្លាំង​ត្រៀម​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​»​។​

​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហ​​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើងថា កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ច្រើន​នាំឱ្យ​ផល​អំបិល​ប្រមូលបាន​ក្នុង​ឆ្នាំ ​២០២២ ស្ថិតក្នុង​រង្វង់ ៤០ ០០០ ​តោន​ប៉ុណ្ណោះ​។ លោក​បន្តថា ស្ថានភាព​នេះ​បាន​តម្រូវឱ្យ​កម្ពុជា​ត្រូវ​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ដើម្បី​បំពេញ​តម្រូវ​​ការ​ក្នុងស្រុក ខណៈ​រដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ជា​គោល​ការ​​ណ៍​ឱ្យ​នាំចូល​អំបិល​រួចហើយ​។​

​លោក​ប្រាប់ទៀតថា ជាទូទៅ​កម្ពុជា​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា ព្រោះ​ជា​អំបិល​ធម្មជាតិ​ដូច​កម្ពុជា​ដែរ ដែល​ប្រើ​កម្តៅថ្ងៃ​សម្រាប់​បង្ហួត​ទឹកសមុទ្រ​។

​កាលពី​ខែកុម្ភៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សា​​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​និយាយថា ក្រសួង​កំពុង​រៀបចំ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អំ​​បិ​ល​នៅ​កម្ពុជា​រយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ដោយ​សហការ​ជាមួយ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​គោល​​ការណ៍​ណែនាំ​ស្តីពី​ការ​គ្រប់​គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ស្រែអំបិល​កំពត​-​កែប​។​

​លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​រៀបចំឡើង​ដើម្បី​ពង្រឹង​ប្រ​សិទ្ធ​ភាព​សេដ្ឋកិច្ច​នៃ​ការផលិត​អំបិល​នៅ​កម្ពុជា​ដោយ​ផ្សារភ្ជាប់​នឹង​វិធានការ​គោលនយោបាយ​លើកទឹកចិត្ត និង​ជំរុញ​ផលិតកម្ម​អំបិល​ឱ្យបាន​ត្រឹមត្រូវ មាន​តម្លា​ភាព និង​គណនេយ្យភាព​។​

​របាយការណ៍​ក្រសួង​ឧស្សា​​ហក​ម្ម ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ ផ្ទៃដី​ធ្វើស្រែ​អំបិល​នៅក្នុង​ខេត្តកំពត និង​ខេត្ត​កែប មាន​ទំហំ​សរុប ៤ ៧៤៨​ ហិកតា​។ បើ​អា​​កាស​ធាតុ​អំណោយផល​ក្នុង ១ ហិកតា ​គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០ តោន​ក្នុង​រយៈពេល ១ ឆ្នាំ​។​

​កាលពី​ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ ​២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១​ ឆ្នាំៗ​ បាន​ជាង ១០​ ម៉ឺន​តោន​។ ទោះយ៉ាងណា ទិន្នផល​នេះ​បាន​ធ្លាក់ចុះ​ជា​បន្ត​​បន្ទាប់​ចាប់ពី​ឆ្នាំ ​២០១៧ មក​។ របាយការណ៍​បានឱ្យដឹង​ទៀតថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​បាន​ប្រហែល​ ១ ​ម៉ឺន​តោន​៕