ភ្នំពេញ: ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+ ៣ (AMRO) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២២ ដោយសារ​តែ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់ និង​ការលើក​ទឹកចិត្ត​សារពើពន្ធ​ដ៏រឹងមាំ​។ ប៉ុន្តែ ស្ថាប័ន​មួយ​នេះ​បាន​ព្រមាន​ថា ការនាំចេញ​ជាពិសេស​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ទៅ​អាមេរិក និង​សហភាព​អឺរ៉ុប​នឹង​ធ្លាក់ចុះ​នៅ​ឆមាស​ទី​ ២​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​១១ ខែសីហា ឆ្នាំ​ ២០២២ ស្ថាប័ន AMRO បាន​ចង្អុលបង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពធន់​។ ការបន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្កើន​សកម្មភាព​ក្នុងស្រុក ខណៈ​ដែល​តម្រូវការ​ខាងក្រៅ​ដ៏រឹងមាំ​បាន​គាំទ្រ​ការស្ទុះ​ងើបឡើង​វិញ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ ​២០២២​។

ស្ថាប័ន AMRO បាន​លើកឡើង​ថា​៖ «​នៅពេល​ដែល​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ ហើយ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ធូរស្រាល វា​នឹងមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តោតលើ​គោលនយោបាយ​ឆ្ពោះ​ទៅរក​កំណែទម្រង់​រចនាសម្ព័ន្ធ ដែល​នឹង​ជួយ​បង្កើន​សក្តានុពល​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​»​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ការវាយតម្លៃ​បឋម​ត្រូវបាន​ធ្វើឡើង​ដោយ AMRO បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ពិគ្រោះ​យោបល់​ប្រចាំឆ្នាំ​របស់​ខ្លួន បាន​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ​កក្កដា ដល់​ថ្ងៃទី ​៣ ខែសីហា ឆ្នាំ ២០២២​។

បេសកកម្ម​នេះ​ដឹកនាំ​ដោយ​លោក Jinho Choi អនុប្រធាន​ក្រុម AMRO និង​ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ AMRO​។ លោក Hoe Ee Khor ប្រធាន​សេដ្ឋវិទូ​នៅ AMRO ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គោលនយោបាយ​នេះ​។

លោក Choi ថ្លែងថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង ៥,០ ភាគរយ​នៅ​ឆ្នាំ​ ២០២២​ កើនឡើង​ពី ៣,០ ភាគរយ​កាលពី​ឆ្នាំ​ ២០២១​។ ស្របតាម​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩​ យើង​រំពឹងថា​សេដ្ឋកិច្ច​ក្នុង​ស្រុក​នឹង​បន្ត​កើនឡើង​ ដែល​គាំទ្រ​ដោយ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់ និង​ការពង្រឹង​វិធី​ការពារ​សុខភាព​»​។

លោក​បន្តថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ ចក្ខុវិស័យ​សម្រាប់​ការនាំចេញ​នឹងមាន​ការប្រកួត​ប្រជែង ដោយសារ​តែ​អាមេរិក និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ឆមាស​ទី ២ ឆ្នាំ​នេះ ដែល​អាចដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​វិស័យ​កាត់ដេរ​»​។

នៅក្នុង​របាយការណ៍​ចុងក្រោយ​បង្អស់​ស្តីពី​ប្រទេស​កម្ពុជា​កាលពី​ខែ​មិថុនា ធនាគារ​ពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៤,៥ ​ភាគរយ​នៅ​ឆ្នាំ ២០២២ ខណៈ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការនាំចេញ​ទំនិញ​បន្ត​ស្ទុះ​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ​ ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ ​១៩ កំណើន​នៅតែ​មិន​ស្មើគ្នា ដោយសារ​តែ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី​ជំរុញ​ឱ្យ​មាន​អតិផរណា​។

កាលពី​ថ្ងៃទី​ ១៣ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យបាន​ល្អ ដើម្បី​ទទួល​យក​ការពិត​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ និង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​។

លោក​បន្តថា​៖ «​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​សហការ​គ្នា ​ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​បាន​ល្អ ទប់ស្កាត់​អតិផរណា និង​រក្សា​អំណាច​ការទិញ​ប្រាក់រៀល​។ សេដ្ឋកិច្ច​របស់​យើង​ទើបតែ​ស្ទុះ​ងើប​ឡើងវិញ​ បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ ​ប៉ុន្តែ​វា​មិនគួរ​ឱ្យ​ជឿ​ទេ​ដែល​ថា សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចាប់ផ្តើម​បន្ថែម​បន្ទុក​មួយទៀត​ដល់​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​»​។

យោងតាម AMRO អតិផរណា​ជា​មធ្យម​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ មាន​ចំនួន ៦,៦ ភាគរយ​ធៀប​នឹង ២,៩ ​ភាគរយ​កាលពី​ឆ្នាំមុន​។ សម្ពាធ​តម្លៃ​កើនឡើង​លើ​ផលិតផល​ថាមពល និង​អាហារ​ត្រូវ​បាន​រំពឹងថា​នឹង​ប៉ះពាល់​លើ​ទំនិញ​ផ្សេងទៀត ដោយ​ដាក់​សម្ពាធ​អតិផរណា​កាន់តែ​ទូលំទូលាយ​ជាមួយ​នឹង​អតិផរណា​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់ ​(CPI) ​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ឡើងដល់ ៥,៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២៕