The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​កសិកម្ម ចុះ MoU ជា​មួយ​ Cambodia (Xiamen) Commercial Center ដើម្បី​ជំរុញ​​​ការ​នាំ​ចេញ​ផលិត​ផល​សម្បុក​ត្រចៀក​កាំ​ទៅ​​​ចិន​

ក្រសួង​កសិកម្ម ចុះ MoU ជា​មួយ​ Cambodia (Xiamen) Commercial Center ដើម្បី​ជំរុញ​​​ការ​នាំ​ចេញ​ផលិត​ផល​សម្បុក​ត្រចៀក​កាំ​ទៅ​​​ចិន​

Content image - Phnom Penh Post
បុគ្គលិកកំពុងសំអាត រោម​ និង​តំណក់​ចេញ​ពី​សម្បុក​ត្រចៀកកាំ។ ហេង ជីវ័ន

ក្រសួង​កសិកម្ម ចុះ MoU ជា​មួយ​ Cambodia (Xiamen) Commercial Center ដើម្បី​ជំរុញ​​​ការ​នាំ​ចេញ​ផលិត​ផល​សម្បុក​ត្រចៀក​កាំ​ទៅ​​​ចិន​

ភ្នំពេញៈ ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទនិង​មជ្ឈ​មណ្ឌល Cambodia (Xiamen) Commercial Center បាន​ធ្វើ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MOU)​ ស្តីពី​ «​ការ​នាំ​ចេញ​ផលិត​ផល​សម្បុក​ត្រចៀក​កាំ​ទៅ​កាន់​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន​» ​ដោយ​តាម​រយៈ MoU នេះ​មជ្ឈមណ្ឌល​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹក​មាត់​ត្រចៀក​កាំ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ។

MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​មួយ​នឹង​នាយក​មជ្ឈ​មណ្ឌល Cambodia (Xiamen) Commercial Center នៅ​ទីស្តីការ​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០២២។

ជា​កិច្ច​ចាប់​ផ្តើម​ លោក វេង សាខុន បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​មជ្ឈ​មណ្ឌល Cambodia (Xiamen) Commercial Center ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សហការ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​កម្ពុជា ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ផលិត​ផល​កសិកម្ម​ថ្មី​មួយ​ទៀត​គឺ​ការ​បើក​ទីផ្សារ​ទឹក​មាត់​ត្រចៀក​កាំ​កម្ពុជា​ឱ្យ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​នា​ពេល​ដ៏​ខ្លី​ខាងមុខ។

លោក​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​លើ​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភាគី​ទាំង​ ២ ដែល​ឈាន​មកដល់​ការ​ចុះ​ហត្ថ​លេខា​លើ​ឯកសារ MOU នា​ពេល​នេះ។ ទឹក​មាត់​ត្រចៀក​កាំ​កម្ពុជាកន្លង​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក និង​មាន​ការ​នាំ​ចេញ​ក្នុង​បរិមាណ​តិច​តួច ​និង​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ​»។

បើ​តាម​ក្រសួង​កសិកម្ម MOU នេះ​នឹង​ជួយ​បើក​ទីផ្សារ​ចិន​ដែល​ជា​ទីផ្សារ​ធំ​ជាង​គេឱ្យ​ទទួល​យក​ផលិត​ផល​មួយ​នេះ​ជា​ផ្លូវ​ការ តាម​រយៈ​ការ​ធានា​បាន​នូវ​ស្តង់ដា​ផលិត គុណ​ភាព​ផលិត​ផល និង​សុវត្ថិ​ភាព​សម្រាប់​សុខ​ភាព​សាធារណ: ឆ្លើយ​តប​បាន​តាម​លក្ខ​ខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ចិន។ មជ្ឈ​មណ្ឌល​ក៏​នឹងត្រូវ​បង្កើត​រោង​ចក្រ​កែច្នៃ​ទឹក​មាត់​ត្រចៀក​កាំ​នៅ​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ​។

ក្រសួង​កសិកម្ម​ កាល​ពី​ចុង​ខែ​កក្កដា ក៏​បាន​រៀបចំ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​សម្រាប់​ធ្វើការ​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​ផលិតផល​សម្បុក​ត្រ​ចៀក​កាំ​ទៅ​ប្រទេស​ចិន​ផង​ដែរ ក្រោយ​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា កំណើន​អ្នក​ចិញ្ចឹម​សត្វ​ត្រចៀក​កាំ បាន​កើន​ឡើង​ជា​លំដាប់។

ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជាលោក ណាងសុធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី ​៩ ខែ​សីហា​ថា លោក​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ខ្លឹម​សារ​ MOU ដែល​ក្រសួង​កសិកម្ម​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជា​មួយ​មជ្ឈ​មណ្ឌល Cambodia (Xiamen) Commercial Center ទេ ប៉ុន្តែ​បើ​កម្ពុជា​អាច​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ វា​ជា​រឿង​ល្អ​ណាស់។

លោក​និយាយ​ថា៖ ​«អ្នក​មាន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ ​(ផ្ទះ​ត្រចៀកាំ)​ សុទ្ធ​តែ​មាន​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន ព្រោះ​នឹង​ទទួល​បាន​តម្លៃ​ខ្ពស់ និង​បរិមាណ​កាន់​តែ​ច្រើន ខណៈ​ទីតាំង​ភូមិ​សាស្រ្ត​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​សម្រាប់​ការ​ចិញ្ចឹម​ត្រចៀកកាំ»។

បើ​តាម​ប្រធាន​សហ​ព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា ទោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​នៃ​ការ​នាំ​ចេញ​សម្បុក​ត្រចៀកកាំ​ជា​ផ្លូវ​ការ​រវាង​អាជ្ញាធរ​កម្ពុជា-​ចិន​ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ច្រើន​តោន​រួច​មក​ហើយ​ជា​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​ទីផ្សារ​ប្រទេស​ចិន ផលិត​ផល​សម្បុក​ត្រចៀកកាំ​កម្ពុជា ក៏​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប ជប៉ុន និង​អាមេរិក ជា​ដើម​។

លោកលឹមវឌ្ឍនៈម្ចាស់​ផ្ទះ​ត្រចៀក​កាំ​ «​ខ្មែរ​ធម្មជាតិសម្បុក​ទឹក​មាត់​ត្រចៀកកាំ​» នៅ​ស្រែអំបិលនិង​វាលរេញ បាន​និយាយ​ថា ភាគ​ច្រើន​នៃ​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ គឺ​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ចំនួន​នៃ​អ្នក​វិនិយោគ​លើ​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ ​«​យើង​ពិត​ជា​ចង់​ឱ្យ​មាន​ទីផ្សារ​នាំ​ចេញ​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន ព្រោះ​បច្ចុប្បន្ន​ដោយ​សារ​ទីផ្សារ​មិន​សូវ​ទូលាយ តម្លៃ​សម្បុក​ត្រចៀកកាំ​ក៏​មិន​សូវ​ខ្ពស់​ដែរ​»។

បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​មិន​ទាន់​សម្អាត​មាន​តម្លៃ​ចន្លោះ​ពី​ ៧០០-​៨០០ ​ដុល្លារ​ក្នុង ​១ ​គីឡូ​ក្រាម និង​សម្បុក​សម្អាត​រួច មាន​តម្លៃ​ពី ១ ៨០០​- ២ ០០០​ ដុល្លារ។ នេះ​បើ​តាម​លោក វឌ្ឍនៈ។

របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​កសិកម្ម ឱ្យ​ដឹង​ថាតាម​ស្ថិតិ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​ ២០២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ផ្ទះ​ត្រចៀកកាំ​ចំនួន​ ៨៧២ ​ផ្ទះ និង​អាច​ផ្តល់​ផល​ចន្លោះ​ពី ១​-១,៥​ តោន​ក្នុង​ ១​ ខែ​។​

បើ​តាម​លោក ណាង សុធី នៅ​កម្ពុជា​ក្នុង​១​ឆ្នាំៗ​ អាច​មាន​ផ្ទះ​ត្រចៀកកាំ​ថ្មី សាងសង់​កើន​ឡើង​ចន្លោះ​ពី​ ១០០-២០០ ​ខ្នង​។​នៅ​ទីផ្សារ​អន្តរ​ជាតិ សម្បុក​ត្រចៀកកាំ មិន​ទាន់​សម្អាត មាន​តម្លៃ​ចន្លោះ​ពី ៥៥០-៧៥០ ​ដុល្លារ​ក្នុង​១​គីឡូ​ក្រាម និង​សម្អាត​ហើយ មាន​តម្លៃ​ពី ១ ៥០០-​៣ ៥០០ ​ដុល្លារ​៕

អត្ថបទគួរចាប់អារម្មណ៍