ក្រុមហ៊ុន​មិត្តហ្វូន និង​ក្រុមហ៊ុន Mineski Global កាលពី​ថ្ងៃទី១២ ខែ​សីហា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា (MoU) ស្តីពី​ការ​អភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ដែល​ជា​កិច្ចសហការ​លើក​ដំបូង និង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ពិធី​ចុះ​ហត្ថលេខានេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខគេ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក Phung Van Cuong អគ្គនាយក​ក្រុមហ៊ុន មិត្តហ្វូន និងលោក Ronald Robins ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Mineski Global ដែល​ជា​ក្រុមហ៊ុន​មាន​ឯកទេស​នៅក្នុង​ប្រតិបត្តិការ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​លេខ​១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​ចុះ MoU នេះ មិន​ត្រឹមតែ​ជា​ការ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ធុរកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ក៏​ជា​ការ​អភិវឌ្ឍ​វិស័យកីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​ផងដែរ ជាមួយ​នឹង​ការ​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​បន្តិច​ម្តងៗ​នៃ​ឧស្សាហកម្ម​មួយ​នេះ នៅ​កម្ពុជា។

ទន្ទឹម​នឹង​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​និង​វិធីសាស្រ្ត​សម្រាប់​អតិថិជន​វ័យក្មេង ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការនេះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

«មិត្តហ្វូន ផ្តល់​សេវា​បច្ចេក​វិទ្យា​ទូរគមនាគមន៍-ឌីជីថល​ជាច្រើន​ប្រភេទ ដើម្បី​លើក​កម្ពស់​ជីវិត​ឌីជីថល​សម្រាប់សង្គម​កម្ពុជា ហើយ​កីឡា​អេឡិចត្រូនិក គឺជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល ដែល​មិត្តហ្វូន​កំពុង​ផ្តោត​នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក Phung Van Cuong មាន​ប្រសាសន៍​បន្ថែម​ថា៖ «ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​ក្នុង​ឧស្សាហកម្មទូរគមនាគមន៍ ក្រុមហ៊ុន​មិត្តហ្វូន ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ការ​ចុះ MoU នេះ គឺ​កំពុង​ខិតខំ​ប្រឹងប្រែង​រួមគ្នាដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​អេឡិចត្រូនិក​ប្រកប​ដោយ​វិជ្ជាជីវៈ និង​កាន់តែ​ទូលំទូលាយ»។

នៅ​ក្នុង​ឆ្នាំ​២០១៧ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បាន​ទទួល​ស្គាល់​កីឡា​អេឡិចត្រូនិក ហើយ​បាន​សម្រេចថា​កីឡា​វីដេ​អូហ្គេម​នេះ អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សកម្មភាព​កីឡា ខណៈពេល​ដែល​អ្នក​លេង​ត្រូវ​ហ្វឹកហាត់ និងរៀបចំ​ឱ្យ​បាន​ក្លាំងក្លា​ដូច​ប្រភេទ​កីឡា​ទូទៅ​ដទៃ​ទៀតដែរ។

ខណៈ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ទាស់​ផ្ទះ​រៀបចំ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ កីឡា​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​កីឡា​ផ្លូវការ ​ដូច​វិញ្ញាសា​កីឡា​ទូទៅ​ដទៃទៀត។ ​

លោក Phung Van Cuong ថ្លែងថា នេះឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​របស់​កីឡា​អេឡិចត្រូនិក ដែល​ជា «បាតុភូតវប្បធម៌​សកល»។

«កាលពី​ពេលថ្មីៗ​នេះ កីឡា​អេឡិចត្រូនិក បាន​ក្លាយ​ជា​កីឡា​ផ្លូវការ​នៅ​ក្នុង​កីឡា​ស៊ីហ្គេម និង​បាន​ឆ្លុះ​បញ្ចាំង​ពីរបៀប​ដែល​កីឡា​នេះ​បាន​ក្លាយ​ជា​បាតុភូត​វប្បធម៌​សកល ដែល​ត្រូវ​បាន​យក​មក​ប្រកួត​ជាមួយ​នឹង​កីឡា​ដែល​មានជាយូរ​មក​ហើយ ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា។

លោក​​បន្ត​ថា​៖«​ជា​រៀង​រាល់​ឆ្នាំ ការ​ប្រកួត​រគិតទាំង​ទ្រង់ទ្រាយធំ​និង​តូច ​ត្រូវ​បានគេ​ប្រារព្ធធ្វើ​ឡើង​នៅ​ទូទាំង​ពិភពលោក ​ដែល​ទាក់ទាញ​អ្នក​ទស្សនា​រាប់​សិប​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ»។

មិត្តហ្វូន មាន​អ្នក​លេងហ្គេម Mobile Legends: Bang Bang រាប់លាន​នាក់ ដែល​មាន​ចំណែក​ទីផ្សារ​រហូតដល់ ៩០ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​អ្នក​លេង​ប្រចាំ​ថ្ងៃ​រាប់រយពាន់​នាក់​នៅ​លើ​បណ្តាញ​មិត្តហ្វូន។

ក្រុមហ៊ុន​មិត្តហ្វូន ក៏​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​កីឡា​អេឡិចត្រូនិក MPL របស់​ក្រុមហ៊ុន Moonton ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍​និង​ទស្សនា​ច្រើន​ជាង​គេ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​មិត្តហ្វូន និង​ក្រុមហ៊ុន Mineski Global គឺ​ត្រូវ​បាន​សង្ឃឹម​យ៉ាងមុតមាំ​ថា នឹង​ក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ដោយ​នាំ​មក​នូវ​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ជា​វិជ្ជមាន​ដល់​អ្នក​ប្រើប្រាស់»។

លោក Phung Van Cuong មាន​ប្រសាសន៍​ថា៖ «ការ​ដែល​មាន​ក្រុមហ៊ន Mineski ជា​ដៃគូ វា​នឹង​ជួយ​មិត្តហ្វូនឱ្យ​ក្លាយ​ជា​ជម្រើស​ទី១ យ៉ាង​ឆាប់​រហ័ស សម្រាប់​បទពិសោធន៍​កីឡា​អេឡិចត្រូនិក ​នៅ​លើ​ទូរស័ព្ទ​ចល័ត​ក្នុងប្រទេស​កម្ពុជា»៕