ភ្នំពេញៈ ការកាត់បន្ថយ​រយៈពេល​នៃ​ការផ្អាក​ជើងហោះហើរ​អន្តរជាតិ​ដែល​រកឃើញ​ករណី​ឆ្លង​កូវីដ​ ១៩ របស់​ប្រទេស​ចិន​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​អ្នកដំណើរ ស្រប​ពេល​កម្ពុជា​ស្នើ​ភាគី​ចិន​ឱ្យជួយ​បង្កើន​ជើងហោះហើរ​ឡើងវិញ​។

រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ​(CAAC) កាលពី​ថ្ងៃទី​ ៧ ខែសីហា បាន​សម្រេច​កាត់បន្ថយ​រយៈពេល​នៃ​ការផ្អាក​ជើងហោះហើរ​អន្តរជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្លូវ​ហោះហើរ​មាន​រកឃើញ​ករណី​ឆ្លង​កូវីដ​ ១៩​។ នៅក្នុង​នោះ​ជើងហោះហើរ​នឹង​ត្រូវ​ផ្អាក​រយៈពេល ១ ​សប្តាហ៍​បើសិន ៤ ​ភាគរយ​នៃ​អ្នកដំណើរ​ត្រូវបាន​ពិនិត្យឃើញ​វិជ្ជមាន​កូវីដ​ ១៩ និង​រយៈពេល ២ ​សប្តាហ៍​បើ ៨ ​ភាគរយ​នៃ​អ្នកដំណើរ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​។

កន្លងមក​នៅ​ក្រោម​គោលការណ៍​ចាស់​របស់​ប្រទេស​ចិន គឺ​បើ​មាន​អ្នកដំណើរ ៥ ​នាក់​ធ្វើតេស្ត​វិជ្ជមាន ជើងហោះហើរ​របស់​អាកាសចរណ៍​ពាក់ព័ន្ធ​សម្រាប់​ផ្លូវ​ហោះហើរ​នោះ​នឹងត្រូវ​ផ្អាក​រយៈពេល ២ សប្តាហ៍​។ ការផ្អាក​នឹង​មាន​រយៈពេល​ដល់ ៤ ​សប្តាហ៍​ប្រសិនបើ​អ្នកដំណើរ​ចាប់ពី ១០ ​នាក់​ឡើងទៅ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ​ ១៩​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​វិធានការ​ចត្តាឡីស័ក​របស់​អាជ្ញាធរ​ចិន​នេះ គឺជា​សញ្ញា​ល្អ​សម្រាប់​អ្នកដំណើរ ប៉ុន្តែ​មិនទាន់​មាន​ការផ្លាស់ប្តូរ​លើ​គោលនយោបាយ​នៃ​ការកំណត់​ជើងហោះហើរ​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​កំពុង​រង់ចាំ​មើល និង​តាមដាន​សភាពការណ៍​បន្ត​ទៀតថា តើ​ចិន​អាច​បើក​បន្ធូរបន្ថយ​ជើង​ហោះហើរ​បន្ថែមទៀត​ឬ​យ៉ាងណា ព្រោះ​ជើងហោះហើរ​ត្រូវ​កំណត់​ដោយ​គោលនយោបាយ​របស់​ចិន ខណៈ​វិធានការ​រដ្ឋបាល​អាកាសចរ​ស៊ីវិល​នៃ​ប្រទេស​ចិន​ដាក់​ចេញមក​គ្រាន់តែ​សម្រួល​ដល់​អ្នក​ធ្វើដំណើរ​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ថែមថា កន្លង​មក​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ពី​ប្រទេស​កម្ពុជា​ហោះហើរ​ទៅ​ដល់​ចិន ត្រូវ​បាន​ពិនិត្យ​រកឃើញ​មាន​អ្នកដំណើរ​វិជ្ជមាន​កូវីដ​ ១៩ ហើយ​ត្រូវបាន​គេ​ផ្អាក ២ ​សប្តាហ៍​មិនឱ្យ​ហោះហើរ ២ ​សប្តាហ៍ ដែល​នាំឱ្យ​មាន​ការលំបាក​ច្រើន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង យល់ឃើញ​ថា ការចាប់ផ្តើម​បន្ធូរបន្ថយ​រយៈពេល​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​នឹង​ជួយ​សម្រួល​ឱ្យមាន​ការធ្វើ​ដំណើរ​កាន់តែ​ច្រើន ព្រោះ​នៅពេល​ការចំណាយ​លើ​ការហោះហើរ​កាន់តែ​តិច​នឹង​ជំរុញ​ឱ្យមាន​ការហោះហើរ​ទៅមក​កាន់តែ​ច្រើន ពិសេស​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​ដែល​តែង​ធ្វើ​ដំណើរ​ចេញ​-​ចូល​ចិន​ជា​ញឹកញាប់​។

លោក​បញ្ជាក់ថា​៖ «​ការជួយ​សម្រួល​កាន់តែ​ច្រើន​របស់​ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​ទំនាក់ទំនង​ធុរកិច្ច​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន កាន់តែ​មាន​ភាពរលូន​ល្អ ជាពិសេស​បន្ទាប់ពី​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​បានចាប់ផ្តើម​អនុវត្ត​។ ការសម្រួល​នេះ​ក៏​នឹង​មាន​ប្រយោជន៍​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ ស្របពេល​កម្ពុជា​បាន​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ​តាំងពី​ឆ្នាំមុន​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី កាលពី​ថ្ងៃទី​ ៣ ខែ​សីហា ឆ្នាំ​ ២០២២ បាន​ស្នើ​ឱ្យ​ភាគី​ចិន​បង្កើន​ចំនួន​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ខណៈ​លោក វ៉ាង យី ​ក៏បាន​ឆ្លើយតប​ថា ជើងយន្តហោះ​បាន​ត្រឡប់​មក​ធម្មតា​វិញ​ហើយ ហើយ​ប្រទេស​ចិន​នឹង​ពិចារណា​ក្នុង​ការបង្កើន​ជើងហោះហើរ​រវាង​ប្រទេស​ទាំង ​២​។

បើតាម​អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល ការចរាចរ​អ្នកដំណើរ​តាមផ្លូវ​អាកាស​គិតពី​ខែមករា​-​កក្កដា ឆ្នាំ​ ២០២២ មាន​ចំនួន ៩០៨ ០៥៩ ​នាក់ កើន​ជិត ៥០០ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំណែក​ការដឹក​ជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​មាន​ចំនួន ៣៤ ៥៤៧ ​តោន ថយចុះ ៤,៤៣ ​ភាគរយ​៕