ភ្នំពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ទឹក​ចិត្ត និង​ស្វាគមន៍​អ្នក​វិនិយោគ​ថៃ ​ដែល​មាន​សក្តានុ​ពលក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​ខណៈ​ទំហំ​ពាណិជ្ជ​កម្មរវាង​ប្រទេស​ទាំង ​២ បាន​កើន​ឡើង​ពី ៣,៤៩​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ដល់ ៣,៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។

ការ​លើក​ឡើង​នេះ​​បាន​ធ្វើ​ឡើង​ក្នុង​​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជា​មួយ​តំណាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​តំណាង​សភា​ពាណិជ្ជ​កម្ម​ថៃ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​ថ្ងៃទី ៥ ខែ​កក្កដា ឆ្នាំ​ ២០២២។

ជាកិច្ច​ចាប់​ផ្តើម លោក ប៉ាន សូរស័ក្តិ បាន​សម្ដែង​ការ​ស្វាគមន៍​​​ចំពោះ​គណៈ​ប្រតិភូ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា និង​បាន​សម្ដែង​ក្តី​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​​​រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម​ថៃនិង​គណៈ​កម្មការ​ធុរ​កិច្ច​ថៃ ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ធុរ​កិច្ច ជំរុញពាណិជ្ជ​កម្ម និង​បង្កើន​ទំហំ​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២។ លោក​​បន្ថែម​ថា ទាក់​ទង​នឹង​ការ​ជំរុញ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ លោក​សូម​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ថៃ​នៅ​កម្ពុជាឱ្យ​ចូល​រួម​យ៉ាង​សកម្ម​បន្ថែម​ទៀត​ក្នុងសកម្ម​ភាព​ជំរុញ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ ដើម្បី​ប្រើ​ប្រាស់​សក្តានុ​ពល​ធុរកិច្ច​របស់​កម្ពុជា​ឱ្យ​បាន​ពេញ​លេញ​។

លោក​បាន​និយាយ​ថា៖ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត និង​ស្វាគមន៍​អ្នក​វិនិយោគ​ថៃ​ដែល​មាន​សក្តានុ​ពល​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់​ទំន​ងពាណិជ្ជ​កម្ម ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ថៃ ឆ្ពោះ​ទៅ​រក​ផល​ប្រយោជន៍ និង​វិបុល​ភាព​ទៅ​វិញ​ទៅ​មក»​។

ប្រធាន​សភា​ពាណិជ្ជ​កម្ម​ថៃ​លោក Sanan Angubolkul បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​ថៃ​មក​កម្ពុជា គឺ​ដើម្បី​បង្កើន​ឱកាស​ពាណិជ្ជ​កម្ម ពង្រីក​បណ្តាញ​ទីផ្សារ​តាម​រយៈ​ពិព័រណ៍​ពាណិជ្ជ​កម្ម​មាន​គុណ​ភាព​ខ្ពស់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ​(CLMV)។ ពិព័រណ៍​ពាណិជ្ជ​កម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តភ្ជាប់​ជាមួយ​ដៃគូ​អាជីវ​កម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា ដូចជា​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ក៏​ដូចជា​សមាគម​ពាណិជ្ជ​កម្ម​នានា ដើម្បី​អញ្ជើញ​ធុរជន​កម្ពុជា-​ថៃ ជួប​គ្នា​ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ក៏​ដូចជា​ការ​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា និងប្រទេស​ថៃ​បន្ថែម​ទៀត។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​នាម​តំណាង​ឱ្យ​វិស័យ​ឯកជន​នៅ​កម្ពុជា លោក​មានក្តី​រីក​រាយដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណៈ​ប្រតិភូ​ធុរ​កិច្ច​នៃ​សភា​ពាណិជ្ជកម្ម​ថៃ និង​ក្រុម​ប្រឹក្សា​ធុរកិច្ច​ថៃ។ លោក​បន្តថា សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម​ថៃ បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ជំរុញ​ការ​ផ្គូផ្គង​ធុរ​កិច្ច​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​ធានា​លំហូរ​នៃអាជីវ​កម្ម និង​ការ​វិនិយោគ​ដូច​ជា ការ​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​នេះ រួម​ទាំង​ការ​ផ្គូផ្គង​អាជីវកម្ម​រវាង​ប្រទេស​ទាំង ​២ ផង​ដែរ ដែល​នឹង​នាំមក​នូវ​ផល​ប្រយោជន៍ ទៅ​វិញ​ទៅ​មក​សម្រាប់​ភាគី​ទាំង​ ២។

លោក​​លើក​ឡើង​ថា៖​ «​ក្នុង​នាម​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ពាណិជ្ជ​ករ និង​វិនិយោ​គិន​ទាំង​អស់​ឱ្យ​ចូល​រួម​យ៉ាង​សកម្ម និង​ស្វែង​រក​ដៃគូ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បីផល​ប្រយោជន៍​ទៅ​វិញ​ទៅមក និង​ទទួល​បាន​លទ្ធ​ផល​ជា​ផ្លែផ្កា នា​ពេល​អនាគត​»។

តាម​រយៈ​កិច្ច​ប្រជុំ​នេះ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ស្នើ​ដល់​ភាគី​ថៃ ឱ្យ​ជួយ​ជំរុញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​សំខាន់ៗ​ជា​មួយ​កម្ពុជា ដែល​មាន​ដូច​ជា ការ​រៀប​ចំ​បេសកកម្ម​ពាណិជ្ជ​កម្ម ​កម្ពុជា-ថៃ, ចូល​រួម​ក្នុង​ការតាំង​ពិព័រណ៍​កម្ពុជា ដែល​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​, និង​ចូល​រួម​វេទិកា​ធុរកិច្ច​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជ​កម្ម និង​វិនិយោគ​នៃ​ប្រទេស កម្ពុជា-ថៃ។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០២២ ការ​នាំ​ចេញ​-នាំ​ចូល​ទំនិញរវាងប្រទេសកម្ពុជា-ថៃ មាន​ទឹក​ប្រាក់​សរុប ២ ២៩៧,១​ លាន​ដុល្លារកើន​ឡើង ២២,៨​​ ភាគ​រយ​​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ទឹក​ប្រាក់ ៤៩៥,៧៨ លាន​ដុល្លារកើន​ឡើង ៣៦,៧​ ភាគ​រយ និង​ការ​នាំ​ទំនិញ​ពីប្រទេសថៃ ​មក​កម្ពុជា​ មាន​ទឹក​ប្រាក់ ១ ៨០១,៣១​​​ លាន​ដុល្លារកើន​ឡើង ១៩,៥ ​​ភាគ​រយ​៕