ភ្នំពេញៈ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​បន្ត​ទៀតហើយ ដោយ​នៅ​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ ២០២២ ​នេះ​តាម​ការជូន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់​ថា​តម្លៃ​ប្រេងឥន្ធនៈ​បាន​បន្ត​ចុះថ្លៃ ដោយ​ប្រេងសាំង​ធម្មតា មាន​តម្លៃ ៤ ៦៥០ ​រៀល ក្នុង​មួយ​លីត្រ​ (​ចុះ​ ១០០ ​រៀល​) និង​ប្រេងម៉ាស៊ូត មាន​តម្លៃ​ ៥០០០ ​រៀល​ក្នុង​មួយ​លីត្រ​ (​ចុះ​ ១៥០ ​រៀល​) ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី ​១១ ដល់​ថ្ងៃទី​ ២០ ខែ​សីហា ឆ្នាំ​ ២០២២ ។

បើតាម​អ្នក​ជំនាញ​សេដ្ឋកិច្ច តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ​ហាក់​មាន​និន្នាការ​ធ្លាក់ចុះ​មកវិញ​ជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​ប្រទេស​ឥណ្ឌា និង​អ៊ីរ៉ង់​បាន​បង្កើន​ការទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដោយ​ការសហការ​របស់​ប្រទេស​ទាំងនេះ​ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​យល់ឃើញ​ថា អាច​នឹង​កាត់បន្ថយ​សម្ពាធ​នៃ​វិបត្តិ​តម្លៃ​ប្រេង​ជា​សកល​។

របាយការណ៍​បច្ចុប្បន្នភាព​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​របស់​ធនាគារ​ពិភពលោក ដែល​បាន​ចេញ​កាលពី​ចុងខែ​មិថុនា​បាន​បង្ហាញ​ថា ប្រេងឥន្ធនៈ​ឡើងថ្លៃ​គួប​ជាមួយ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​បរទេស​របស់​កម្ពុជា​បាន​បន្ថែម​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​។ ធនាគារ​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដើម្បី​ទ្រទ្រង់​សកម្មភាព​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ រួមមាន ការបន្ត​ខិតខំ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩, បន្ត​ពង្រឹង​ភាពជឿ​ទុកចិត្ត​របស់​អ្នកទទួល​ប្រើប្រាស់​ និង​វិនិយោគិន​,​ជំរុញ​ការនាំចេញ ជាពិសេស​កសិផល តាមរយៈ​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម​ និង​បន្ត​រក្សា​លំនឹង​ថ្លៃ​ទំនិញ​លក់រាយ​នៅលើ​ទីផ្សារ​ជាដើម​៕