
ឡូហ្គោក្រុមហ៊ុន Nokia និងក្រុមហ៊ុន Sinet ។រូបថត សហការី
ភ្នំពេញៈ សហគ្រាសរបស់កម្ពុជានឹងទទួលបានបណ្តាញល្បឿនអ៊ីនធឺណិតកាន់តែលឿន បន្ទាប់ពីក្រុមហ៊ុន Nokia និងក្រុមហ៊ុន SINET បានសហការគ្នាដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ XGS Passive Optical Network (PON) ដើម្បីដោះស្រាយតម្រូវការដែល កើនឡើងសម្រាប់អ៊ីនធឺណិតល្បឿនលឿនខ្លាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Nokia កាលពីថ្ងៃទី ២៨ ខែកក្កដាជាមួយនឹងភាពជាដៃគូដំណោះស្រាយ XGS-PON របស់ក្រុមហ៊ុន Nokia នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់ទីក្រុង និងតំបន់ផ្សេងទៀត។ នៅពេលដាក់ឱ្យប្រើប្រាស់បណ្តាញដែលត្រៀមរួចជាស្រេចនាពេលអនាគតរបស់ក្រុមហ៊ុន SINET នឹងអាចដោះស្រាយតម្រូវការសម្រាប់សមត្ថភាពបន្ថែម និងគាំទ្រករណីប្រើប្រាស់ថ្មីៗដូចជាទីក្រុងឆ្លាតវៃ និងបណ្ដាញ 5G ជាដើម។
ការដាក់ឱ្យប្រើប្រាស់ដែលរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវហ្វាយប៊ឺរបស់ក្រុមហ៊ុន Nokia ដែលមានស្រាប់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២។
លោក ដៀប គង់ ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SINET បានឱ្យដឹងថា នៅពេលដែលប្រព័ន្ធ អេកូស៊ីស្ដែម ឌីជីថលមានគ្រប់ទីកន្លែង សហគ្រាសត្រូវការនូវភាពជឿជាក់លើបណ្តាញពិសេសមួយ រួមជាមួយល្បឿនលឿន។ ក្រុមហ៊ុនប្តេជ្ញានឹងផ្តល់បទពិសោធបណ្តាញលំដាប់ពិភពលោកដល់អ្នកប្រើប្រាស់លក្ខណៈអាជីវកម្មរបស់ខ្លួន។
លោក គង់ បាននិយាយថា៖ «យើងកំពុងប្រើប្រាស់ដំណោះស្រាយ GPON របស់ក្រុមហ៊ុន Nokia ហើយយើងមានទំនុកចិត្តថា ដំណោះស្រាយ XGS-PON ដែលត្រូវបានផ្ដល់ក្នុងវិស័យនេះនឹងអាចឱ្យយើងផ្តល់នូវបទពិសោធប្លែកៗទៅដល់សហគ្រាសនៅកម្ពុជា។ ក្រុមហ៊ុន Nokia បានទទួលការយល់ព្រមប្រភេទឧបករណ៍ XGS-PON ពីនិយតករទូរគមនាគមន៍កម្ពុជា ដែលបង្ហាញឱ្យយើងឃើញពីគុណភាពនៃដំណោះស្រាយ និងការត្រៀមខ្លួនក្នុងការដាក់ឱ្យប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជា»។
លោក Ajay Sharma ប្រធានទទួលបន្ទុកប្រទេសថៃ និងកម្ពុជានៅក្រុមហ៊ុន Nokia បានឱ្យដឹងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុននឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវល្បឿន និងគុណភាពអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន SINET។
លោកលើកឡើងថា៖ «យើងពិតជារំភើបដែលក្រុមហ៊ុន SINET បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់ខ្លួនលើដំណោះស្រាយរបស់យើង។ ដំណោះស្រាយ XGS-PON ឈានមុខគេក្នុងឧស្សាហកម្មរបស់យើងនឹងអនុញ្ញាតឱ្យក្រុមហ៊ុន SINET ធ្វើឱ្យប្រសើរឡើងនូវល្បឿន និងគុណភាពអ៊ីនធឺណិតជារួមសម្រាប់អ្នកប្រើប្រាស់លក្ខណៈសហគ្រាសរបស់ខ្លួន ដែលនឹងជួយឱ្យពួកគេបង្កើនប្រាក់ចំណូលរបស់ខ្លួន និងទាក់ទាញអតិថិជនថ្មីៗ»។
លោកបន្តថា អ្នកប្រើប្រាស់លក្ខណៈសហគ្រាសនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនសមត្ថភាពបណ្តាញ ល្បឿន និងភាពជឿជាក់។
ដំណោះស្រាយការប្រើប្រាស់ហ្វាយប៊ឺរបស់ក្រុមហ៊ុន Nokia ដំណើរការដោយបន្ទះឈីប Quillion ដែលបច្ចុប្បន្នគាំទ្របច្ចេកវិទ្យា PON ចំនួន ៣ ជំនាន់ គឺ GPON, XGS-PON និង 25G PON។ វាមានប្រសិទ្ធភាពថាមពលជាង ៥០ ភាគរយលើសពីបន្ទះឈីបជំនាន់មុន ដែលអនុញ្ញាតឱ្យអ្នកផ្តល់សេវាកាត់បន្ថយការចំណាយលើប្រតិបត្តិការ។
ទិន្នន័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ ២០២២ ប្រទេសកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចំនួន ៤៤។ ប្រតិបត្តិករទូរស័ព្ទចល័តចំនួន ៥ ប្រតិបត្តិករទូរស័ព្ទលើតុចំនួន ៦ ក្រុមហ៊ុនច្រកទ្វារអន្តរជាតិចំនួន ២ ក្រុមហ៊ុនសេវាសារជាសំឡេង (VoIP) ចំនួន ១០ ក្រុមហ៊ុនផ្កាយរណបចំនួន ១ ក្រុមហ៊ុនការចែករំលែកទូរគមនាគមន៍ចំនួន ២ ក្រុមហ៊ុនខ្សែកាបក្រោមបាតសមុទ្រ ២ ក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិកចំនួន ៣ ក្រុមហ៊ុនបណ្តាញបន្ថែមតម្លៃចំនួន ១ និងក្រុមហ៊ុន Toll Free ចំនួន ១៕