ភ្នំពេញៈការចុះបញ្ជី​មូលដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យមផ្នែក​កម្មន្តសាល​គិត​ត្រឹម​ខែកក្កដាឆ្នាំ ២០២២ សរុប​មាន​ចំនួន ៤៣ ៨១៣ មូលដ្ឋានក្នុងចំណោម​ជាង ៥២ ម៉ឺន​មូលដ្ឋានមានការ​កើនឡើង​ចំនួន ៤៤២ មូលដ្ឋាន បើ​ប្រៀបធៀប​កាលពីមុន​ឆ្នាំ ២០១៧។

នៅក្នុង​សន្និសីទ​សារព័ត៌មានស្ដីពីសមិទ្ធផល​សម្រេចបាន​រយៈពេល ៥ ឆ្នាំកន្លងមករបស់​ក្រសួង​ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍លោកឈាឡាយ​ហ៊ីប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យមបាន​ថ្លែងថានៅក្នុង​ឆ្នាំ ២០២២ នេះគឺ​ការបង្កើតបាន​នូវ​យន្តការ​ថ្មី និង​រៀបចំ​មធ្យោបាយ​ថ្មីក្នុងការ​គ្រប់គ្រង​ស្ថិតិ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា (Data base system)។

លោក​បាន​បន្ថែមថាដើម្បី​ជំរុញ​ការចុះបញ្ជី​នេះឱ្យ​សម្រេច​តាម​គោលដៅ ដែល​បានកំណត់ក្រសួង​បានរៀបចំ​ជា​យន្តការផ្សេងៗ ជាពិសេស​កា​រចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការធ្វើប្រតិភូកម្ម​អំណាចដល់​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​គ្រប់​រាជធានី​ខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ SME នៅតាម​បណ្តា​ខេត្ត​អាច​ចុះបញ្ជី​បានលើកលែងតែ​ផលិតផល​ដែលមាន​ហានិភ័យ​មួយចំនួន។

លោក​បាន​គូសបញ្ជាក់ថា៖ «យើង​បាន​បង្កើតឱ្យមាន​ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​ការសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ យើង​ត្រូវការ​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រី​បង្គោល​នៅតាម​គ្រប់​រាជធានី​ខេត្តដែល​ផែនការ​នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០២៣ នេះ ដើម្បីឱ្យ ​SME ទាំងអស់​អាច​ចុះបញ្ជី​តាម​អន​ឡាញ ដោយ​ធានា​នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​ពួកគាត់»។

លោក​ថានៅមាន​បញ្ហា​ប្រឈម​ខ្លះសម្រាប់​សហគ្រាស​ធុន​តូចមធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាលដោយសារតែ SME ភាគច្រើន​មិន​ទាន់​មានការ​យល់ច្បាស់​ពី​បច្ចេកវិទ្យាទើប​ក្រសួង​បាន​បង្កើត​ Khmer SME ឡើង ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​បណ្តា​សហគ្រាស​ធុន​តូច ​និង​មធ្យម​ទាំងអស់​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់។

លោកតែតាំង​ប៉ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជាបានឱ្យដឹងថាបច្ចុប្បន្នមាន​សហគ្រាស​ធុន​តូចមធ្យម និង​សិប្បកម្មផ្នែក​កម្មន្តសាល​ប្រមាណ ៥៣ ម៉ឺន​សហគ្រាស​នៅ​ទូទាំងប្រទេសប៉ុន្តែ​ចំនួន SME ដែល​បាន​ចុះបញ្ជី​មាន​ត្រឹមតែ​ជាង ៤ ម៉ឺន​សហគ្រាស។

លោក​បាន​ឱ្យដឹងទៀតថាការហៅ SME ឱ្យមក​ចុះបញ្ជីមានការ​លំបាក​ច្រើន ដោយសារតែ​គេ​យល់ថាការចុះបញ្ជី​នេះមិនបាន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ សម្រាប់​ពួកគេហើយ​បញ្ហា​នេះក៏បាន​បង្ក​ការលំបាក​ដល់​ការ​គ្រប់គ្រង ​​SME នៅ​កម្ពុជា​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «ក្រសួង​គួរ​គិតគូរ​បន្ថែមតាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​បន្ថែម​ដល់ SME ទាំងនោះ ដើម្បី​អាច​ជំរុញ​ពួកគេ​ឱ្យទៅ​ចុះបញ្ជី​បាន។ ជាពិសេស​គួរ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​យល់ថាការចុះបញ្ជី​នេះអាច​ធានា​ផលប្រយោជន៍​អ្វីខ្លះ​ជូន​ពួកគាត់»។

យោងតាមគោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ របស់​រាជរដ្ឋាភិបាលបាន​កំណត់ថាវិស័យ​សហគ្រាស​ធុន​តូច និង​មធ្យមត្រូវធ្វើ​យ៉ាងណា​ចុះបញ្ជី​អាជីវកម្ម​ឱ្យបាន​យ៉ាងតិច ៨០ ភាគរយ​នៅ​ឆ្នាំ ២០២៥៕