
កម្មករកំពុងលើកដាក់ទំនិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជា-សហរដ្ឋអាមេរិក បានប្តេជ្ញាក្នុងការបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង ២ ឱ្យមានការរីកចម្រើនបន្ថែមទៀត ទោះបីមានបញ្ហាប្រឈមមួយចំនួនរវាងប្រទេសទាំង ២ ត្រូវដោះស្រាយក្តី។
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកបួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅកម្ពុជា កាលពីថ្ងៃទី ១០ សីហា ឆ្នាំ ២០២២។
លោក បួន សារៈមុនី បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩ ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកនៅតែបន្តរក្សាកំណើនក្នុងអត្រាដ៏ខ្ពស់សម្រាប់ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ នេះ។
លោកបានថ្លែងថា៖ «កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្មវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។
លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួង ពាណិជ្ជកម្មកម្ពុជា ដែលបាន ធ្វើការសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដាយានយន្តសហរដ្ឋអាមេរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តសហរដ្ឋអាមេរិក។
លោកស្រី ក៏បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្មវិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។
លោកស្រី ក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា៖ «ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានាលើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក្នុងឆមាសទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់ជាង ៤,៨ ពាន់លានដុល្លារ កើនជាង ៥១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ហើយក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក មាន ៤- ៦៤៨,៣៤លានដុល្លារ កើនឡើង ៥៤ ភាគរយពីចំនួន ៣ ០១៩,២៥ លានដុល្លារ កាលពីឆមាសទី ១ ឆ្នាំ ២០២១ និងការនាំទំនិញពីអាមេរិកមកកម្ពុជា មានចំនួន ១៦៨,២២ លានដុល្លារ ដែលកើនឡើង ៨,៧ ភាគរយពីចំនួន ១៥៤,៧២ លានដុល្លារ៕