
ភ្ញៀវទេសចរដើរកម្សាន្តក្នុងបរិវេណប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់វៀតណាម បានចាប់ផ្តើមជើងហោះហើរលើកដំបូងពីទីក្រុងហាណូយជាមួយខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្រូវការនាពេលបច្ចុប្បន្ន បន្ទាប់ពីប្រទេសទាំង ២ បានបើកព្រំដែនតាំងពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍នេះបានចុះនៅព្រលានយន្តហោះអន្តរជាតិសៀមរាបកាលពីថ្ងៃទី ៧ ខែសីហាវេលាម៉ោង ១៩:២០ នាទី ដែលបង្ហាញអំពីជំហានដ៏ល្អនៃផែនទីបង្ហាញផ្លូវរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះក្នុងការពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន។ សម្រាប់ផ្លូវហោះហើរថ្មីនេះក្រុមហ៊ុនបានប្រតិបត្តិការជាមួយយន្តហោះ Embraer-190។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports។
អនុប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន Bamboo Airways លោក Thach Pierre Hoang បាននិយាយថា ជើងហោះហើរនេះ គឺជាជំហានដ៏សំខាន់នៃផ្លូវអាកាសក្នុងការពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួនតាមរយៈការផ្តល់សេវាកម្មលំដាប់ផ្កាយ ៥ ដល់អតិថិជន។
លោក Thach Pierre បាននិយាយថា៖ «ជើងហោះហើរត្រង់ជាលើកដំបូងរវាងទីក្រុងហាណូយ និងខេត្តសៀមរាប គឺជាកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការពង្រីកវត្តមានជាអន្តរជាតិ។ យើងមានសេចក្តីរីករាយខ្លាំងក្នុងការផ្តល់សេវាកម្មលំដាប់ផ្កាយ ៥ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ហើយទន្ទឹងរង់ចាំការប្រើប្រាស់ភាពជាដៃគូដ៏មានតម្លៃនេះជាមួយផ្លូវហោះហើរជាច្រើនទៀត»។
លោកបន្ថែមថា៖ «យើងរំពឹងថា ផ្លូវហោះហើរថ្មីរវាងប្រទេសវៀតណាម និងកម្ពុជានឹងបំពេញតួនាទីដ៏សំខាន់ធ្វើជាស្ពានភ្ជាប់ផ្លូវអាកាស និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសទាំង ២ លើគ្រប់វិស័យដូចជាទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌»។
លោក Stephen KING ប្រធានផ្នែកពាណិជ្ជកម្ម Cambodia Airports ដែលជាក្រុមហ៊ុនប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជាបានឱ្យដឹងថា ក្នុងគ្រាដ៏លំបាកនេះ វាជារឿងដ៏អស្ចារ្យក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ថ្មីមកកាន់កម្ពុជា។
លោកនិយាយថា៖ «យើងរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន Bamboo Airways។ យើងដឹងថា អ្នកដំណើរនឹងពេញចិត្តចំពោះជម្រើសបន្ថែមដែលផ្តល់ជូននូវសេវាកម្មថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលតភ្ជាប់ទីក្រុងហាណូយរបស់ប្រទេសវៀតណាមមកកាន់ទីក្រុងអច្ឆរិយនៃខេត្តសៀមរាប»។
លោកបានបញ្ជាក់ថា៖ «នេះគឺជាសញ្ញាមួយបន្ថែមទៀតនៃការកសាងទេសចរណ៍ឡើងវិញ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យ ដែលដឹកនាំដោយអាជ្ញាធរកម្ពុជា និងការបើកព្រំដែនកម្ពុជាឡើងវិញជាបន្តបន្ទាប់។ យើងទន្ទឹងរង់ចាំស្វាគមន៍ផ្លូវហោះហើរថ្មីៗរវាងប្រទេសទាំង ២ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways នាពេលខាងមុខ»។
ព្រលានយន្តហោះអន្តរជាតិសៀមរាបចាប់ផ្តើមទទួលបានការហោះហើរអន្តរជាតិឡើងវិញចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីផ្អាករយៈពេល ២០ ខែបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ និងផលប៉ះពាល់ការធ្វើដំណើរតាមផ្លូវអាកាស។ បច្ចុប្បន្នព្រលានយន្តហោះនេះ មានផ្លូវហោះហើរទៅ និងមកពីប្រទេសសិង្ហបុរី ទីក្រុងបាងកក ទីក្រុងគូឡាឡាំពួ ទីក្រុងហូជីមិញ ទីក្រុងដាណាង ទីក្រុងហាណូយ និងការហោះហើរក្នុងស្រុកជាច្រើនទៀត។
ស្ថិតិរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥០ ម៉ឺននាក់ កើន ៣៩៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ (ថយចុះ ៨៤,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ រៀងរាល់ថ្ងៃភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៥ ពាន់ ទៅ ៥ ៦០០ នាក់បានចូលមកកម្ពុជា និងចំនួនភ្ញៀវទេសចរក្នុងស្រុកចំនួន ៦,៣៣ លាននាក់បានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកើនឡើង ២១៩ ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៦៨០ ០០០ នាក់ កើនឡើងប្រមាណ ៣៨០ ភាគរយ៕