
ពិធីបើកសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលពីថ្ងៃទី ៦ ខែសីហា។ រូបថត CCC
ភ្នំពេញៈ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការដែលនឹងដើរតួនាទីតំណាងឱ្យវិស័យដែលកំពុងមានការរីកចម្រើនទាំងកំណើនការនាំចេញ និងទាក់ទាញលំហូរវិនិយោគរាប់រយលានដុល្លារ ជាពិសេសបង្កើតការងារបានរាប់ម៉ឺនកន្លែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលជាអធិបតីភាពក្នុងពិធីបើកសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលពីថ្ងៃទី ៦ ខែសីហា បានថ្លែងថា ស្ថានភាពផលិតកម្ម និងទីផ្សារនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិកំពុងបង្ហាញសញ្ញាវិជ្ជមានលើគ្រប់វិស័យ ដោយកំណើនរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតការងារថ្មីៗ និងប្រាក់ចំណូលសម្រាប់គ្រួសារ និងសេដ្ឋកិច្ចជាតិ។
លោកស្រីបន្ថែមថា ដើម្បីលើកស្ទួយទីផ្សារនាំចេញផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាឱ្យកាន់តែរឹងមាំ រោងចក្រផលិតនីមួយៗត្រូវគិតគូរឱ្យបានច្បាស់លើគុណភាព និងលទ្ធភាពក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ប្រធាន សមាជិក និងសមាជិកានៃសមាគមទាំងមូលសូមបន្តការប្ដេជ្ញាចិត្ត ព្រមទាំងចូលរួមសកម្មក្នុងការលើកស្ទួយវិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះខ្លាំង»។
ប្រធានកិត្ដិយសអចិន្រ្តៃយ៍សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៧ ខែសីហាថា គោលបំណងចម្បងរបស់សមាគម គឺការចងក្រងក្រុមហ៊ុនផលិតផលិតផលធ្វើដំណើរ និងស្បែកឱ្យមានសំឡេងតែមួយដើម្បីធ្វើការផ្សព្វផ្សាយ ឬរៀបចំយុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគ ឬអ្នកបញ្ជាទិញពីកម្ពុជាឱ្យបានកាន់តែច្រើន, ចូលរួមជួយសម្របសម្រួលជាមួយអាជ្ញាធរ និងផ្នែកពាក់ព័ន្ធដើម្បីជំរុញដំណើរការផលិត និងគុណភាពផលិតផល, និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់ក្រុមកម្មករជាដើម។
លោកបន្តថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដែលបណ្តាលពីវិបត្តិជំងឺកូវីដ ១៩ ទីផ្សារនាំចេញផលិតផលធ្វើដំណើរ និងស្បែកកម្ពុជា បានស្ទុះឡើងវិញហើយ។
លោកបញ្ជាក់ថា៖ «តាមរយៈកំណើននៃតម្រូវការទីផ្សារផលិតផលធ្វើដំណើរ និងស្បែកលើពិភពលោក និងការបង្កើតសមាគមនេះ ខ្ញុំរំពឹងថា ចំនួននៃការបញ្ជាទិញពីក្រៅប្រទេស និងការចូលមកបណ្តាក់ទុននៅកម្ពុជានឹងមានចំនួនកាន់តែច្រើន ខណៈក្រៅពីមានកម្លាំងពលកម្មសម្បូរបែប កម្ពុជាក៏ជាប្រទេសមានច្បាប់វិនិយោគអំណោយផលសម្រាប់ការបណ្តាក់ទុនផងដែរ»។
បើតាមលោក ឃុន ថៃ បច្ចុប្បន្នរោងចក្រផលិតផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានប្រមាណ ១២០ ដោយមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន ហុងកុង ចិនតៃប៉ិ ជាដើម។ ទីផ្សារធំរបស់ផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានដូចជា អាមេរិក សហគមន៍អឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េ និងប្រទេសក្នុងតំបន់មួយចំនួន។
ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណ ៨០២,៦៥ លានដុល្លារ កើន ៥៩,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា៕