​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និង​សមា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការធ្លាក់​​ចុះ​ការបញ្ជាទិញ​ពី​ទីផ្សារ​ប្រទេស​លោក​​ខាងលិច ដែលជា​ទីផ្សារ​នាំចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់​របស់​កម្ពុជា បន្ទាប់ពី​រោងចក្រ​ជា​សមាជិក​របស់​សមាគម​មួយ​​ចំនួន​បាន​ផ្តល់ដំណឹង​ពី​ការកាត់បន្ថយ​ផ្នែក​ខ្លះ​នៃ​ការបញ្ជាទិញ​ពី​ខាងក្រៅ​។​

​លោក Ken Loo អគ្គលេខាធិការ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​សរសេរ​មកកាន់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាង​​ខ្លាំង​ចំពោះ​ស្ថានភាព​នាំចេញ​សម្រាប់​ឆមាស​ទី២ ឆ្នាំ ​២០២២ ​នេះ ដោយសារតែ​ស្ថានភាព​សកលលោក​មាន​ភា​ព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគច្រើន​នៅ​ប្រទេស​លោកខាងលិច ដែលជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​។​

​លោក​ប្រាប់ថា សមាជិក​របស់ GMAC ជាច្រើន​បាន​ជូនដំណឹង​ដល់ GMAC ពី​ការបញ្ជាទិញ​របស់​ម្ចាស់​ទំនិញ​ត្រូវបាន​កាត់បន្ថយ ឬ​កែសម្រួល​ឡើងវិញ និង​សមាជិក​មួយចំនួន​បាន​ស្វែងរក​ការ​ប្រឹ​ក្សា​ផ្នែក​ច្បាប់​ពី​ក្រុមអ្នកច្បាប់ GMAC អំពី​នីតិវិធី​សម្រាប់​ការផ្អាក​ផលិតកម្ម​១​ផ្នែក​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន GMAC កំពុង​ធ្វើ​ការស្ទង់មតិ​​យ៉ាង​ទូលំ​ទូ​​លាយ​ក្នុងចំណោម​សមាជិក​ទាំងអស់ ដើម្បី​វិភាគ​ស្ថានភាព​តាម​លំដាប់លំដោយ​បាន​កាន់តែ​ត្រឹមត្រូវ​។ ការកើនឡើង​ថ្លៃដើម​ទ្វេដង​នឹងធ្វើ​ឱ្យមាន​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង ដោយ​នេះ​មិនទាន់​និយាយ​អំពី​បញ្ហា​ផ្សេងទៀត​ដូចជា ថ្លៃ​ដឹកជញ្ជូន​ និង​ថ្លៃដើម​នៃ​ការអនុលោម​តាមច្បាប់​ខ្ពស់ ដែល​កំពុងតែ​កើន​​ឡើងជា​រៀងរាល់ឆ្នាំ ដោយសារ​តម្រូវការ​រ​បស់​អ្នកទិញ​»​។​

​លោក Ken Loo បាន​ព្រមាន​ថា តាម​ស្ថិតិ​ប្រាក់ចំណេញ​ក្នុង​វិស័យនេះ​កំពុងដំណើរការ​ទាប​ណាស់​ធៀប​នឹង​សមាមាត្រ​នៃ​តម្លៃបន្ថែម​ធៀប​ប្រាក់​ឈ្នួល​បូក​នឹង​ថ្លៃដើម​ទាក់ទង​នឹង​ការងារ​ផ្សេងទៀត​។​

​លោក​បន្តថា កម្ពុជា​ត្រូវមាន​ភាព​សកម្ម និង​ការប្រុងប្រយ័ត្ន​ចំពោះ​អ្វីដែល​នឹង​អាចដាក់​សម្ពាធ​ទៅលើ​ក្រុមហ៊ុន​កាន់តែច្រើន​។ ម្យ៉ាងទៀត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ស្បែក​​ជើង និង​កាបូប ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមីនា ឆ្នាំ​ ២០២២ ត្រូវអនុវត្ត​ឱ្យបាន​លឿន​ដើម្បី​ជួយ​ទប់​ទល់នឹង​ការធ្លាក់ចុះ​នាពេលខាងមុខ​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​​កម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​ពា​​ណិ​ជ្ជ​កម្ម​យល់ស្រប​ចំពោះ​ការ​ព្រួយបារម្ភ​របស់ GMAC ជុំវិញ​បញ្ហា​សង្គ្រាម និង​បញ្ហា​ផ្សេងៗ​ដែល​កើត​នៅ​លោកខាងលិច ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​ពី​កម្ពុជា​។​

​លោក​បន្ថែមថា ជាការ​ពិត​បើ​ស្ថានភាព​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត វា​នឹង​អាចធ្វើ​កម្លាំង​បញ្ជា​ទិញ​ពី​តំបន់​អឺរ៉ុប​មានការ​ថយចុះ ប៉ុន្តែ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ស្ថាន​​ភាព​នេះ​រួចហើយ​កាលពី​អំឡុង​កូ​វីដ ​១៩ រីក​រាលដាល​ខ្លាំង​។​

​លោក​បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​មានការ​បង្អាក់​ចំពោះ​ការបញ្ជាទិញ ដោយសារ​បញ្ហា​កូ​វីដ ​១៩ បញ្ហា​សង្គ្រាម និង​ការដឹកជញ្ជូន​ឡើងថ្លៃ​បានធ្វើឱ្យ​ទីផ្សារ​ចម្ងាយ​ឆ្ងាយ​មានការ​ថយចុះ​ពិតមែន ប៉ុន្តែ​យើង​អាច​នឹង​បំពេញ​មកវិញ​តាមរយៈ​ទីផ្សារ​ជិតៗ​ដូចជា​ទីផ្សារ​នៅក្នុង​តំបន់ ទីផ្សារ​ចិន ទីផ្សារ​អនុតំបន់​ជាដើម ដែល​ទីផ្សារ​ទាំងនេះ​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​យើង​បាន​ចុះហត្ថលេខា​ហើយ អាចឱ្យ​យើង​មាន​លទ្ធ​​ភាព​នាំចេញ​បាន​ច្រើន​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា បញ្ហា​ការ​ថយចុះ​ចំនួន​បញ្ជា​ទិញ​ពី​ខាង​ទីផ្សារ​អឺរ៉ុប​នេះ ទាមទារ​ឱ្យ​ភាគី​​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន​រួមគ្នា​ដោះស្រាយ​។​

​លោក​អះអាងថា​៖ «​ការ​កាត់​បន្ថយ​ការចំណាយ​របស់​ប្រជា​​ជន​នៅ​លោកខាងលិច អាចជា​កត្តា​ធ្វើឱ្យ​ការបញ្ជាទិញ​ពី​ទីផ្សារ​នេះ​មានការ​ថយចុះ​ដែរ​។ ​ដូច​​នេះ អ្នកពាក់ព័ន្ធ​គួរ​គិតគូរ​ឡើងវិញ​ពី​ការចំណាយ​ថ្លៃដើម​ដូចជា បញ្ហា​ថ្លៃ​ដឹកជញ្ជូន ដោយ​ត្រូវធ្វើ​យ៉ាង​សម្រួល​ដល់​អ្នកផលិត​ឱ្យបាន​ច្រើន​»​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ក្នុង​ឆមាស​​ទី​១ ឆ្នាំ ​២០២២ មាន​ទឹកប្រាក់ ប្រមាណ ៦,៦ ពាន់​លាន​ដុល្លារ កើនឡើង ៤០​​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕