ភ្នំពេញៈ គម្រោង​កម្ពុជា​ហាវែស III(Harvest III) ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​ត្រូវ​រំពឹងថា​នឹង​ជួយ​បង្កើន​ទុនវិនិយោគ ១៥៣ ​លាន​ដុល្លារ​ដល់​ផ្នែក​ឯកជន​, ហិរញ្ញប្បទាន​ទាក់ទង​ទៅនឹង​កសិកម្ម និង​ការលក់​ផលិតផល​កសិកម្ម ព្រមទាំង​អាច​បង្កើត​ការងារ​បាន ៣ ២០០ ​កន្លែង​។

កម្មវិធី Feed the Future Cambodia Harvest III (Harvest III) ក្នុង​រយៈពេល ៥ ​ឆ្នាំនេះ គឺ​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ ​២០២២ ដល់​ខែមីនា ឆ្នាំ​ ២០២៧ នឹង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ផ្នែក​ឯកជន​រាប់រយ​ក្រុមហ៊ុន​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​។ ទីភ្នាក់ងារ USAID រំពឹងថា​នឹង​ជួយ​ផ្នែក​ឯកជន​ឱ្យ​បង្កើន​ទុនវិនិយោគ​ប្រមាណ ៣៨ ​លាន​ដុល្លារ​, ទុន​សម្រាប់​ហិរញ្ញប្បទាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម ១៥ ​លាន​ដុល្លារ និង​ការលក់​នៅតាម​កសិដ្ឋាន​នានា​ និង​ផ្នែក​ឯកជន​ចំនួន ១០០ ​លាន​ដុល្លារ​។ Harvest III នឹង​ធ្វើការ​ជាមួយ​អ្នកផលិត និង​សមាគម​អ្នក​ផលិត​, កសិពាណិជ្ជកម្ម​, អ្នកផ្តល់​សេវាកម្ម និង​បច្ចេកវិទ្យា​,​ស្ថាប័នហិរញ្ញវត្ថុ និង​អ្នក​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។

Harvest III មាន​គោលដៅ​ចំនួន ២ គឺ​ទី​១ ពង្រឹង​ប្រព័ន្ធ​ទីផ្សារ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព និង​បរិយាប័ន្ន តាមរយៈ​ការបង្កើន​ការវិនិយោគ​ពី​ផ្នែក​ឯកជន​ ដើម្បី​ពង្រឹង​ភាពធន់​នឹង​អាកាសធាតុ និង​ប្រព័ន្ធ​ទីផ្សារ​កសិកម្ម ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​។ នៅក្នុង​នោះ​គម្រោង​ក៏​ជួយ​ពង្រឹង​សមត្ថភាព​បច្ចេកទេស និង​អាជីវកម្ម​របស់​កសិដ្ឋាន និង​ក្រុមហ៊ុន​ឯកជន កសិករ សហគ្រិន​ស្ត្រី និង​យុវជន ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគេ​។ គោលដៅ​ទី ​២ គឺ​ពង្រឹង​ទំនាក់​ទំនង និង​ការជឿ​ទុកចិត្ត​នៅក្នុង​ចំណោម​តួអង្គ​ទីផ្សារ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដោយ​ត្រូវ​បង្កើន​លទ្ធភាព​ទទួល​បាន​ទីផ្សារ​ផលិតផល និង​សេវាកម្ម​កសិកម្ម រួមទាំង​ស្ត្រី និង​អាជីវកម្ម​គ្រប់គ្រង​ដោយ​យុវជន និង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចំណីអាហារ និង​ការតាមដាន​ផលិតផល​កសិកម្ម តាមរយៈ​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៤ សីហា លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ឆ្លៀត​ចូលរួម​ក្នុង​កម្មវិធី​ប្រកាស​អំពី​ការផ្តល់​មូលនិធិ​សន្តិសុខ​ស្បៀង​ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ USAID ដោយ​លោក​លើកឡើង​ថា កម្ពុជា​បាន​នាំ​ផលិតផល​ជាច្រើន​ទៅកាន់​សហរដ្ឋអាមេរិក​ និង​ពិភពលោក​។ ក្នុង​ចំណោម​ផលិតផល​ទាំងនោះ គ្រាប់​ស្វាយចន្ទី​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ពិតជា​មាន​គុណភាព​ល្អ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​ពឹង​ផ្អែក​ទៅលើ​វិស័យ​កសិកម្ម​ជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ វិធីសាស្ត្រ​ផលិតកម្ម​កសិកម្ម​ត្រូវតែ​ធ្វើ​ទំនើបកម្ម​។ កម្ពុជា​ត្រូវតែ​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដែល​មាន​ន័យថា​ការកែលម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ បង្កើន​តម្លៃបន្ថែម កាត់បន្ថយ​ការប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ ការកែលម្អ​គុណភាព​ និង​ការប្រកាន់​ខ្ជាប់​នូវ​ស្តង់ដា​សុវត្ថិភាព និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​កសិកម្ម​»​។

លោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា Harvest III នឹង​ជួយ​កសិករ​ជាច្រើន​ឱ្យ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើប ដែល​នឹង​អាច​ជួយ​បង្កើន​ផលិតភាព និង​ទទួល​បាន​តម្លៃបន្ថែម​ពី​ការផលិត​នូវ​ផលិតផល​ទាំងនោះ និង​ទទួលបាន​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោក​បញ្ជាក់ថា​៖ «​ភ្នាក់ងារ​ទាំង​ ២ USAID និង ​US Department of Agriculture បាននិង​កំពុង​អនុវត្ត​នូវ​កម្មវិធី​ជួយ​ដល់​ការផ្តល់​មូលនិធិ​សន្តិសុខ​ស្បៀង ប្រកប​ដោយ​ភាពធន និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​»​។

លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​បាន​និយាយថា ក្រុមហ៊ុន​លោកស្រី​ទទួល​បាន​មូលនិធិ​ប្រមាណ ៥​ ម៉ឺន​ដុល្លារ ពី Harvest II ដែល​ទើបបាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោកស្រី​បាន​ប្រើប្រាស់​មូលនិធិ​នេះ​បាន​ជួយ​ដល់​ការផ្សារភ្ជាប់​ទីផ្សារ​ជាមួយ​កសិករ​កាន់​ច្រើន បង្កើន​គុណភាព និង​ស្តង់ដា​បន្លែ សម្រាប់​អ្នក​បរិភោគ​។

លោកស្រី​ប្រាប់​ថា​៖ «​បញ្ហា​ប្រឈម​របស់​អ្នក​ផលិត​បន្លែ​នាពេលនេះ​គឺ​កត្តា​អាកាសធាតុ​។ យើង​រំពឹងថា គម្រោង Harvest III នេះ​នឹង​អាចជួ​យ​ដល់​ពួកយើង​ក្នុង​ការដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដោយ​អាច​ឱ្យ​យើង​បន្ត​ផលិត​បន្លែ​សុវត្ថិភាព​បាន​គ្រប់​រដូវ​ ដើម្បី​តម្រូវការ​ទីផ្សារ​»​។

គួរ​បញ្ជាក់ថា គម្រោង Harvest នេះ​បាន​ដំណើរការ ២ ​ដង​មកហើយ ដោយ​គម្រោង​កម្ពុជា​ហាវែស II ក្រោម​ជំនួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក USAID ទើបបាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមក គម្រោង​កម្ពុជា​ហាវែស II បាន​ជួយ​ផ្នែក​ឯកជន​បង្កើន​ទុនវិនិយោគ​ប្រមាណ​ ២៨ ​លាន​ដុល្លារ បង្កើត​ការងារ​បាន​ជាង ​២ ៥០០ កន្លែង គាំទ្រ​ដល់​ការអភិវឌ្ឍ​គោលនយោបាយ​កសិកម្ម​ចំនួន ១៧ និង​ជួយ​គាំទ្រ​អាជីវកម្ម និង​អ្នក​ផលិត​ក្នុង​វិស័យ​សាកវប្បកម្ម បង្កើន​ការលក់​បាន​ជាង ៧៥ ​លាន​ដុល្លារ​៕