The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោងកសិកម្ម Future Cambodia Harvest III ដាក់ឱ្យដំណើរការជាផ្លូវការ

គម្រោងកសិកម្ម Future Cambodia Harvest III ដាក់ឱ្យដំណើរការជាផ្លូវការ

Content image - Phnom Penh Post
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III”។ រូបភាព Sakhon Veng

គម្រោងកសិកម្ម Future Cambodia Harvest III ដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញៈកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុង​កញ្ចប់​ថវិកា ២៥​ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៥ ​ឆ្នាំជា​ជំនួយ​របស់ USAID បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការដែល​នឹង​ជួយ​បង្កើន​សមត្ថភាព​វិស័យ​ឯកជន​ក្នុង​ការផលិតធានា​គុណភាពសុវត្ថិភាព និង​ជំរុញ​ការនាំចេញ​។​

​នៅក្នុង​ពិធី​បើក​កម្មវិធី “The Feed the Future Cambodia Harvest III” កាលពី​ថ្ងៃទី ​០៩ ខែសីហាឆ្នាំ ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទបាន​ថ្លែងថាប្រជាជន​សហរដ្ឋអាមេរិក​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងភាពជា​ដៃគូក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការជួយ​គាំទ្រដល់ការអភិវឌ្ឍវិស័យ​កសិកម្ម​តាមរយៈ USAID ក្នុងនោះ​ការអនុវត្តកម្មវិធី និង​គម្រោងជាច្រើន​មាន​គោលបំណង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច។​

​លោក​បាន​បន្ថែមថាគម្រោង “The Feed the Future Cambodia Harvest III” ដែល​កំពុងដំណើរការ​នាពេលនេះនឹង​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​​កាន់តែ​រីកចម្រើនប្រកបដោយ​ចីរភាព​តាមរយ​:​ការបង្កើន​ពិពិធ​កម្ម និង​ការប្រកួតប្រជែង​ទីផ្សារ​កសិផលដែល​កំពុងមាន​និន្នាការ​កើនឡើង​ជាលំដាប់​។

​លោក​បាន​បញ្ជាក់ថា៖​ «គម្រោង​នេះពិតជា​នឹងចូលរួម​ចំណែក​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជាពិសេស​ជួយ​ជំរុញ​វិស័យ​កសិកម្មឱ្យ​កាន់តែ​ទំនើបមាន​ភាព​ប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ​វិស័យ​ឯកជន​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការផលិតការបង្កើន​ផលិតភាព និង​ការប្រកួតប្រជែងធានា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល»​។

​លោក W. Partrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាបាន​មានប្រសាសន៍ថារដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ថវិកា​ប្រមាណ​ជិត ១០០​ លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះក្នុង​គោលបំណង​លើកស្ទួយ​អាហារូបត្ថម្ភនិង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារតាមរយៈ​ការពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា​។

​លោក​បាន​គូសបញ្ជាក់ថា​៖ «ក្នុងពេលដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ស្បៀងអាហារ​នេះកម្ពុជា​ចាំបាច់​ត្រូវតែ​ពង្រឹង​សុវត្ថិភាព​ស្បៀងអាហារ​របស់ខ្លួនដូច្នេះ​គម្រោង "​កម្ពុជា​ហា​វេស III" នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ក្នុងការ​សម្រេច​គោលដៅ​មួយ​នេះ​។​

​គម្រោង ​“The Feed the Future Cambodia Harvest III” ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ​៤ សីហា​កន្លងទៅដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក Antony Blinken ក្នុងអំឡុងពេល​ការធ្វើ​ទស្សនកិច្ច​របស់លោក​នៅ​កម្ពុជា​។​

​គម្រោង​នេះ​នឹងធ្វើ​ការ​ជាមួយ​ដៃគូ​ក្នុង​វិស័យ​កសិកម្មអ្នកផ្គត់ផ្គង់​បច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​អភិវឌ្ឍ​នូវ​កម្លាំង​ការងារ​ជំនាញបង្កើត​ការងារនិង​ចាប់យក​ឱកាស​ទីផ្សារ​នានា​នៅក្នុង​វិស័យ​កសិកម្មតាមរយៈ​ការចាប់​ដៃគូ​ជាមួយ​នឹង​វិស័យ​ឯកជន​។ គម្រោង​នឹង​ជួយ​លើកកម្ពស់​ជីវភាព ជាពិសេស​ស្ត្រីយុវជន និង​ប្រជាជន​ងាយ​រងគ្រោះ​។ ​ហើយក្នុង​រយៈពេល ​៥ ​ឆ្នាំ​ខាងមុខនេះ USAID រំពឹងថា​នឹង​ជំរុញឱ្យ​មានការ​វិនិយោគ​ពី​ឯកជន​ក្នុង​ទឹកប្រាក់​ទំហំ ៣៨​ លាន​ដុល្លារបង្កើត​ការងារ​ជាង ៣ ០០០ ​កន្លែងជួយ​កសិករ និង​ក្រុមហ៊ុន​ឯកជន​ឱ្យ​ទទួលបាន​ហិរញ្ញវត្ថុ​លើ​វិស័យ​កសិកម្ម​ទំហំ ១៥ ​លាន​ដុល្លារ និង​បង្កើន​ការលក់​កសិផល​ឱ្យ​បាន ១០០​ លាន​ដុល្លារ​៕

អត្ថបទគួរចាប់អារម្មណ៍