​ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ម៉ាឡេស៊ី ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​សរុប​ជាង ៣២៥ ​លាន​ដុល្លារ កើនឡើង ៤២​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី មាន​ទឹកប្រាក់​ត្រឹម​ជាង ៥១​ លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា​-​មិថុនា ឆ្នាំ ​២០២២ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៣២៥,៦ ​លាន​ដុល្លារ កើនឡើង ៤២ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី ​១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី មាន​ទឹកប្រាក់ ៥១,៦៥ ​លាន​ដុល្លារ កើនឡើង ៦,៧​ ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា មាន​ទឹកប្រាក់ ២៧៣,៩៥​ លាន​ដុល្លារ កើនឡើង ៥១,៥ ​ភាគរយ​។​

​លោកស្រី កែវ មុំ អគ្គនាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់សីលា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៣ ខែសីហា​ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ទាំង​លក្ខណៈ​ទ្វេភាគី និង​តំបន់ ​(​អាស៊ាន​)​ បានធ្វើឱ្យ​ទំហំ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ការនាំចេញ​របស់​កម្ពុជា​នៅមាន​ចំនួន​តិចតួច​បើ​ធៀប​នឹង​ការ​នាំចូល​ទំនិញ​ពី​ម៉ាឡេស៊ី​មកវិញ​។ លោកស្រី​បន្តថា សម្រាប់​ផលិតផល​ដែល​កម្ពុជា​កំពុង​នាំទៅ​ទីផ្សារ​ម៉ាឡេស៊ី គឺមាន​ភាគច្រើន​ជា​ផលិតផល​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​បរទេស​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជា​កំពុង​ពង្រីក​បាន​នូវ​សក្តានុពល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ក៏ដោយ ក៏​បរិមាណ​ការនាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី​នៅមានកម្រិត​តិចតួច​ប៉ុណ្ណោះ​»​។​

​លោកស្រី​ប្រាប់ទៀតថា ជាមួយនឹង​ភាព​រីកចម្រើន​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន លោកស្រី​រំពឹងថា ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី នឹងមាន​ចំនួន​កាន់តែច្រើន ខណៈ​ចំនួន​អ្នកវិនិយោគ​ម៉ាឡេស៊ី​នៅ​កម្ពុជា​ក៏មាន​ចំនួន​កាន់តែច្រើន​ដែរ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ជាការ​ល្អ​ណាស់​ដែល​សកម្មភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២ នៅ​រក្សាបាន​ភាព​វិជ្ជមាន​ ទោះបី​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។ ទោះយ៉ាងណា បើ​ផ្អែក​តាម​តួលេខ​នាំចេញ​-​នាំចូល គឺ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​ការ​នាំចូល​របស់​ប្រទេស​ម៉ាឡេស៊ី​។

​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​សច្ចភាព ដោយសារតែ​កម្លាំង​ផលិត​របស់​កម្ពុជា​នៅ​ទាប​ជា​ម៉ាឡេស៊ី​។ ទោះយ៉ាងណា​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​របស់ខ្លួន​ឱ្យ​កាន់តែច្រើន និង​មាន​លក្ខណៈ​ចម្រុះ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​គម្លាត​ពាណិជ្ជ​កម្ម​ទ្វេភាគី​នេះ​»​។

​លោក​បន្ថែមថា ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក​ពិតជា​ចង់ឃើញ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី មាន​ខ្ពស់ជាង​ពេលនេះ​។

​លោក​លើកឡើងថា​៖ «​នៅពេល​នាំចូល​ទំនិញ​កាន់តែច្រើន​មានន័យថា សាច់ប្រាក់​នឹង​ហូរ​ចេញពី​ចរន្ត​សេដ្ឋកិច្ចជាតិ​កាន់តែច្រើន​ដែរ​»​។

​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ម៉ាឡេស៊ី​មានដូចជា អង្ករ ដូងប្រេង ម្រេច កៅស៊ូ ក្រណាត់ គ្រឿង​បង្គុំ​អគ្គិសនី ផលិតផល​ឧស្សាហកម្ម និង​កសិកម្ម ជាដើម​។ ចំណែក​ទំនិញ​កម្ពុជា​នាំចូល​ពី​ម៉ាឡេស៊ី មាន គ្រឿងបន្លាស់​រថយន្ត អាហារ និង​ភេសជ្ជៈ និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ ក្នុងជំនួប​ជាមួយ​លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី កាលពី​ខែកុម្ភៈ ឆ្នាំ ២០២២ បានស្នើ​ឱ្យ​ភាគី​ម៉ាឡេស៊ី​ជួយ​ជំរុញ​វិនិយោគិន​របស់ខ្លួន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ខណៈ​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ភាព​អំណោយផល​ច្រើន ​សម្រាប់​ការបណ្តាក់ទុន ពិសេស​មានច្បាប់​វិនិយោគ​ល្អប្រសើរ និង​មាន​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ច្រើន​លើ​ពិភពលោក​។

​ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី មាន​ទឹកប្រាក់​ជាង ៥០៣​ លាន​ដុល្លារ កើន ១៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី មាន​ជាង ១០១,៣១២ ​លាន​ដុល្លារ កើន ២,២ ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មាន​ជាង ៤០១,៦៧​ លាន​ដុល្លារ​កើនឡើង ១៦,១​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕