ភ្នំពេញៈ ការ​ធូរ​ស្រាលស្ថានភាព​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ និង​ការ​ងើប​ឡើង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​​ធ្វើ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធគយ​​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ សម្រេច​​បាន​ជិត ១,៣ ពាន់លាន​ដុល្លារ កើន ១២ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​ឆ្នាំ ២០២១។ នេះ​បើ​​តាម​ទិន្នន័យ​​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធ​ផល​ការងារ​គយ និង​រដ្ឋាករ​​កម្ពុជា​ ឆមាស​ទី ១ ឆ្នាំ ២០២២ ដែល​រៀបចំ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​សីហា បានឱ្យ​ដឹង​ថា ពី​ខែ​មករា-មិថុនា ឆ្នាំ ២០២២ ការ​ប្រមូល​ចំណូល​ពន្ធគយ​សម្រេច​បាន​ ៥ ២៥៩,៥ ពាន់​លានរៀល ស្មើ​ប្រមាណ ១ ២៩៥,៤ លាន​ដុល្លារ កើន​ ១២ ភាគរយ​​ធៀប​នឹង​ចំណូល​​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២១។ លទ្ធផល​នេះ​ស្មើ​ ៥០,២ ភាគរយ​នៃ​ផែនការ​​កំណត់​ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ បើ​គិត​តាម​ប្រភេទ​ពន្ធ និង​អាករ​ឃើញ​ថា អាករ​ពិសេស​​មាន​ចំនួន ១ ៩៧៧,៧ ពាន់លាន​​រៀល (៣៧,៩​ភាគរយ​នៃ​ចំណូល​សរុប), អាករ​លើ​តម្លៃ​បន្ថែម​ ១ ៩៩៦ ពាន់​លានរៀល (៣៧,៦​ភាគរយ​), ពន្ធគយ ៩៨៩,៨​ពាន់​លានរៀល (១៨,​៨ភាគ​រយ​), អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ១៨៩,៤ ពាន់​លានរៀល (៣,៦​ភាគរយ), និង​​អាករ​នាំចេញ និង​កម្រៃ​ផ្សេងៗ​ចំនួន ១០៦,៦ ពាន់​លានរៀល (២,១​ភាគរយ)។

ចំពោះ​ចំណូល​តាម​ក្រុម​ទំនិញ គឺ​​យាន​យន្ត និង​គ្រឿង​ចក្រ​ ២ ៣៧១,៥​ពាន់​លានរៀល (៤៥,​១​ភាគ​រយ), ទំនិញ​​ចម្រុះ​ ១ ៤៥៦,១ ពាន់​លាន​រៀល (២៧,​៧​ភាគរយ), ផលិតផល​តេល​សិលា ១ ១១០,៣ ពាន់​លានរៀល (២១,១​ភាគរយ), និង​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេងៗ​ ៣២១,៦ ពាន់លាន​រៀល (៦,១​ភាគរយ)។

​​ក្នុង​ឱកាស​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ខាង​លើ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គយ​​គ្រប់​ជាន់​ថ្នាក់​ដែល​អាច​សម្រេច​បាន​នូវ​លទ្ធផល​ល្អប្រសើរ​លើ​គ្រប់​ការដ្ឋាន​ការងារ។ ជាមួយ​គ្នា​នេះ​លោក​ក៏​ផ្តល់ការ​ណែនាំ​មួយ​ចំនួន​ដើម្បី​​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ការ​ប្រមូល​ចំណូល​ក្នុង​ឆមាសទី ២ និង​ពេល​បន្ត​បន្ទាប់​ទៀត។

អ្ន​កជំនាញ​​​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​​ថ្ងៃ​ទី ៤ ខែ​សីហា​ថា ​ពន្ធគយ និង​ពន្ធដារ គឺ​ជា​ប្រភព​ចំណូល​ដ៏សំខាន់​សម្រាប់​​រដ្ឋាភិបាល​ប្រើប្រាស់​​យក​ទៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ។ ការ​កើន​ឡើង​​ចំណូល​ពន្ធ​គយ គឺ​​បញ្ជាក់​​ពី​កំណើន​នៃ​សកម្មភាព​នាំចេញ-នាំចូល​ទំនិញ​ ហើយ​វា​នឹង​មាន​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ។

លោក​​ថ្លែង​ថា៖ «​វឌ្ឍន​ភាព​នៃ​​ការ​សម្រេច​បាន​កំណើន​នេះ​មិន​ត្រឹម​តែ​ជួយ​រដ្ឋាភិបាល​ឱ្យ​មាន​ចំណូល​កាន់​តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏​​អាច​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធគយ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ»។

ថ្នាក់​ដឹក​នាំ​នៃ​អគ្គ​នាយក​ដ្ឋានគយ និង​រដ្ឋាករកម្ពុជា កាល​ពី​ដើម​សប្តាហ៍​នេះ​ បាន​ឱ្យ​ដឹង​ថា អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​បាត់​ចំណូលប្រ​មាណ​ជិត ៨០០ លាន​ដុល្លារ​ពី​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​នានា ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​នានា​ដល់​សហគ្រាស​ក្នុង​ស្រុក និង​ការ​លើក​ទឹកចិត្ត​វិនិយោគ​ផ្នែក​យានយន្ត និង​អេឡិចត្រូនិក។

ឆ្នាំ ២០២១ អគ្គ​នាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ ២ ២៩៥,២ លានដុល្លារ ថយ​ចុះ ៥,១ ភាគរយ​បើ​​ធៀប​នឹង​ចំណូល​នៅ​ក្នុង​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕