ភ្នំពេញៈ ស្រប​ពេល​អាមេរិក​ផ្តល់​ការអនុគ្រោះ​ពន្ធ​នាំចូល​បន្ទះ​សូឡា (Solar Cells និង Modules) ​ពី​ប្រទេស​ចំនួន ​៤ ​នៅ​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​រំហូរ​វិនិយោគ​ជាច្រើន​លើ​ការបង្កើត​រោងចក្រ​ផលិត​បន្ទះ​សូឡា​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដែល​តំណាង​វិស័យ​ឯកជន​មើលឃើញ​ថា ការណ៍​នេះ​នឹង​ជួយ​ធ្វើ​ពិពិធកម្មការ​នាំចេញ​របស់​កម្ពុជា​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍-​កម្ពុជា​ (CDC) កាលពី​ថ្ងៃទី​ ៥ ខែសីហា​បានឱ្យ​ដឹងថា ខ្លួន​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន Solar Long PV-Tech(Cambodia)Co., Ltd គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូឡា និង​គ្រឿងបង្គុំ ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប​ភ្នំពេញ ក្រោម​ទុនវិនិយោគ​ ១២ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ ៥០០ ​នាក់​។

ការអនុម័ត​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី លោក Joe Biden កាលពី​ខែមិថុនា ឆ្នាំ ​២០២២ បានប្រកាស​លើកលែង​ពន្ធគយ​ចំពោះ​ការនាំចូល​បន្ទះ​សូឡា​ពី​ប្រទេស​ចំនួន​ ៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀតណាម​។ ការលើកលែង​ពន្ធ​នេះ គឺ​ដើម្បី​ធានា​ថា អាមេរិក​មាន​លទ្ធភាព​ទទួល​បាន​ការផ្គត់ផ្គង់​ម៉ូឌុល​ថាមពល​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ផលិត​អគ្គិសនី ខណៈ​តម្រូវការ​ប្រើប្រាស់​ថាមពល​កំពុង​កើនឡើង​ជា​បន្តបន្ទាប់​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​សាទរ​ចំពោះ​រំហូរ​វិនិយោគ​ថាមពល​បៃតង​នៅ​កម្ពុជា​ស្រប​ជាមួយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាត​។ លើស​ពីនេះ​ទៅទៀត វា​ក៏​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នៅ​ទីផ្សារ​ខាងក្រៅ​ដូចជា អាមេរិក​ដែល​ថ្មីៗ​នេះ​បាន​លើកលែង​ពន្ធ​អនុគ្រោះ​ក្នុងការ​នាំចូល​បន្ទះ​សូឡា​ពី​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ពិតជា​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​លើ​ថាមពល​ស្អាត​ដែល​មិន​ត្រឹមតែ​កម្ពុជា​មាន​ទិសដៅ​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​ត្រូវការ​សកល​ដែល​គ្រប់គ្នា​យកចិត្ត​ទុកដាក់​ការពារ​បរិស្ថាន​។ ខ្ញុំ​សង្កេតឃើញ​ថា​តាំងពី​ប្រទេស​ចិន និង​អាមេរិក​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម ប្រទេស​កម្ពុជា​ បាន​ទាក់ទាញ​ការវិនិយោគ​ជាច្រើន​ចំពោះ​រោងចក្រ​ផលិត​បន្ទះ​សូឡា​នេះ​។

កាលពី​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចេញ​បន្ទះ​សូឡា​ទៅ​ក្រៅ​ប្រទេស ៥៤ ៣១៩,៨៣ ​តោន កើន​ជាង ២៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​ស្មើនឹង​ទឹកប្រាក់ ២៧៣,៨៧ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ទៅ​អាមេរិក​មាន​ប្រមាណ ៥៣ ១៨៨,១៩ ​តោន កើន​ជាង ៣៣ ​ភាគរយ ដោយ​គិត​ជា​ទឹកប្រាក់ ២៥៦,៨៨ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕