ភ្នំពេញៈ ក្រសួងការបរទេស​​ហូ​ឡង់ តាមរយៈ​មូលនិធិ​ហូ​ឡង់​សម្រាប់​អាកាសធាតុ និង​ការ​​អភិវឌ្ឍ ​(DFCD) ​បានផ្តល់​ប្រាក់​ចំនួន ១៦០​ លាន​អឺរ៉ូ ដើម្បី​ជួយ​បង្កើន​ភាព​ធន់​នៃ​សហគមន៍​និង​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ជួយ​ដល់​គម្រោង​វិនិយោគ​របស់​វិស័យ​ឯកជន​ដែល​គិតគូរ​ពី​ការប្រែប្រួល​អាកាសធាតុ​។​

​មូលនិធិ DFCD មាន​គោល​​បំណង​ធ្វើជា​គំរូ​ឈានមុខ​គេ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​ស្ថាប័ន ដើម្បី​ទាក់ទាញ និង​ដាក់ពង្រាយ​មូលធន​សាធារណៈ និង​ឯកជន​ក្នុង​គម្រោង​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ និង​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​អាកាសធាតុ​។ ការវិនិយោគ​នេះ​នឹង​អនុញ្ញាតឱ្យ​គម្រោង​​បញ្ចប់​ការសិក្សា​ពី​គំនិត​ទៅ​ការអនុវត្ត​ពេញលេញ ដោយ​ប្រើប្រាស់​ការផ្តល់​ហិរញ្ញប្បទាន​ពេញ​​លេញ​ក្នុង​វដ្ត​អាជីវកម្ម​។​

​លោកស្រី Alexandrea Mandelbaum នាយក​ប្រចាំ​ប្រទេស​កម្ពុជា ​នៃ​អង្គការ​អភិ​​វឌ្ឍន៍​ហូ​ឡង់ ​(SNV) បាន​ថ្លែងថា ការផ្តល់​មូលនិធិ DFCD ត្រូវបាន​បែងចែក​ប្រតិបត្តិការ​ចំនួន ​៣ ​ដំណាក់កាល ដូចជា​ការ​សិ​​ក្សា​ពី​គំនិត ការវិនិយោគ​ដំបូង និង​ការវិនិយោគ​ដោយផ្ទាល់​។​

​លោកស្រី​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​យ៉ាង​​ណា​ជួយ​ឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ការប្រឆាំង​ការប្រែប្រួល​អាកាស​​ធាតុ​ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ ជាពិសេស​ការផ្តល់​មូលនិធិ​កាន់​តែមាន​និរន្តរភាព ប្រសិទ្ធភាព និង​វិធីសាស្ត្រ​ផលិត​​ភាព​ពី​កសិករ​ខ្នាតតូច ដល់​អា​​ជីវ​កម្មក​សិ​-​ពាណិជ្ជកម្ម​»​។​

​លោក ទិន ពន្លក អនុប្រធាន​ទី២ នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋលេខា​ធិ​ការ​ក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បី​ទទួលបាន​គម្រោង​នេះ វិស័យ​ឯកជន​ត្រូវ​ចេះ​ជ្រើស​គម្រោង​អាជីវក​ម្មណា​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា​ការវិនិយោគ​គ​ម្រោ​ង​គ្រប់​គ្រង​កាកសំណល់ និង​ការ​វិ​និ​យោគ​លើ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ដូច​យើង​ដឹង​ហើយ​ឥណទាន​ពី​ធនាគារ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​អាជីវកម្ម​ដែល​គាំពារ​ដល់​បរិ​ស្ថាន​មិនមាន​ច្រើន​ទេ​។ ការផ្តល់​មូលនិធិ​របស់​រដ្ឋាភិបាល​ហូ​ឡង់​នាពេលនេះ គឺជា​ការឆ្លើយតប​ក្នុងនាម​ជា​ប្រទេស​មាន​ឧស្សា​​ហ​កម្ម​ជឿនលឿន ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​»​។​

​លោក តាន់ មុនី​វណ្ណ អគ្គ​នា​យក​រង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា គម្រោង​ផ្តល់ទុន​ដល់​វិស័យ​ឯកជន តាមរយៈ​មូលនិធិ​ហូ​ឡង់​សម្រាប់​អាកាស​​ធាតុ​ និង​ការអភិវឌ្ឍ​ ដើម្បី​បង្កើន​សន្តិសុខ​ស្បៀង​ជាមួយ​កសិកម្ម​ឆ្លាត​វៃ​តាម​អាកាសធាតុ​នេះ គឺជា​គម្រោង​ល្អ ប៉ុន្តែ​វិស័យ​ឯក​​ជន​អាច​នឹង​ជួប​ការលំបាក​ខ្លះ​ក្នុង​ការទទួល​មូលនិធិ​នេះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​លើក​ទឹក​​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ធំៗ​ទាំងអស់ ដែល​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម រួមគ្នា​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួង សេដ្ឋកិច្ច​ជាដើម ដោយ​ត្រូវ​ធ្វើយ៉ាងណា​ផ្គុំ​គំនិត​គ្នា​ដើម្បី​បង្កើតជា​គម្រោង​នេះ​ឡើង​»​។​

DFCD នឹង​ផ្តល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ដោយ​ផ្តោតលើ​ការ​បន្សំ និង​ការ​ប្រែ​​ប្រួល​អាកាសធាតុ ដើម្បី​ប្រមូល​មូលនិធិ​ពី​វិស័យ​ឯកជន​ខាង​​ក្រៅ​តាម​ទំហំ​នៃ​ការវិនិយោគ​អាជីវកម្ម​នីមួយៗ​៕