​តម្លៃ​មាស​កំពុង​ស្ថិតនៅ​ក្នុងទិសដៅ​កើនឡើង​ក្នុង​សប្តាហ៍​នេះ ដោយបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​តម្លៃ ១ ៧៩០ ទៅ ១ ៧៧៤ ដុល្លារ​ក្នុង ​១ ​អោន​ស៍ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយសារ​ការចេញផ្សាយ​ទិន្នន័យ​ការងារ​ល្អប្រសើរ​របស់​សហរដ្ឋ​អាមេរិក​។

បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ការងារ​របស់​សហរដ្ឋ​អាមេរិក អត្រា​អ្នកមាន​ការងារ​ធ្វើ​នៅក្នុង​ខែកក្កដា មាន​ចំនួន ៥២៨ ​ពាន់​នាក់ ច្រើនជាង​ការរំពឹងទុក​ ២​ ដង ដែល​ធ្វើឱ្យ​គូ​ជួញដូរ XAU/USD ធ្លាក់ចុះ​ជិត ២០​ ដុល្លារ នៅក្នុង​រយៈពេល ៣០​ នាទី​។ ប៉ុន្ដែ​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ តម្លៃ​មាស​បាន​​ឡើង​មកវិញ​ប្រហែល ១ ៧៩៣ និង​ត្រៀម​ឡើងដល់ ១ ៨០០​ ដុល្លារ​។​

​លោក ឈា ឆាយ​ហេង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ភីភី លីង ​ស៊ី​ឃ្យួ​រឹ​ធី មានប្រសាសន៍ថា ការឡើង​មកវិញ​យ៉ាង​លឿន​នៃ​តម្លៃ​មាស​បង្ហាញថា អត្រា​ការងារ​ល្អប្រសើរ​នៅ​សហរដ្ឋអាមេរិក អាចធ្វើ​ឱ្យប្រាក់​ដុល្លារ​រឹងមាំ​ក្នុង​រយៈពេល​ខ្លី ហើយ​មាស​នៅតែ​ស្ថិតក្នុង​ការពេញចិត្ត​សម្រាប់​អ្នកទិញ​។ គេហទំព័រ investing.com បាន​រាយការណ៍​ថា តម្លៃ​មាស​បាន​រក្សា​ការ​កើន ឡើង​នាពេល​ថ្មីៗ​នេះ មុនពេល​អតិផរណា​​របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ក្នុង​សប្តាហ៍​នេះ បាន​ជំរុញឱ្យមាន​តម្រូវការ​សម្រាប់​មាស​។ អ្នកសេដ្ឋកិច្ច​កំពុង​ព្យាករ​អត្រា​អតិផរណា​ប្រចាំខែ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​នឹង​បង្ហាញ​ពី​ភាពល្អប្រសើរ​។

​ប្រសិនបើជា​ការពិត វា​នឹង​ក្លាយជា​សញ្ញា​មួយ​ដែលថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារកណ្ដាល​រប​ស់​សហរដ្ឋអាមេរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា​កំពុង​ចាប់ផ្តើម​ដំណើរ​​ការ​។ ការធ្លាក់ចុះ​ធំ​ជាង​ការរំពឹងទុក​នៅក្នុង​អតិផរណា​ទំនងជា​នឹងធ្វើ​ឱ្យមាន​ការរំពឹងទុក​នៃ​ការដំឡើង​អត្រា​ការប្រាក់​យ៉ាងខ្លាំង​​ដោយ​ធនាគារកណ្តាល ហើយនឹង​មាន​ភាព​-​វិជ្ជមាន​សម្រាប់​តម្លៃ​មាស​៕