
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសន្ទនាជាមួយលោក Wang Yi។ រូបថត SPM
ភ្នំពេញៈ កម្ពុជា-ចិន បានប្តេជ្ញានឹងបន្តជំរុញការដោះដូរទំនិញ និងលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុន និងបង្កើនការហោះហើរត្រង់កាន់តែច្រើនមកកម្ពុជា ពិសេសប្រទេសចិននឹងបើកទីផ្សារកាន់តែធំបន្ថែមទៀតសម្រាប់នាំចូលផលិតកសិកម្មរបស់កម្ពុជា។
ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីនៅវិមានសន្តិភាព កាលពីថ្ងៃទី ៣ ខែសីហា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
លោក ហ៊ុន សែន បានស្នើឱ្យប្រទេសចិនផ្តល់ការគាំទ្រច្រើនថែមទៀត ដោយសារកម្ពុជាបានកំណត់គោលដៅច្បាស់លាស់ ជាពិសេសគឺការគាំទ្រទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលកម្ពុជាកំពុងធ្វើយ៉ាងណាឱ្យបានទទួលជោគជ័យនៅពេលខាងមុខ។ លោកបន្តថា កម្ពុជាពិតជាទទួលប្រយោជន៍ច្រើនជាពិសេសការវិនិយោគពីប្រទេសចិន ក៏ដូចជាការគាំទ្រពីជំនួយរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក ហ៊ុន សែន លើកឡើងទៀតថា លោកពិតជាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំកាន់តែធំថែមទៀត ខណៈរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង ៩ ពាន់លានដុល្លាររួចហើយ។
លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា មូលហេតុដែលលោកស្នើខាងលើ គឺ ដោយសារប្រទេសទាំង ២ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងចូលជាធរមានរួចហើយ។ លើសពីនោះកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២២ ផងដែរ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់លោក Wang Yi ឱ្យបន្តជួយកម្ពុជា តាមរយៈការនាំចូលកសិផល របស់កម្ពុជា មានដូចជា អង្ករ ផ្លែមៀនជាដើម ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។
លោក Wang Yi បានលើកឡើងថា ប្រទេសចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ លោកបានថ្លែងថា៖ «ថ្វីដ្បិតបច្ចុប្បន្នប្រទេសចិនមានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន នឹងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ»។
ពាក់ព័ន្ធនឹងការនាំចូលកសិផលវិញ លោក Wang Yi បាននិយាយថា ចិននឹងបន្តនាំចូលកសិផល និងផលិតផលពីកម្ពុជា ដោយសារចិនជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។
ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសចិន បង្កើនការវិនិយោគនៅកម្ពុជា និងស្នើឱ្យប្រទេសចិនបង្កើនចំនួនជើងហោះហើររវាងប្រទេសទាំង ២ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។
លោក Wang Yi និយាយថា៖ «ជើងយន្តហោះបានត្រឡប់មកធម្មតាវិញហើយ។ ចិននឹងពិចារណាបង្កើនជើងហោះហើររវាងប្រទេសទាំង ២។ ចំណែកវិស័យថាមពល ភាគីចិននឹងពិនិត្យមើលលើករណីនេះ ហើយនឹងធ្វើការសិក្សារួមគ្នាជាមួយកម្ពុជា៕