​ភ្នំពេញៈ ចំណូល​ដែល​កម្ពុជា​រកបាន​មក​ពី​ការនាំចេញ​ផលិត​​ផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ក្នុង​រយៈ​​ពេល ៧ ​ខែ ឆ្នាំ ​២០២២ មាន​ជាង ១​ ពាន់​លាន​ដុល្លារ​ កើនឡើង​ជិត​ ៣៤ ​ភាគរយ ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២១​។

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចេញផ្សាយ​ក្នុង​ថ្ងៃទី​ ១០ ខែសីហា ឱ្យដឹងថា ការនាំចេញ​ផលិតផល​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​​ប្រហែល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២២ មានទឹក​​ប្រាក់​សរុប ១ ០៤៥,២៣​ លាន​ដុល្លារ កើន ៣៣,៨​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដែលមាន ៧៨១,៣២ ​លាន​ដុ​ល្លារ​។ ចំនួន​នេះ ស្មើ ៧,៦ ​ភាគ​រយ ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៧​ ខែ​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១៣ ៧៦៩,៧៣ ​លាន​ដុល្លារ​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១០ ខែសីហា​ថា ទោះបី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ពិភពលោក​មិនទាន់​អាច​គ្រប់​​គ្រង​បាន ហើយ​កំណើន​សេដ្ឋ​​កិច្ច​ពិភពលោក​ក៏​នៅ​មិនទាន់មាន​ភាពច្បាស់លាស់ ក៏​ការនាំ​​ចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅតែ​បន្ត​សញ្ញា​វិជ្ជមាន​។ កំណើន​នៃ​ការ​​នាំចេញ​នេះ​អាច​បណ្តាលមកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ស្ថិរភាព​នយោបាយ​, កំណើនសេដ្ឋកិច្ច​, មាន​ទីផ្សារ​នាំចេញ​ច្រើន​ប្រទេស​, សម្បូរ​ពលកម្ម​ជំនាញ និង​តម្លៃ​សមរម្យ ព្រម​​ទាំង​ជា​ប្រទេស​មាន​លក្ខខណ្ឌ និង​ច្បាប់​វិនិយោគ​ល្អប្រសើរ​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​ផលិតផល​ស្បែកជើង ស្រោម​​ជើង និង​វត្ថុ​ប្រហាក់ប្រហែល កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ពង្រឹង​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​ជាច្រើន​។ ទន្ទឹម​​នឹង​កំណើន​ប្រាក់​នាំចេញ​នេះ កម្ពុជា​ក៏​ទទួលបាន​កំណើន​ការ​​ចូលមក​បណ្តាក់ទុន​លើ​ផលិត​​កម្ម​ទាំងអស់នេះ​ផងដែរ​»​។​

​បើតាម​លោក ឃុន​ថៃ ផលិត​ផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល ផលិត​នៅ​កម្ពុ​ជាមាន​ទីផ្សារ​ធំ​នៅ​អាមេរិក អឺរ៉ុប អង់គ្លេស កាណាដា កូរ៉េ ជប៉ុន និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ជាដើម​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល គឺជា​ផលិតផល​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា​ដែលមាន​ទឹកប្រាក់​នាំចេញ​ដល់​ខ្ទង់ពាន់​លាន​ដុល្លារ​១​ ឆ្នាំ​។ លោក​បន្ថែមថា ពង្រីក​ទីផ្សារ​ថ្មីៗ​នឹង​ជួយ​ឱ្យ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​កាន់តែច្រើន​។​

​លោក​បន្ថែមថា​៖ «​ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល គឺជា​ទំនិញ​សំខាន់​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជាច្រើន​។ កំណើន​ទឹក​​ប្រាក់​នាំចេញ​បញ្ជាក់ថា ផលិត​​ផល​កម្ពុជា ​គឺមាន​គុណភាព​កម្រិត​អន្តរជាតិ​»​។​

​យោងតាម​លោក លី ឃុន​ថៃ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ស្បែកជើង​ប្រហែល ៧០ ដោយមាន​ម្ចាស់​ភាគច្រើន​មកពី​ប្រទេស​ចិន ហុងកុង ចិន​តៃ​​ប៉ិ កូរ៉េ និង​ជប៉ុន​។ ចំណែក​វត្ថុ​​ធាតុ​ដើម​ភាគច្រើន​នាំមក​ពី​ចិន វៀតណាម និង​ថៃ​។ ស្បែកជើង​ផលិត​នៅ​កម្ពុជា មាន​ម៉ាក​ល្បីៗ​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​ក្នុង​ឆ្នាំ ​២០២១ ការនាំចេញ​ផលិតផល​ស្បែកជើង ស្រោម​​ជើង និង​វត្ថុ​ប្រហាក់ប្រហែល មានតម្លៃ ១ ៣៩២,២២​ លាន​ដុល្លារ កើន ២៤ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕