ភ្នំពេញ៖កម្ពុជានឹងចាប់ផ្តើម​ធ្វើជំរឿនកសិកម្ម​នៅ​ខែមេសាឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ប្រមូល​ព័ត៌មាន​គ្រប់ផ្នែក​ក្នុង​វិស័យ​កសិកម្ម​ និង​ធ្វើជា​ទិន្នន័យ​មូលដ្ឋានរៀបចំ​គោលនយោបាយយុទ្ធសាស្ត្រផែនការ​សកម្មភាព និង​គម្រោង​នានាក្នុង​គោលដៅ​ជំរុញ​កិច្ច​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ និង​សង្គមកិច្ច។

រាជរដ្ឋាភិបាល​កម្ពុជាបានកំណត់​យក​ថ្ងៃទី​ ១ ខែមេសាឆ្នាំ ២០២៣ ជា​កាលបរិច្ឆេទ​នៃ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា និង​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន​កសិកម្ម​ឆ្នាំ ២០២៣ ដែលមាន​រដ្ឋមន្ត្រីក្រសួង​ផែនការជា​ប្រធាន,និង​អនុប្រធាន ០៥ ដោយ​មួយរូប​ជា​អនុប្រធាន​អចិន្ត្រៃយ៍មកពី​ក្រសួងផែនការ និង ០៤ រូប​មកពីក្រសួងកសិកម្ម,ក្រសួងមហាផ្ទៃ,ក្រសួង​សេដ្ឋកិច្ច និងទីស្តីការគណៈរដ្ឋមន្ត្រីព្រមទាំង​សមាជិក​ចំនួន ១២ រូបមកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត។

គណៈកម្មាធិការ​ជាតិ​នេះមាន​ភារកិច្ចណែនាំ​ និង​អនុម័ត​រាល់​កិច្ចការ​ទូទៅ​ដែល​ពាក់ព័ន្ធ​នឹង​ជំរឿន​កសិកម្ម,រៀបចំ ​និង​បង្កើត​គណៈកម្មការ​បច្ចេក​ទេស​ជំរឿន​កសិកម្ម​ និង​គណៈកម្មការ​ឃោសនា​ជំរឿន​កសិកម្ម,សម្រាប់​អនុវត្ត​ផ្ទាល់​រាល់​ការងារ​បច្ចេកទេស​ក្នុងការ​ជំរឿន​កសិកម្ម,​ រៀបចំ​និង​បង្កើត​គណៈកម្មការ​ជំរឿន​កសិកម្ម​រាជធានីខេត្ត,ចាត់តាំង​មន្ត្រី​ឱ្យ​ចូលរួម​ជំរឿន​កសិកម្មតាម​ការស្នើសុំ​របស់​គ​ណៈ​កម្ម​ការ​បច្ចេកទេស​ជំរឿន​កសិកម្ម , ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ពី​ការប្រព្រឹត្តទៅ​និង​លទ្ធផល​នៃ​ជំរឿន​កសិកម្ម និង​អនុវត្ត​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ឱ្យ​ពី​ប្រមុខ​រាជរដ្ឋាភិបាល។

លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាជំរឿនកសិកម្ម​ត្រូវបានធ្វើ​ផ្អែក​តាមច្បាប់​ស្តីពី​ស្ថិតិ ដែល​បានកំណត់​ត្រូវ​ធ្វើជា​រៀងរាល់​រយៈពេល ១០ ឆ្នាំ​ម្តង។

លោកស្រី​បាន​បន្ថែមថា ជំរឿន​កសិកម្មឆ្នាំ ២០២៣ គឺជា​ការងារ​ជំរឿន​លើក​ទី ២ បន្ទាប់ពី​បានធ្វើ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៣ ដោយ​ជំរឿន​កសិកម្មគឺមាន​សារៈ​សំខាន់បំផុត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ស្ថិតិ​ស្តីពី​ស្ថានភាព​គ្រួសារ​កសិកម្ម និង​អង្គភាព​កសិកម្ម​គ្រប់​ទំ​ហំ​ខ្នាត និង​ប្រភេទដែល​ស្ថិតក្នុង​វិស័យ​កសិកម្មរួមទាំង​ចំនួន​កម្លាំង​ពលកម្មស្ថានភាព​ហិរញ្ញវត្ថុសក្តានុពល​ផលិតកម្ម​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា៖ «យើង​នឹង​ប្រើប្រាស់​ធនធាន​របស់​គ្រឹះស្ថាន​កសិកម្ម​ទាំងនោះ សម្រាប់​ផ្តល់​ធាតុ​ចូលក្នុង​ការកសាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្មសេដ្ឋកិច្ចបរិស្ថាន និង​សង្គមការ​គណនា​កំណើនសេដ្ឋកិច្ចរបស់​រាជរដ្ឋាភិបាល​កម្ពុជាក៏ដូចជា​សម្រាប់​ផ្តល់ជូន​អ្នកប្រើប្រាស់​ជា​សាធារណៈ​នៅតាម​ក្រសួងស្ថាប័ន​អង្គការ​ជាតិ និង​អន្តរជាតិ»។

លោក យ៉ង ប៉ាក់ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​ហ្គ្រី​ប៊ី Agribee (Cambodia) Plc បានឱ្យដឹងថាការធ្វើជំរឿន​កសិកម្មគឺមាន​សា​រៈ​សំខាន់​ណាស់ព្រោះវា​ជា​ត្រី​វិ​ស័យសម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា។

លោក​បាន​បន្តថាការធ្វើ​ជំ​រឿន​នេះក៏​អាចឱ្យ​ខាង​វិស័យ​ឯកជន​ដឹង​ពី​ការវិវឌ្ឍ​ន៍ជីវភាពដំណាំ​ដាំ​ដុះទំនើបកម្ម​កសិកម្ម និងផលិតកម្មពី ១ ឆ្នាំទៅ ១ ឆ្នាំហើយ​ទិន្នន័យ​នេះត្រូវបាន​យក​ប្រើក្នុង​ការធ្វើ​គោលនយោបាយឬ ជា​យុទ្ធសាស្ត្រសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​ទាំងមូល។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​គួរតែ​ធ្វើ​ជំរឿន​កសិកម្ម​នេះរៀងរាល់ប្រាំ​ឆ្នាំ​ម្តង។ ម្យ៉ាងវិញទៀតយើង​សង្កេតឃើញថា ទិន្នន័យ​ខ្លះរវាងក្រសួងកសិកម្ម និងទិន្នន័យ​ជំរឿនហាក់​ខុសគ្នា​ឆ្ងាយ​ពេក។ បើសិនជាយើង​រក​វិធីធ្វើយ៉ាងណាធ្វើឱ្យ​​ទិន្នន័យ ​ដែល​យើង​ទទួលបានកាន់តែ​មាន​សុ​ក្រិ​ត្យ​ភាព​ជាង​មុននោះ​កាន់​តែមាន​ប្រ​យោ​ជ​ន៍ដល់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយនៅក្នុង​វិស័យ​កសិកម្ម​ទាំង​មូល»៕