
លោក ញ៉ុង ឌិនថន (ឆ្វេង) និងឯកឧត្តម វ៉ាន់ មុនីនាថ នៅក្នុងពិធីចុះហត្ថលេខេានៅឯទីស្ដីការក្រសួងបរិស្ថាន។
ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងបរិស្ថានកាលពីថ្ងៃទី ៩ ខែសីហាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល ដើម្បីដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» នៃក្រសួងបរិស្ថាន។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថលរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនមិត្តហ្វូននេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូន។
ពិធីចុះហត្ថលេខានេះក្រសួងបរិស្ថានតំណាងដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ និងក្រុមហ៊ុនមិត្តហ្វូនតំណាងដោយលោក ញ៉ុង ឌិនថន អគ្គនាយករង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនមិត្តហ្វូនជាច្រើនរូបទៀត។
អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងគាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» របស់ក្រសួងបរិស្ថាន ដែលអាចមើលឃើញពីទីក្រុងកោះពេជ្យដ៏ស្រស់ស្អាត។
កិច្ចព្រមព្រៀងនេះក៏ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រការអភិវឌ្ឍសមត្ថភាព ក៏ដូចជាការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថានការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាតផងដែរ។

លោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសាទរចំពោះកិច្ចព្រមព្រៀងនេះ ហើយលោកបានមានប្រសាសន៍ថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមិត្តហ្វូន និងក្រសួងបរិស្ថាននេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីគាំទ្រដល់នាយកដ្ឋានក្នុងការរៀបចំដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាឌីជីថលនៅនៅក្នុង «អគារឯកភាពជាតិតេជោ»។
លោកបានបន្ថែមថា៖ «នេះនឹងជួយលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបច្ចេកវិទ្យាបៃតង និងថាមពលស្អាត»។
តាមរយ:កិច្ចសហការនេះក្រុមហ៊ុនមិត្តហ្វូននឹងគាំទ្រនូវសកម្មភាពមួយចំនួនដូចជាការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនជាដើម។
លោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍បន្ថែមថា៖ «ការរៀបចំ និងដំឡើងកម្មវិធីឌីជីថលដែលមានបច្ចេកវិទ្យាខ្ពស់នៅក្នុង «អគារឯកភាពជាតិតេជោ» ក៏រួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធ IT នៅក្រសួងបរិស្ថានផងដែរ»។
សូមបញ្ជាក់ថាក្រុមហ៊ុនមិត្តហ្វូនមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ និងចាប់ផ្តើមអាជីវកម្មនៅឆ្នាំ ២០០៩។ អស់រយៈពេល ១៦ ឆ្នាំមកនេះក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលដ៏ធំបំផុតនៅកម្ពុជាដែលមានអតិថិជនប្រើប្រាស់ទូរស័ព្ទចល័តចំនួន ៩ លាននាក់ ស្មើនឹង ៥០ ភាគរយនៃចំណែកទីផ្សារ។ ហើយមិត្តហ្វូនក៏មានបណ្តាញធំជាងគេ ដែលគ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រទាំងមូល៕
