The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ចំនួន ២ ​ផលិត​មាស​បាន​ជាង ៣,៥​ តោន​នៅ​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ចំនួន ២ ​ផលិត​មាស​បាន​ជាង ៣,៥​ តោន​នៅ​ប្រទេស​កម្ពុជា​

Content image - Phnom Penh Post
​ដុំ​មាស​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ដែល​ខុម (​កម្ពុជា​) ភី​ធី​អ៊ី អិ​ល​ធី​ឌី នៅក្នុង​ខេត្តព្រះវិហារ​។ រូបថត Delcom page

ក្រុមហ៊ុន​ចំនួន ២ ​ផលិត​មាស​បាន​ជាង ៣,៥​ តោន​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញៈ កម្ពុជា​ទទួលបាន​មាស ៣ ៥៦៣ ​គីឡូក្រាម ស្មើនឹង ២៥២​ ដុំ​មាស គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ ​២០២២ ដែល​​ដុំ​មាស​ទាំងអស់​បានមកពី​ការ​​ចម្រាញ់​រ៉ែ​មាស​ដោយ​ក្រុមហ៊ុន​ឯកជន ២ ដែល​កំពុងមាន​ប្រតិ​​ប​ត្តិ​ការ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ព្រះវិហារ​។​

​លោក អ៊ឹ​ង ឌី​ប៉ូ​ឡា អគ្គ​នា​​យក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​និយាយថា​ ​ក្រុមហ៊ុន​អូស្ត្រាលី Renaissance Mi-neral Limited (Cambodia) គឺមាន​ប្រមាណ ៣ ៥៤៣ ​គីឡូ​​ក្រាម ឬ​ស្មើនឹង ២៣២​ ដុំ​មាស គិត​នៅត្រឹម​ដើមខែ​សីហា ឆ្នាំ​ ២០២២ ដោយ​ចំណូល​សួយ​សារ​ក្រុមហ៊ុន​នេះ​បង់​ចូល​រដ្ឋ​មាន​ជាង ៥,១ ​លាន​ដុល្លារ​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ​៧ ដែល​ទទួល​​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម ដើម្បី​ផលិត​រ៉ែ​មាស ប៉ុន្តែ​មានតែ​ក្រុម​​ហ៊ុន​អូស្ត្រាលី Renaissance មួយ​ទេ​ដែល​បាន​ផលិត​ជា​ផ្លូវ​​ការ ខណៈ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​កំពុង​សាកល្បង​ក្នុងការ​​ចម្រាញ់​រ៉ែ​មាស​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី​ ៤ ខែ សីហា ឆ្នាំ​ ២០២១ មាន​ក្រុមហ៊ុន​ឈ្មោះ ដែល​ខុម​(​កម្ពុជា​) ភី​ធី​អ៊ី អិ​ល​ធី​ឌី បានចាប់ផ្តើម​សាកល្បង​ផលិត​បាន​ប្រមាណ ២០ ​គីឡូក្រាម​ ស្មើនឹង​ ២០​ ដុំ​មាស​។ នេះ​ជា​ក្រុមហ៊ុន​ខ្នាត​មធ្យម​ដែលមាន​ផែនការ​ផលិត​មាស​ឱ្យបាន ៣៤០ ​គីឡូ​​ក្រាម ​ក្នុង ​១ ​ឆ្នាំ ដោយ​អាច​ផ្តល់​ជា​សួយ​សារ​ចូល​រដ្ឋ​ប្រមាណ ៦០​ ម៉ឺន​ដុល្លារ ​ក្នុង ​១ ​ឆ្នាំ​»​។​

​ទាក់ទង​នឹង​ការរុករក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ខេត្តរតនគិរី​ត្រូវបាន លោក ឌី​ប៉ូ​ឡា អះអាងថា បច្ចុប្បន្ន​នៅក្នុង​ខេត្តរតនគិរី​មិនទាន់មាន​អាជីវកម្ម​រ៉ែ​មាស​ទេ ប៉ុន្តែ​មាន​អាជ្ញាប័ណ្ណ​ស្វែង​​រុករក​មាស​ចំនួន​ ៣ ដោយ ២​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កាណាដា Angkor Gold និង​ក្រុមហ៊ុន​ចិន Oriental wisdom​។​

​លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពលបានឱ្យដឹងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល​បាន​ដាក់ចេញ​យន្តការ​ពិនិត្យ​និង​វាយតម្លៃ​មុននឹង​ផ្ដល់​អាជ្ញា​​ប័ណ្ណ​ធនធាន​រ៉ែ​ដោយ​ធ្វើការ​ពិ​​ចារណា​ថ្លឹងថ្លែង​វាយតម្លៃ​លើក​ត្តា​សំខាន់​ចម្បង​ចំនួន​ ៣ គឺ​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​។​

​ចំពោះ​ការរុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ លោក ទី នរិន្ទ បាន​អះអាងថា​៖ «​ក្រសួង​បានរៀបចំ​ក្រុមការងារ​ត្រួតពិនិត្យ និង​អធិការកិច្ច​ប្រតិបត្តិកា​រធន​​ធាន​រ៉ែ​ចំនួន ៤ ​ក្រុម ទៅតាម​ប្រភេទ​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ ជា​លទ្ធផល​ក្រុមការងារ​បង្ក្រាបបាន​ស​កម្ម​ភាព​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ចុង​ផ្លាស់ ខេត្ត​​មណ្ឌលគិរី​, ភ្នំ​ជី​នៅ​ខេត្តកំពង់ធំ​, ភ្នំ​លុង នៅ​ខេត្តព្រះវិហារ​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា បាន​ប្រាប់ថា ការផលិត​មាស​របស់​ក្រុមហ៊ុន​អូស្ត្រាលី Renaissance មានការ​កើន​​ឡើង​គួរឱ្យកត់សម្គាល់ ដោយ​ចំណូល​ពី​សួយ​សារ​នៃ​អាជីវកម្ម​រ៉ែ​មាស​នេះ នឹង​អាចរួមចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​លើកឡើងថា​៖ «​ការធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន​ស្រប​​ច្បាប់ គឺ​អាចជា​កាលានុវត្តភាព​មួយ​សម្រាប់​ស្រូប​ទាញ​កម្លាំង​​ពលកម្ម​នៅក្នុង​តំបន់​។ រាជ​​រដ្ឋាភិបាល​កម្ពុជា​គួរ​បន្ត​លើក​​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​លើ​ការរុករក​រ៉ែ​នេះ ដោយ​គួរតែ​បន្ត​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រភេទ​នេះ​ឱ្យ​បន្ត​រុករក​រ៉ែ​មាស​នៅ​តំបន់​ផ្សេងៗ​ទៀត​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍