
ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត កាលពីដើមឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលនឹងដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ពិសេសសម្រាប់ខេត្តសៀមរាប តាមរយៈការបោះផ្សាយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញ ១ ជីវិតសម្រាប់ភ្ញៀវទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀត សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន ពិសេសដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)។
ផែនការនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរលើកទី ១ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធនានា និងវិស័យឯកជនផងដែរ។
លោក ថោង ខុន ឱ្យដឹងថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជននៅក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។
លោកបានបន្ថែមថា សំណើបង្កើតកញ្ចប់ទស្សនកិច្ច ពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅរាជរដ្ឋាភិបាលនោះ គឺបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញ ១ ជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Pa-ckage) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញ ១ ជីវិត ឬការលក់បណ្ណក្នុងទម្រង់ជាកញ្ចប់ទស្សនកិច្ចអាទិភាព (Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទស្សនារមណីយដ្ឋានអង្គរពេញ ១ ជីវិត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាច្រើនដង។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៨ ខែសីហាដែរនោះបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍អំពីផែនការនៃការដាក់ចេញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញ ១ ជីវិតសម្រាប់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ប៉ុន្តែលោកថា វាទាមទារឱ្យភាគីពាក់ព័ន្ធ ដើម្បីចូលរួមគ្នាធ្វើការលើការផ្សព្វផ្សាយការងារនេះ ដោយសារខេត្តសៀមរាបបានរៀបចំស្អាតក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ការងារនេះគឺយើងទាមទារឱ្យមានកញ្ចប់ថវិកា ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចនេះ ខណៈខេត្តសៀមរាបបច្ចុប្បន្នប្រៀបដូចជាកូនក្រមុំកំពុងពេញវ័យ។ លើសពីនេះបញ្ហាសេវាកម្ម និងតម្លៃគឺយើងត្រូវតែយកចិត្តទុកដាក់ ដោយសារខេត្តសៀមរាបកំពុងមានការអភិវឌ្ឍខ្លាំង ដូច្នេះភាគីពាក់ព័ន្ធនានាដែលប្រតិបត្តិករទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គឺមិនត្រូវពឹងតែលើក្រសួងទេសចរណ៍នោះទេ ដោយសារក្រសួងបានធ្វើការច្រើនរួចមកហើយលើកិច្ចការទាំងនេះ»។
កាលពីថ្ងៃទី ១ ខែសីហា ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រកាសផ្សព្វផ្សាយពីសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ និងប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២២-២០២៣ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។
ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២២-២០២៣ នេះបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ១៧ និងសកម្មភាពអនុវត្តចំនួន ៣៧ ក្នុងនោះគោលដៅទេសចរណ៍អាទិភាពចំនួន ៦ ដែលត្រូវអនុវត្តក្នុងផែនការសកម្មភាពតំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។
យោងតាមលោក ថោង ខុន ក្រោយពីការប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពនេះ ខេត្តសៀមរាបរំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ក្នុងឆ្នាំ ២០២២ នេះ ហើយនឹងកើនដល់ ៥០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៣។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបាននិយាយថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងខេត្តគួបផ្សំនឹងផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២២-២០២៣ នឹងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិមកកាន់សៀមរាបឱ្យដល់កម្រិតដូចមុនពេលមានវិបត្តិ និងកាន់តែប្រសើរជាងមុន។
តាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិ ប្រមាណ ៦ ម៉ឺននាក់ កើនឡើង ១ ០២៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ និងភ្ញៀវទេសចរផ្ទៃក្នុងចំនួនជាង ១ លាននាក់ កើន ៧៩៨ ភាគរយ។ ជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន ៣៨៧ ជើង៕